អន្តរជាតិ
ឥណ្ឌា​បណ្តេញ​មន្ត្រី​ស្ថានទូត​ប៉ា​គី​ស្ថាន ដោយ​ចោទ​ពីបទ​ចារកម្ម​
01, Jun 2020 , 2:15 pm        
រូបភាព
ទង់ជាតិឥណ្ឌា និងប៉ាគីស្ថាន។រូបភាពAFP
ទង់ជាតិឥណ្ឌា និងប៉ាគីស្ថាន។រូបភាពAFP
ដោយ:
​រដ្ឋាភិបាល​ឥណ្ឌា នៅ​ថ្ងៃទី​៣១ ខែឧសភា បាន​បណ្តេញ​មន្ត្រី​ស្ថានទូត​ប៉ា​គី​ស្ថាន​ចំនួន​២​រូប ​ប្រចាំ​រដ្ឋធានី​ញូ​ដេលីដោយ ​ចោទ​ពី​ការពាក់ព័ន្ធ​ក្នុង​សកម្មភាព​ចារកម្ម​។ នេះ​បើតាម​ការអះអាង​របស់ ក្រសួងការបរទេស​ឥណ្ឌា​។​ ការបណ្តេញ​មន្ត្រី​ស្ថានទូត​ប៉ា​គី​ស្ថាន​នេះ​ កាន់តែ​ធ្វើ​ឲ្យ​ទំនាក់ទំនង ​រវាង​ប្រទេសជិតខាង​គូសត្រូវ​នេះ តានតឹង​បន្ថែមទៀត​។​

 
«​រដ្ឋាភិបាល​បានប្រកាសថា មន្ត្រី​ទាំង​២​រូបនេះ ​ជា​បុគ្គល​មិន​ស្វាគមន៍ ​(persona non grata) ដោយបាន​ពាក់ព័ន្ធ​ទៅនឹង​សកម្មភាព ដែល​មិន​សក្តិ​សម​ទៅនឹង​លក្ខន្តិកៈ​ ជា​សមាជិក​នៃ​បេសកកម្ម​ការទូត​»​។ នេះ​ជា​សេចក្តី​ថ្លែង​ការណ៍ ​របស់​ក្រសួងការបរទេស​ឥណ្ឌា ដែល​ដកស្រង់​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន AFP ។ 
 
​យោងតាម​សេចក្តីថ្លែងការណ៍ មន្ត្រី​ទាំង​២​រូប​ខាងលើ​ត្រូវ​ចាក​ចេញពី​ឥណ្ ឌា​ក្នុង​រយៈពេល​២៤​ម៉ោង​។ ចំណែកឯ​ក្រសួងការបរទេស​ប៉ា​គី​ស្ថាន​វិញ បាន​ប្រឆាំង​យ៉ាងខ្លាំង​ក្លា​ ចំពោះ​សកម្មភាព​ដែល​បាន​ចោទប្រកាន់​ខាងលើ ​ទៅកាន់​ឧបការី​ស្ថានទូត​របស់ខ្លួន​។ ក្រសួងការបរទេស​ប៉ា​គី​ស្ថាន​បាន​អះអាងថា ប៉ា​គី​ស្ថាន ​ប្រឆាំង​យ៉ាងខ្លាំង​ក្លា​ ចំពោះ​ការចោទប្រកាន់​ដែល​គ្មាន​មូលដ្ឋាន និង​ចាត់ទុកថា ​ជាការ​បំពាន​លើ​អនុសញ្ញា​ក្រុង​វី​យែ​ន​ឆ្នាំ​១៩៦១ ស្តីពី​ទំនាក់ទំនង​ការទូត ក្នុង​បរិយាកាស​ការទូត​ដែល​កំពុងអួ​អាប់​ស្រាប់​។ 
 
​លើសពីនោះ ប៉ា​គី​ស្ថាន​ បាន​កោះហៅ​ភារធារី​ឥណ្ឌា ​ទៅ​តវ៉ា​ចំពោះ​ការបណ្តេញ​មន្ត្រី​របស់ខ្លួន​។​
 
​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំងពីរ ​កាន់តែ​តាន់តឹង​បន្ថែម​មួយកម្រិត​ទៀត ក្រោយ​ការបណ្តេញ​មន្ត្រី​ប៉ា​គី​ស្ថាន​ទាំង​២​រូប​នេះ​។ តាំងតែ​ពី​បាន​ឯករាជ្យ​ពី​អង់គ្លេស​ ក្នុង​ឆ្នាំ​១៩៤៧ ឥណ្ឌា និង​ប៉ា​គី​ស្ថាន​ បានធ្វើ​សង្គ្រាម​ជាមួយគ្នា​ចំនួន​បី​ដង ដោយ​ក្នុងនោះ​ពីរដង​ លើ​ការកាន់កាប់​តំបន់​កា​ស្មៀ​រ​។ 
 
​តំបន់​កា​ស្មៀ​រ​នេះហើយ​ ដែលជា​ប្រភព​នៃ​ភាព​តានតឹង​ រវាង​ប្រទេស​ទាំង​២​ក្នុងពេល​ថ្មីៗ​នេះ​។ ជាក់ស្តែង​ប្រទេស​ទាំង​២​ បាន​ប៉ះទង្គិច​គ្នា​ផ្លូវអាកាស កាលពី​ខែកុម្ភៈ​ឆ្នាំ​២០១៩​។ ចំណែកឯ​កាលពី​ខែសីហា ឆ្នាំ​២០១៩ ឥណ្ឌា​បានសម្រេច​ដកហូត​លក្ខ​ន្តិ​កៈពាក់​កណ្តាល​ស្វ័យ​យ័​ត ​ពី​តំបន់​ខាងលើ ដែលមាន​ប្រជាជន​មួយ​ភាគ​ធំ​ជា​មូស្លីម និង​ដាក់​បម្រាម​គោចរ​។​
 
​ក្រៅ​តែ​ជម្លោះ​ជាមួយ​ប៉ា​គី​ស្ថាន ឥណ្ឌា​ក៏មាន​ជម្លោះ​ជាមួយ​ប្រទេសជិតខាង​ដទៃទៀត ​ដូចជា​ចិន និង​នេ​ប៉ាល់​ផងដែរ​។ ហើយ​ថ្មីៗ​នេះ ឥណ្ឌា​បាន​បដិសេធ​ការចូល​ខ្លួន ​ធ្វើជា​អ្នកសម្របសម្រួល ​របស់​លោក​ដូ​ណា​ល់​ត្រាំ ប្រធានាធិបតី​អាមេរិក​ លើ​ជម្លោះព្រំដែន​ប្រវែង​៣,៥០០ គីឡូម៉ែត្រ​ជាមួយ​ចិន​៕

© រក្សាសិទ្ធិដោយ thmeythmey.com