COVID-19
អន្តរជាតិ
ប្រមុខ​ការទូត​អាមេរិក​ចាត់ទុក​ឥណ្ឌា ជប៉ុន កូរ៉េខាងត្បូង និង​អូស្ត្រាលី​ជា​ដៃគូ​ល្អ​ប្រឆាំង​ការ​គំរាម​របស់​ចិន​
01, Jun 2020 , 9:19 pm        
រូបភាព
រដ្ឋមន្រ្តីការបរទេសកូរ៉េខាងត្បូង អាមេរិក និងជប៉ុនចាប់ដៃគ្នាមុនជំនួបកន្លងមក។ រូបភាព AFP
រដ្ឋមន្រ្តីការបរទេសកូរ៉េខាងត្បូង អាមេរិក និងជប៉ុនចាប់ដៃគ្នាមុនជំនួបកន្លងមក។ រូបភាព AFP
​រដ្ឋមន្ត្រីការបរទេស​អាមេរិក ម៉ៃ ប៉ុ​ម​ប៉េ​អូ បាន​និយាយ​នៅ​ថ្ងៃទី​៣០ ខែឧសភា ថា ប្រទេស​ជា​មិត្ត​របស់​អាមេរិក​នៅ​អាស៊ី​មាន​កូរ៉េខាងត្បូង ជប៉ុន និង​ឥណ្ឌា និង​នៅ​អឺរ៉ុប​ជាដើម គឺជា​ដៃគូ​ល្អ​ក្នុង​ការការពារ​គុណ​តម្លៃ​លោកខាងលិច​ប្រឆាំងនឹង​ការគំរាមកំហែង​របស់​ចិន​។ ការលើកឡើង​នេះ ស្ថិតក្នុង​យុទ្ធនាការ​របស់​រដ្ឋបាល​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ក្នុងការ​ទប់ទល់​ឥទ្ធិពល​ចិន​ដែល​កំពុងតែ​កើនឡើង​។​

 
​ឥណ្ឌា កូរ៉េខាងត្បូង ជប៉ុន និង​អូស្ត្រាលី គឺជា​សម្ព័ន្ធមិត្ត​ជិតស្និទ្ធ​របស់​អាមេរិក​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​។ សម្រាប់​ប្រមុខ​ការទូត​អាមេរិក ម៉ៃ ប៉ុ​ម​ប៉េ​អូ ប្រទេស​ទាំងនេះ ជា​ដៃគូ​ដ៏​ល្អ​សម្រាប់​អាមេរិក​ក្នុង​ការជួយ​ការពារ​គុណ​តម្លៃ​បស្ចិមប្រទេស​ទល់នឹង​ការ​គំរាម​របស់​ចិន​កុម្មុយនីស្ត​។ មិនមែនជា​សម្ព័ន្ធមិត្ត​អាស៊ី​ឡើយ ប្រេ​ស៊ី​ល​នៅ​អាមេរិក​ខាងត្បូង និង​អឺរ៉ុប ក៏ត្រូវ​បាន​លោក ប៉ុ​ម​ប៉េ​អូ ចុច​ឈ្មោះ​ក្នុង​បញ្ជី​ប្រទេស​ដែល​អាមេរិក​អាច​ពឹងពាក់​បានដែរ​។​
 
«​និយាយ​ពី​ការ​ជឿនលឿន​ផ្នែក​យោធា​របស់​បក្ស​កុម្មុយនីស្ត​ចិន យើង​អាច​ធ្វើជា​ដៃគូ​ល្អ​ជាមួយ​សម្ព័ន្ធមិត្ត​ចាប់ពី​ឥណ្ឌា អូស្ត្រាលី កូរ៉េខាងត្បូង ជប៉ុន ប្រេ​ស៊ី​ល អឺរ៉ុប និង​ប្រទេស​ដទៃទៀត​។ យើង​អាចជា​ដៃគូ​ល្អជា​មួយ​ពួកគេ និង​ធានាថា សតវត្សរ៍​បន្ទាប់ នៅតែ​ជា​ពេលវេលា​របស់​គុណ​តម្លៃ​លោកខាងលិច​ដែលមាន​សេរីភាព​នៅ​អាមេរិក​ជា​គំរូ​។​» នេះ​ជាការ​អះអាង​របស់លោក ប៉ុ​ម​ប៉េ​អូ ក្នុង​កិច្ច​សម្ភាស​ជា​មូ​យ​ទូរទស្សន៍ Fox News នៅ​ថ្ងៃទី​៣០ ខែឧសភា​។ 
 
​ការលើកឡើង​របស់លោក ប៉ុ​ម​ប៉េ​អូ ធ្វើឡើង​មួយថ្ងៃ​ក្រោយ​លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បង្ហើប​គម្រោង​អញ្ជើញ​ប្រទេស​មាន​សេដ្ឋកិច្ច​ជឿនលឿន​ដូចជា​កូរ៉េខាងត្បូង ជប៉ុន និង​ឥណ្ឌា​ឲ្យ​ចូលរួម​ក្នុង​កិច្ចប្រជុំ​ប្រទេស​ឧស្សាហកម្ម​រីកចម្រើន​ទាំង​៧ (G7)​។ ខណៈ​លោក ត្រាំ មិន​ផ្ដល់ព័ត៌មាន​លម្អិត​ពី​ការអញ្ជើញ​នេះ អ្នកនាំពាក្យ​សេត​វិមាន​និយាយថា ជំនួប​ដែល​លោក​ប្រធានាធិបតី​ចង់បាន​នោះ នឹង​ផ្ដោតលើ​ប្រធានបទ​ចិន​។​
 
​ជំងឺ COVID-19 ក្លាយជា​បញ្ហា​រសើប​មួយទៀត​ដែល​អាមេរិក​ប្រើប្រាស់​ដើម្បី​វាយប្រហារ​ចិន​បន្ថែម​ពីលើ​បញ្ហា​ពាណិជ្ជកម្ម​ដែល​លោក ត្រាំ បញ្ឆេះ​កាលពី​ឆ្នាំ​២០១៨ ។ ដោយ​គិតគូរ​ពី​សម្ដី​មន្ត្រី​អាមេរិក​កន្លងមក ទីក្រុង​វ៉ាស៊ីនតោន ទំនងជា​ប្រមូល​កម្លាំង​ប្រទេស​មហាអំណាច ដើម្បី​តទល់​ឥទ្ធិពល​បក្ស​កុម្មុយនីស្ត​ចិន ដែល​លោក ប៉ុ​ម​ប៉េ​អូ បាន​និយាយ​ក្នុង​កិ​ច​សម្ភាស​ខាងលើ ថា មាន​ចេតនា​ចង់ឃើញ​គុណ​តម្លៃ​លោកខាងលិច​ត្រូវបាន​បំផ្លាញ​។​
 
​យ៉ាងណាមិញ សម្ព័ន្ធមិត្ត​អាមេរិក​ខាងលើ ក៏មាន​ទំនាក់ទំនង​ពាណិជ្ជកម្ម​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ចិន​ផងដែរ​។ ការអូសទាញ​របស់​អា​មេ​រិ​ក​ដើម្បី​វាយប្រហារ​ចិន ទំនងជា​បង្ក​ក្ដីបារម្ភ​ខ្លាំង​សម្រាប់​កូរ៉េខាងត្បូង ជប៉ុន ប្រេ​ស៊ី​ល និង​ឥណ្ឌា​ជាដើម​។ ម្ខាង​គឺជា​សម្ព័ន្ធមិត្ត​ផ្នែក​សន្តិសុខ និង​ការទូត ឯ​ម្ខាង​ទៀត​ជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏​សំខាន់​៕ 
 
 

Tag:
 ចិន​
  អាមេរិក​
  ម៉ៃ ប៉ុ​ម​ប៉េ​អូ
© រក្សាសិទ្ធិដោយ thmeythmey.com