COVID-19
អន្តរជាតិ
COVID-19៖ ជប៉ុនពិចារណាបើកទ្វារទទួលបរទេសពីថៃ វៀតណាម អូស្ត្រាលី និងនូវែលសេឡង់ មនុស្សម្នាពាក់ម៉ាស់ ដើរនៅសង្កាត់មួយកន្លែង មួយថ្ងៃក្រោយរដ្ឋាភិបាលដកហូតការប្រកាសអាសន្នរដ្ឋ ក្នុងទីក្រុង តូក្យូ នៅថ្ងៃទី២៦ ខែឧសភា -ប្រភពរូប៖ Reuters
× រដ្ឋាភិបាលជប៉ុន កំពុងពិចារណាបើកព្រំដែនខ្លួនឡើងវិញសម្រាប់អ្នកដំណើរបរទេសមកពីបណ្ដាប្រទេសដែលបានជ្រើសរើស ដោយផ្អែកលើកម្រិតឆ្លងCOVID-19ទាប ។ ផែនការនេះ ត្រូវបានលើកឡើងខណៈប្រទេសជប៉ុនផ្ដើមបន្ធូរបន្ថយការរឹតត្បិតដែលបានដាក់ដើម្បីទប់ស្កាត់COVID-19។
ខណៈសាលារៀន រោងកុន ក្លិបកីឡា និងហាងទំនិញនានា បានបើកទ្វារឡើងវិញក្នុងទីក្រុង តូក្យូ កាលពីថ្ងៃទី ១ ខែមិថុនា ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកជប៉ុន បានរាយការណ៍ថា រដ្ឋាភិបាលក៏កំពុងរៀបចំផែនការអនុញ្ញាតឲ្យអ្នកដំណើរមកពីប្រទេស ថៃ វៀតណាម អូស្ត្រាលី និងនូវែលសេឡង់ ចូលក្នុងប្រទេសក្នុងពេលប៉ុន្មានខែខាងមុខផងដែរ។
កាសែតជប៉ុន Asahi Shimbun ដែលស្រង់ប្រភពមិនបញ្ចេញឈ្មោះ បានចុះផ្សាយថា រដ្ឋាភិបាលជប៉ុន កំពុងពិចារណាអនុញ្ញាតឲ្យអ្នកធុរកិច្ចបរទេសមកពីប្រទេសចំនួន៤ចូលក្នុងប្រទេសជប៉ុន ប្រសិនបើពួកគេមានលទ្ធផលតេស្ត COVID-19 អវិជ្ជមាន សម្រាប់ការធ្វើតេស្ត២ដងដាច់ដោយឡែកពីគ្នា អំឡុងពេលដំណើរពួកគេចេញពីប្រទេសកំណើត និងទៅដល់ប្រទេសជប៉ុន។
កាលណាត្រូវអនុញ្ញាតឲ្យចូលប្រទេស ការចល័តរបស់អ្នកដំណើរបរទេសទាំងនេះ នឹងត្រូវរឹតត្បិតតែសម្រាប់តំបន់ ដូចជា កន្លែងស្នាក់នៅ ការិយាល័យក្រុមហ៊ុន និងរោងចក្រ ជាដើម។ កាសែតដដែលបញ្ជាក់បែបនេះ ដោយបន្ថែមថា ការប្រើមធ្យោបាយធ្វើដំណើរសាធារណៈ នឹងត្រូវហាមឃាត់។
តាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters គេពុំទាន់ទទួលការឆ្លើយតបណាភ្លាមៗណាមួយពាក់ព័ន្ធរឿងនេះពីក្រសួងការបរទេសជប៉ុននៅឡើយទេ។
គិតត្រឹមថ្ងៃទី១ ខែមិថុនា ប្រទេសជប៉ុន មានករណីឆ្លងCOVID-19សរុប ១៧ ០០០ករណី និងស្លាប់ ៩០០នាក់។ ហើយចាប់តាំងពីខែកុម្ភៈ រដ្ឋាភិបាលជប៉ុនបានដាក់បម្រាមការមកដល់ពីសំណាក់ជនបរទេស ក្នុងគោលដៅទប់ស្កាត់ការរាលរាលជំងឺCOVID-19ពីប្រទេសក្រៅ៕
Tag:
ជប៉ុន
COVID-19
ព្រំដែន
© រក្សាសិទ្ធិដោយ thmeythmey.com