​ឧ​ស្សហកម្ម​យានយន្ត​ថៃ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ចេញ​វិធានការ​ស្រោចស្រង់​
រថយន្ត
អន្តរជាតិ
​ឧ​ស្សហកម្ម​យានយន្ត​ថៃ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ចេញ​វិធានការ​ស្រោចស្រង់​
01, Jun 2020 , 7:39 pm        
រូបភាព
លោក Surapong Paisitpatanapong អ្នកនាំពាក្យ FTI ។ រូបថត mcot
លោក Surapong Paisitpatanapong អ្នកនាំពាក្យ FTI ។ រូបថត mcot
ដោយ: ធីតា
​សហព័ន្ធ​ឧស្សាហកម្ម​ថៃ (FTI) បានទាមទារ​ទៅ​រដ្ឋាភិបាល ផ្តល់ជំនួយ​គាំទ្រ​ដល់​ឧស្សាហកម្ម​យានយន្ត ក៏ដូចជា​ខ្សែចង្វាក់​ផ្គត់ផ្គង់​ពាក់ព័ន្ធ​នានា ដើម្បី​ស្រោចស្រង់​វិស័យ​មួយ​នេះ​កុំ​ឲ្យ​ដួលរលំ​។ នេះ​បើ​យោងតាម​ការផ្សាយ​របស់​កាសែត បាងកក ប៉ុស្តិ៍ នៅ​ថ្ងៃទី​១ ខែមិថុនា ឆ្នាំ​២០២០​។​


​លោក Surapong Paisitpatanapong អ្នកនាំពាក្យ FTI បាន​លើកឡើងថា ឧស្សាហកម្ម​យានយន្ត​នៅ​ថៃ បន្ត​រង់ចាំ​វិធានការ​រដ្ឋាភិបាល ដើម្បី​ជួយ​ស្រោចស្រង់ ខណៈ​សំណើរ​សុំ​កាត់​បន្ថយពន្ធ​៥០​ភាគរយ ដើម្បី​បង្កើន​ការលក់​រថយន្ត ត្រូវបាន​ច្រានចោល​រួច​ម្តង​ទៅហើយ​។​
 
«​យើង​មានការ​ព្រួយបារម្ភ​យ៉ាងខ្លាំង​អំពី​វិស័យ​យានយន្ត និង​ខ្សែចង្វាក់​ផ្គត់ផ្គង់ ព្រោះ​វិស័យនេះ ក៏ដូចជា​ផ្នែក​អេឡិចត្រូនិក កំពុង​ប្រឈម​នឹង​ការដួលរលំ​»​។ លោក Surapong លើកឡើង​យ៉ាង​ដូច្នេះ ដោយ​មិនទាន់មាន​ការឆ្លើយតប​ណាមួយ​ឡើយ​ពី​រដ្ឋាភិបាល​។​
 
​កន្លងមក FTI បានផ្តល់​អនុសាសន៍​៣​ទៅ​រដ្ឋាភិបាល ក្នុងនោះ មានការ​កាត់​បន្ថយពន្ធ​៥០​ភាគរយ​រហូតដល់​ចុងឆ្នាំ ពាណិជ្ជកម្ម​រថយន្ត​ដែល​ទទួលបាន​១​សែន​បាត​ពីរ​ដ្ឋ និង​ការពន្យា​ពេល​អនុវត្ត​ស្តង់ដារ​បំ​ភាយ​ឧស្ម័ន Euro 5 រហូតដល់​ចប់ COVID-19​។​
 
​តាម​ទិន្នន័យ​របស់ FTI ផលិតកម្ម​រថយន្ត​មានការ​ថយចុះ​យ៉ាងខ្លាំង​នៅ​ឆ្នាំនេះ ដោយ​រយៈពេល​៤​ខែ​ដំបូង ថៃ ផលិត​បាន​៤៧៨ ៣៩៣​គ្រឿង ពោលគឺ​មានការ​ថយចុះ ៣២.៨​ភាគរយ ក្នុង​រយៈពេល​ដូចគ្នា កាលពី​ឆ្នាំមុន​៕

© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម