កីឡាអន្តរជាតិ
អន្តរជាតិ
Hamilton រិះគន់​ស្ថាប័ន F1 ដែល​ស្ងាត់​មាត់​ជុំវិញ​មរណភាព George Floyd
01, Jun 2020 , 9:59 pm        
រូបភាព
Lewis Hamilton កំពូល​កីឡាករ​ប្រណាំង​រថយន្ត Formula One បាន​រិះគន់​ស្ថាប័ន F1 ចំពោះ​ភាព​ស្ងៀមស្ងាត់​ជុំវិញ​ការស្លាប់​របស់​បុរស​ស្បែក​ខ្មៅ George Floyd ពី​សប្តាហ៍​មុន​។ មរណភាព​របស់ George បង្ក​ឲ្យ​មាន​កំហឹង និង​ការតវ៉ា​ដ៏​ឃោ​ឃៅ​នៅ​សហរដ្ឋអាមេរិក​។​


Hamilton ម្ចាស់​ជើងឯក F1 ពិភពលោក និង​ជា​អ្នក​ប្រណាំង​ស្បែក​ខ្មៅ​ដំបូង​គេ​ដែល​ឈ្នះ​ការប្រណាំង​ប្រចាំ​រដូវ​កាល​៦​ជំនាន់ បាន​ចំណាយពេល​ច្រើន​នៅ​ទឹកដី​អាមេរិក និង​រៀបរាប់​អំពី​បញ្ហា​រើសអើង​ជាតិ​សាសន៍​នេះ​លើ​បណ្តាញ​សង្គម Instagram នៅ​ថ្ងៃទី​៣១ ខែឧសភា​។​
 
​អ្នក​ប្រណាំង​ជនជាតិ​អង់គ្លេស​ដែល​បើកបរ​ឲ្យ Mercedes រូបនេះ​បានសរសេរថា​៖« ខ្ញុំ​បានឃើញ​អ្នក​ដែល​នៅ​ស្ងៀម អ្នកខ្លះ​ដែលជា​តារា​ល្បីៗ​ក្នុង​ស្ថាប័ន F1 ប៉ុន្តែ​នៅតែ​ស្ងៀម​បើទោះបី​មាន​ភាពអយុត្តិធម៌​បែបនេះ​កើតឡើង​ក៏ដោយ​»​។​
 
Hamilton បន្ថែមថា នេះ​មិនមែន​សំដៅលើ​អ្នកណាម្នាក់​នៅក្នុង​ឧស្សាហកម្ម​កីឡា​ប្រណាំង​ឡាន​ដែលមាន​អ្នកគ្រប់គ្រង​ជា​ជនជាតិ​ស្បែក​ស​នោះទេ​។ ប៉ុន្តែ Hamilton ចង់​បង្ហាញថា ខ្លួន​ជាម​នុស្ស​តែ​ម្នាក់​គត់​ដែលមាន​ស្បែក​ខ្មៅ​នៅ F1​។​
 



​ម្ចាស់​ជើងឯក F1 ឆ្នាំ​២០១៩ រិះគន់​អ្នក​គ្រប់គ្នា​ក្នុង​ស្ថាប័ន​លំដាប់​ពិ​ភល​លោក​មួយ​នេះ ថា ពួកគេ​មិន​ខ្វល់​អ្វី​ឡើយ​បើ​ទោះ​ភាពអយុត្តិធម៌​បែប​រើសអើង​ពូជសាសន៍​បានកើត​ឡើងលើ​បុរស​ជនជាតិ​ស្បែក​ខ្មៅ ដែល​ល្បី​ស្ទើរ​ជុំវិញ​ពិភពលោក​ទៅហើយនោះ​។​
 
​សូម​រម្លឹកថា បុរស​ស្បែក​ខ្មៅ George Floyd បាន​ស្លាប់ ក្រោម​ស្នាដៃ​ប៉ូលិស​ស្បែ​កស​ឈ្មោះ Derek Chauvin ដែល​ប្រើ​ជង្គង់​សង្កត់ ក ផ្ទប់​ទៅនឹង​ដី​អស់​រយៈពេល​ជិត​៩​នាទី​។ ករណីនេះ បានកើត​ឡើង​នៅ​ក្រុង Minneapolis រដ្ឋ​មី​នី​សូ​តា សហរដ្ឋអាមេរិក កាលពី​ថ្ងៃទី​២៥ ខែឧសភា បន្ទាប់ពី​បុគ្គលិក​ហាង​ទំនិញ​ម្នាក់ បាន​ទូរ​សព្ទ​រាយការណ៍​ទៅ​ប៉ូលិស​ថា George បាន​យកលុយ​ក្លែងក្លាយ​២០​ដុល្លារ ទិញ​ទំនិញ​នៅ​ហាង​របស់ខ្លួន​។​
 
​ការតវ៉ា​ទាមទារ​រក​យុត្តិធម៌​ឲ្យ George ក៏បាន​រាលដាល​កាន់តែខ្លាំង​ដោយ​ប្រែ​ពី​ចលនា​បាតុកម្ម​ទៅជា​កុបកម្ម​នៅតាម​បណ្តា​ក្រុង​នានា​នៅ​អាមេរិក ដោយ​ក្រុមអ្នកតវ៉ា នាំគ្នា​បំផ្លាញ ហាង​ទំនិញ ប៉ុស្តិ៍​ប៉ូលិស និង​ការដុត​បំផ្លាញ​ទីតាំង​មួយចំនួន​ផង ហើយ​ក្នុងនោះ ក៏មាន​ជន​ឆ្លៀតឱកាស​មួយចំនួន​លួច​ឥ​វ៉ាន់​ពី​ក្នុង​ហាង​ទៀតផង​។​
 
​ក្រោយ​មាន​បញ្ហា​កុប្បកម្ម​កើតឡើង Hamilton បាន​អះអាងថា រូបគេ​មិន​គាំទ្រ​ឲ្យ​មានការ​លួច និង​តវ៉ា​រហូត​ដុត​អគារ​ទាំង​នោះទេ ប៉ុន្តែ​អ្នក​ដែល​កំពុង​តវ៉ា​ដោយ​សន្តិវិធី​គឺ​គាំទ្រ​ពេញទំហឹង​៕
 

Tag:
 Lewis Hamilton
  George Floyd
  Formula One
© រក្សាសិទ្ធិដោយ thmeythmey.com