COVID-19
អន្តរជាតិ
ប្ដី​ប្រពន្ធ​ស្រីលង្កា​១​គូ​ទៅ​ក្រេបទឹក​ឃ្មុំ​នៅ​សិង្ហ​បុរី បែរ​ជាប់គាំង​២​ខែ​ព្រោះ COVID-19
01, Jun 2020 , 10:39 pm        
រូបភាព
ប្រភពរូប៖ ទូរទស្សន៍សិង្ហបុរី Channel News Asia
ប្រភពរូប៖ ទូរទស្សន៍សិង្ហបុរី Channel News Asia
ដោយ:
​ក្នុងពេល​ត្រឹម​មួយខែ ប្ដី​ប្រពន្ធ​ស្រីលង្កា​មួយគូ ស្ទើរ​ប្រែក្លាយ​ពី​អ្នក​ក្រេបទឹក​ឃ្មុំ​ទៅជា​អ្នក​គ្មាន​ផ្ទះសម្បែង​។ គ្មាន​កន្លែង​ជ្រកកោន ហើយ​លុយ​សល់​ត្រឹម​ជាង​១៤​ដុល្លារ​ក្នុង​ហោប៉ៅ ប្ដី​ប្រពន្ធ​មួយគូ ដែល​ប្ដី​ឈ្មោះ Brahim Casseem និង​ភរិយា​ឈ្មោះ Dilka Dilukshi ទ្រាំ​រស់​យ៉ាង​លំបាកលំបិន​។​

 
«​វា​គឺជា​ស្ថានភាព​ដ៏​លំបាក​បំផុត​មួយ ព្រោះ​យើង​ពុំមាន​វិធី​អ្វី​ផ្សេង​ទៀតឡើយ​» ។ លោក​Casseem វ័យ​៣០​ឆ្នាំ បញ្ជាក់​បែបនេះ ដោយ​បន្ថែមថា​៖«​យើង​ពុំ​ដឹងថា​នរណា​ នឹង​ជួយ​ពួកយើង​ឡើយ​។ ដូច្នេះ​យើង​ពុំមាន​ជម្រើស​អ្វី ក្រៅពី​ដេក​តាម​ចិញ្ចើមផ្លូវ​»​។ 
 
​តាម​ការចុះផ្សាយ​របស់​ទូរទស្សន៍​សិង្ហ​បុរី Channel News Asia នៅ​ថ្ងៃទី​១ ខែមិថុនា ប្ដី​ប្រពន្ធ​ជនជាតិ​ស្រីលង្កា​មួយគូ​នេះ បាន​ទៅដល់​ប្រទេស​សិង្ហ​បុរី កាលពី​ថ្ងៃទី​១១ ខែមីនា​សម្រាប់​គម្រោង​ក្រេបទឹក​ឃ្មុំ​រយៈពេល​២​សប្តាហ៍​។ កាលនោះ សិង្ហ​បុរី​មាន​ករណី​ឆ្លង COVID-19 តិចជាង​២០០​ករណី​ប៉ុណ្ណោះ​។​
 
​លោក Casseem បញ្ជាក់ថា លោក ​និង​ភរិយា​ជ្រើសរើស​សិង្ហ​បុរី ព្រោះ​ពួកគេ​ពុំ​ត្រូវការ​មាន​ទិដ្ឋាការ​ទេសចរណ៍​ ដើម្បី​ចូលទៅ​កាន់​ប្រទេស​នេះឡើយ​។ លោក​បន្តថា​៖«​យើង​ដឹង​អំពី​កូ​រ៉ូ​ណាវី​រុស តែ​យើង​គិតថា ​វា​នឹងមិន​ទៅជា​អាក្រក់​ខ្លាំង​បែបនេះ​ទេ​។ ក្នុងប្រទេស​ស្រីលង្កា វា​គ្មាន​ព័ត៌មាន​ពាក់ព័ន្ធ​ជំងឺ COVID-19 ឡើយ​ពេលនោះ ហើយ​យើង​ដឹង​ព័ត៌មាន​តែ​ស្ត្រី​ចិន​ម្នាក់​ក្នុង​ស្រីលង្កា​ប៉ុណ្ណោះ​»​។​
 
​ប្ដី​ប្រពន្ធ​មួយគូ​នេះ បាន​សន្សំ​ប្រាក់​សម្រាប់​ដំណើរ​ក្រេប​ទឹកឃ្មុំ​២​សប្តាហ៍​នេះ​។ ថ្លៃ​សំបុត្រ​យន្តហោះ​សរុប ស្មើ ៤៣៤ ដុល្លារ ហើយ​ពួកគេ​ក៏​យក​ថ្លៃ​សម្រាប់​ចំណាយ​ជាង​៧១១​ដុល្លារ​ផងដែរ​។ 
 
​ពេលទៅដល់​ប្រទេស​សិង្ហ​បុរី លោក Casseem និង​អ្នកស្រី Dilukshi ទើប​ដឹងខ្លួន​ថា បញ្ហា​ជំងឺ COVID-19 ពុំ​ស្ថិតនៅ​ស្ថានភាព​ល្អប្រសើរ​ដូច​ពួកគេ​គិត​ឡើង​។ ប្ដី​ប្រពន្ធ​ទាំងពីរ​នាក់ ត្រូវបាន​អាជ្ញាធរ​ប្រាប់​ឲ្យ​ទៅ​ស្នាក់នៅ​ទី​តាំំ​ង​រឹតត្បិត​ការ​ដើរហើរ​មួយកន្លែង ដោយ​រង់ចាំ​តាមដាន​ស្ថានការណ៍ COVID-19 នៅ​សិង្ហ​បុរី​។ 


 
​ជិត​ដល់​ថ្ងៃ​បញ្ចប់​ដំណើរ​កម្សាន្ត​២​សប្តាហ៍​ពួកគេ​នៅ​សិង្ហ​បុរី ប្ដី​ប្រពន្ធ​មួយគូ​នេះ ទទួលបាន​ព័ត៌មាន​ថា ប្រទេស​ស្រីលង្កា​បាន​អនុវត្ត​បទបញ្ជា​បិទ​ប្រទេស​។ ជើងហោះហើរ​ត្រលប់​ទៅផ្ទះ​ពួកគេ ត្រូវបាន​លុបចោល​។ យ៉ាងណាមិញ អ្នក​ទាំងពីរ​រក្សា​គំនិត​វិជ្ជមាន ព្រោះ​ពួកគេ​នៅសល់​ប្រាក់​ខ្លះ និង​ក្នុង​គណនី​សន្សំ​ជាង​៣០០​ដុល្លារ​ទៀត​។ បុរស​ជា​ប្ដី និយាយថា​៖«​យើង​គិតថា​ក្នុងពេល​១​ខែ យើង​នឹង​អាច​ចាកចេញ​ទៅផ្ទះ​វិញ ព្រោះ​ស្ថា​នការណ៍ COVID-19 នៅ​ស្រីលង្កា​នឹង​ល្អប្រសើរ ហើយ​ព្រលានយន្តហោះ​នឹង​បើក​ឡើងវិញ​»​។​
 
​ក៏ប៉ុន្តែ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ ប្តី​ប្រពន្ធ​មួយគូ​នេះ យល់ឃើញថា ពួកគេ​ប្រហែល​ជាប់គាំង​ក្នុងប្រទេស​សិង្ហ​បុរី​រយៈពេល​យូរ​ជាង​ពួកគេ​បាន​រំពឹងទុក​។ ពួកគេ​បាន​ទាក់ទង​សុំ​ជំនួយ​ពី​មន្ត្រី​ស្រីលង្កា​។ គ្រួសារ​ពួកគេ​នៅ​ប្រទេស​ស្រីលង្កា កាន់តែ​ខ្វល់ខ្វាយ​ចិត្តជា​ខ្លាំង តែ​ពុំ​អាចជួយ​អ្វី​បានឡើយ​។ 
 
​ចុងក្រោយ ពួកគេ​ត្រូវបាន​ជួយ​ជ្រោមជ្រែង​ដោយ​អង្គការក្រៅរដ្ឋាភិបាល​មួយ​។ បច្ចុប្បន្ន​ពួកគេ​កំពុង​សម្រាក​នៅ​សណ្ឋាគារ​មួយកន្លែង​ក្នុងប្រទេស​សិង្ហ​បុរី ខណៈ​រង់ចាំ​ជើងហោះហើរ​ត្រលប់​ទៅផ្ទះ​ពួកគេ​វិញ​។ បើតាម​ទូរទស្សន៍ Channel News Asia ប្ដី​ប្រពន្ធ​ទាំងពីរ​នាក់​នេះ សង្ឃឹម​នឹង​ត្រលប់​ទៅផ្ទះ​តាម​ជើងហោះហើរ​មួយ នា​ថ្ងៃទី​២ ខែមិថុនា​៕
 

Tag:
 ស្រីលង្កា​
  សិង្ហ​បុរី​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com