ភ្នំពេញ៖ ប្រធានរដ្ឋសភា សម្ដេច ហេង សំរិន បានផ្ដាំឱ្យឯកអគ្គរាជទូតកម្ពុជាថ្មី៩រូប ត្រូវតម្កល់ផលប្រយោជន៍ជាតិជាធំ ជាពិសេសបកស្រាយ និងពន្យល់ពីស្ថានភាពកម្ពុជា ទៅកាន់អន្តរជាតិឱ្យបានយល់ច្បាស់ ខណៈដែលជនទុច្ចរិតកំពុងប្រើប្រាស់បច្ចេកវិទ្យា បំភ័ន្តសាធារណជន។
សម្ដេច ហេង សំរិន បានផ្ដាំឱ្យទូតកម្ពុជាដែលត្រូវបានតែងតាំងថ្មីទាំងនោះ ផ្សារភ្ជាប់ទំនាក់ទំនងការទូត ជាមួយប្រទេសជាមិត្តឱ្យបានល្អ ដើម្បីផលប្រយោជន៍ជាតិ។ ក្នុងជំនួបជាមួយបណ្ដាអង្គទូតកម្ពុជាថ្មី នៅថ្ងៃទី១ មិថុនានេះ ប្រធានរដ្ឋសភា បាននិយាយដូច្នេះថា៖«ត្រូវតម្កល់ប្រយោជន៍ជាតិជាធំ ទោះក្នុងកាលៈទេសៈណាក៏ដោយ។ ត្រូវរក្សា ការពារ និងលើកតម្លៃជាតិជានិច្ច នូវអត្តសញ្ញាណជាតិ សេចក្តីថ្លៃថ្នូរ ប្រពៃណីជាតិ និងវប្បធម៌ផូរផង់របស់ខ្មែរ និងត្រូវពង្រឹង ពង្រីកទំនាក់ទំនងមិត្តភាព សាមគ្គីភាព និងសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែប្រសើរ និងស្អិតល្មួតថែមទៀត ដើម្បីទាញយកផលប្រយោជន៍ សម្រាប់ប្រទេសជាតិ និងប្រជាជន»។
ក្រៅពីបង្កើនទំនាក់ទំនងនេះ ឯកអគ្គរាជទូតកម្ពុជា ក៏ត្រូវពន្យល់ពីស្ថានភាពកម្ពុជា ទៅកាន់អន្តរជាតិឱ្យបានច្បាស់ផងដែរ ខណៈមនុស្សមួយចំនួន បានប្រើប្រាស់បច្ចេកវិទ្យា បង្ខូចកេរ្តិ៍ឈ្មោះកម្ពុជា។ «ត្រូវពន្យល់ឱ្យបានច្បាស់លាស់ ក្នុងកាលទេសៈបច្ចេកវិទ្យាព័ត៌មាន វិវឌ្ឍន៍យ៉ាងឆាប់រហ័សក្នុងពេលបច្ចុប្បន្ន និងសភាពការណ៍តំបន់ និងពិភពលោកប្រែប្រួលឥតឈប់ឈរនេះ ឯកអគ្គរាជទូត ត្រូវមានភាពអន្តរសកម្មជានិច្ច ជាមួយឯកអគ្គរដ្ឋទូត-រាជទូត នៃបណ្តាប្រទេសនានា និងត្រូវក្តាប់ឱ្យបានច្បាស់នូវសភាពការណ៍ និងព័ត៌មាន ចំពោះទង្វើបំភ័ន្តមតិឯមហាជន អំពីការអនុវត្តលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស របស់កម្ពុជា ដែលមតិអគតិខាងក្រៅ តែងតែបំផ្លើសការពិត មកលើរាជរដ្ឋាភិបាលកម្ពុជា»។ នេះជាការបញ្ជាក់របស់សម្ដេច ហេង សំរិន។
សម្ដេច ក៏ជំរុញឱ្យឯកអគ្គរាជទូតទាំងអស់ ត្រូវយកចិត្តទុកដាក់ជួយសម្របសម្រួល និងដោះស្រាយបញ្ហានានារបស់ពលរដ្ឋខ្មែរ ឱ្យមានប្រសិទ្ធភាព និងទាន់ពេលវេលា ជាពិសេសក្នុងកាលៈទេសៈ នៃការរាតត្បាត នៃជំងឺកូវីដ-១៩ នេះ។
ឯកអគ្គរាជទូតកម្ពុជា ដែលត្រូវបានតែងតែងប្រចាំបណ្តាប្រទេសនានា រួមមានលោក កាន់ ផារិទ្ធ ប្រចាំចក្រភពអង់គ្លេស អៀរឡង់ ដាណឺម៉ាក ស៊ុយអែត ន័រវេស និងសាធារណរដ្ឋហ្វាំងឡង់ ដែលមាននិវេសនដ្ឋាននៅទីក្រុងឡុងដ៍។
លោក កេត សោផាន់ ឯកអគ្គរាជទូតខ្មែរប្រចាំប្រទេសបារាំង អ៊ីតាលី ព័រទុយហ្គាល់ ម៉ាល់តា អេស្បាញ បូរីក្សត្រអង់ដ័រ និងបូរីក្សត្រម៉ូណាកូ ដែលមាននិវេសដ្ឋាន នៅទីក្រុងប៉ារីស។ ដោយឡែកលោកស្រី ផែន សាវនី ឯកអគ្គរាជទូតខ្មែរប្រចាំសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ប៉ូឡូញ ឆែក ក្រូអាស៊ី និងហុងគ្រី ដែលមាននិវេសនដ្ឋាននៅទីក្រុងប៊ែកឡាំង។
ចំណែកលោក អ៊ីវ ហ៊ាង ឯកអគ្គរាជទូតខ្មែរប្រចាំឥណ្ឌូណេស៊ី និងទីម័រខាងកើត ដែលមាននិវេសនដ្ឋាននៅទីក្រុងហ្សាការតា។ លោក មាស គឹមហេង ឯកអគ្គរាជទូតខ្មែរប្រចាំតួកគី តាហ្ស៊ីគីស្ថាន អាស៊ែបៃហ្សង់ កាហ្សាក់ស្ថាន ហ្សកហ្ស៊ី និងកៀហ្ស៊ីស៊ីស្ថាន ដែលមាននិវេសដ្ឋាននៅទីក្រុងអង់ការ៉ា។ ជាមួយគ្នានេះ លោក តាន់ វុដ្ឋា ឯកអគ្គរាជទូតខ្មែរប្រចាំស៊ែប៊ី និងស្លូវេនី ដែលមាននិវេសនដ្ឋាននៅទីក្រុងប៊ែក្រាត។
រីឯលោក សុខ ខឿន ឯកអគ្គរាជទូតខ្មែរប្រចាំសិង្ហបុរី ។ លោកស្រី ថោង សុគន្ធារី ឯកអគ្គរាជទូតខ្មែរប្រចាំប្រទេសឡាវ និងលោក សៀង ប៊ុនវុធ ឯកអគ្គរាជទូតខ្មែរ ប្រចាំសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ៕