COVID-19
អន្តរជាតិ
COVID-19៖ ទោះ​អ្នកស្លាប់​និង​ឆ្លង​នៅតែ​ច្រើន បង់​ក្លា​ដែ​ស​សម្រេច​បើក​ប្រទេស​ឡើងវិញ​
01, Jun 2020 , 11:48 am        
រូបភាព
ក្រោយការប្រកាសដកហូតបញ្ជាបិទប្រទេស ក្នុងរដ្ឋធានី ដាហ្កា មនុស្សម្នាបានសម្រុកជិះរថភ្លើង ហើយចរាចរណ៍តាមដងផ្លូវផ្ដើមកកស្ទះឡើងវិញ (AFP)
ក្រោយការប្រកាសដកហូតបញ្ជាបិទប្រទេស ក្នុងរដ្ឋធានី ដាហ្កា មនុស្សម្នាបានសម្រុកជិះរថភ្លើង ហើយចរាចរណ៍តាមដងផ្លូវផ្ដើមកកស្ទះឡើងវិញ (AFP)
ដោយ:
​បង់​ក្លា​ដែ​ស បានសម្រេច​ដកហូត​ប​ទ​បញ្ជា​បិទ​ប្រទេស​ទប់ស្កាត់ COVID-19 កាលពី​ថ្ងៃទី ៣១ ខែឧសភា ដោយ​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​រាប់លាន​នាក់​ត្រលប់​ទៅធ្វើ​ការ​វិញ​ក្នុង​បណ្ដា​ទីក្រុង​ណែនណាន់តាន់តាប់​។ ការសម្រេចចិត្ត​នេះ ធ្វើឡើង​ទោះជា​បង់​ក្លា​ដែ​ស​បន្ត​រកឃើញ​ករណី​ឆ្លង​និង​ស្លាប់​ខ្ពស់​ដោយសារ​ជំងឺ​នេះ​ក្ដី​។

 
«​បទបញ្ជា​បិទ​ប្រទេស ត្រូវបាន​សម្រេច​ដកហូត ហើយ​យើង​កំពុង​ឆ្ពោះទៅរក​ជីវិត​ប្រក្រតី​របស់​យើង​វិញ​»​។ អ្នកនាំពាក្យ​នាយកដ្ឋាន​សុខាភិបាល​បង់​ក្លា​ដែ​ស អ្នកស្រី Nasima Sultana បញ្ជាក់​បែបនេះ ដោយ​ទទូច​ឲ្យ​ពលរដ្ឋ​ដែល​ត្រលប់​ទៅធ្វើ​ការ​វិញ ពាក់​ម៉ាស់ និង​រក្សា​គម្លាត​សុវត្ថិភាព​រវាង​បុគ្គល​និង​បុគ្គល​។​
 
​ការប្រកាស​ដកហូត​នេះ កើតឡើង​ខណៈ​ប្រទេស​បង់​ក្លា​ដែ​ស បាន​រាយការណ៍​ករណី​ឆ្លង​ខ្ពស់បំផុត​ប្រចាំថ្ងៃ កាលពី​ថ្ងៃទី​៣១ ខែឧសភា ជាមួយ​ករណី​ឆ្លង COVID-19 ថ្មី​ចំនួន​២៥៤៥​នាក់ និង​អ្នកស្លាប់ ៤០​នាក់​។ ប្រទេស​ក្នុង​តំបន់​អាស៊ី​ខាងត្បូង​នេះ កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន បានទទួល​កម្ចី​អាសន្ន​ជំងឺ​រាតត្បាត​សកល​ពី​មូលនិធិ​រូបិយ​បណ្ណ​អន្តរជាតិ (IMF) ។​
 
​ក្រោយ​ការប្រកាស​ដកហូត​បញ្ជា​បិទ​ប្រទេស ក្នុង​រដ្ឋធានី ដា​ហ្កា មនុស្សម្នា​បាន​សម្រុក​ជិះ​រថភ្លើង ហើយ​ចរាចរណ៍​តាម​ដងផ្លូវ​ផ្ដើម​កកស្ទះ​ឡើងវិញ​។ នោះ​ក៏​ព្រោះតែ​ពលរដ្ឋ​បង់​ក្លា​ដែ​ស​រាប់លាន​ត្រលប់​ទៅ​ប្រកបការងារ​ប្រចាំថ្ងៃ​ពួកគេ​វិញ​។ នេះ​គឺជា​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​រាប់លាន​នាក់​ទៅធ្វើ​ការ​វិញ ក្រោយ​ការ​រឹតត្បិត​រាប់​ខែ ដែល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សេដ្ឋកិច្ច​។ 
 
​ពលរដ្ឋ​បង់​ក្លា​ដែ​ស​ខ្លះ​បាន​ពាក់​ម៉ាស់​ស្រោមដៃ និង​ម៉ាស់ ខណៈ​ពួកគេ​ធ្វើដំណើរ​ទៅ​ការិយាល័យ​ពួកគេ ខណៈ​អ្នក​ដទៃទៀត បាន​អនុវត្ត​គម្លាត​សុវត្ថិភាព​នៅពេល​តម្រុង​ជួរ​ក្រៅ​សាខា​ធនាគារ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP ។ 
 
​ចំណែក​នៅ​ស្ថានីយ៍​នាវា​ចម្លង​ក្នុង​ទីក្រុង Barishal ភាគខាងត្បូង​នៃ​ទីក្រុង​ដា​ក្កា អ្នកដំណើរ​យ៉ាង​កុះករ​បាន​សម្រុក​ជិះ​ឆ្លងទន្លេ​ចូល​រដ្ឋធានី​។ អ្នកដំណើរ​ម្នាក់​ប្រាប់ AFP ថា​៖«​ខ្ញុំ​បាន​ព្យាយាម​ចៀសវាង​កន្លែង​មាន​មនុស្ស​ច្រើន នៅពេល​ខ្ញុំ​ដើរទៅ​ការិយាល័យ​ខ្ញុំ​។ ក៏ប៉ុន្តែ​ការរក្សា​គម្លាត​សុវត្ថិភាព គឺ​ពុំ​អាចទៅរួច​ដែល​ក្នុង​ទីក្រុង​ដា​ក្កា ដ៏​ណែនណាន់តាន់តាប់​»​។ 
 
​សូមបញ្ជាក់ថា ការ​រឹតត្បិត​នៃ​ការ​ចល័ត​ទប់ស្កាត់ COVID-19 ដែល​បានដាក់​កាលពី​ថ្ងៃទី​២៦ ខែមីនា ត្រូវបាន​ផ្ដើម​បន្ធូរបន្ថយ​ជា​បណ្ដើរៗ​ក្នុងពេល​ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ ខណៈ​គ្រឹះស្ថាន​អប់រំ​ប៉ុណ្ណោះ នៅ​បន្ត​បិទទ្វារ​។ មកទល់ពេលនេះ ប្រទេស​ដែលមាន​ប្រជាជន​សរុប​១៦៨​លាន​នាក់​នេះ បាន​រាយការណ៍​ករណី​ឆ្លង ៤៧១៥១​ករណី និង​ស្លាប់ ៦៥០​នាក់​៕ 
 


Tag:
 បង់​ក្លា​ដែ​ស​
  COVID-19
  បញ្ជា​បិទ​ប្រទេស​
© រក្សាសិទ្ធិដោយ thmeythmey.com