COVID-19
អន្តរជាតិ
កូរ៉េខាងជើង​ដែល​អះអាងថា គ្មាន​ករណី​ឆ្លង COVID-19 បើក​សាលារៀន​ឡើងវិញ​
02, Jun 2020 , 7:59 am        
រូបភាព
ក្មេងៗជនជាតិកូរ៉េខាងជើង ដើរនៅក្នុងទីក្រុងព្យុងយ៉ាង ដោយមានពាក់ម៉ាស់យ៉ាងត្រឹមត្រូវ។ រូបភាព៖ AFP
ក្មេងៗជនជាតិកូរ៉េខាងជើង ដើរនៅក្នុងទីក្រុងព្យុងយ៉ាង ដោយមានពាក់ម៉ាស់យ៉ាងត្រឹមត្រូវ។ រូបភាព៖ AFP
​កូរ៉េខាងជើង អនុញ្ញាត​ឲ្យ​សាលារៀន​បើកទ្វារ​ឡើងវិញ នៅ​ដើមខែ​មិថុនា​នេះ បន្ទាប់ពី​សាលារៀន​មួយចំនួន ​ត្រូវ​ផ្អាក​បណ្តោះអាសន្ន​តាំងពី​ខែមេសា​មក​ម្ល៉េះ​។ ការបើក​នេះ ទាមទារ​ឲ្យ​អ្នកគ្រប់គ្រង​សាលា ត្រូវមាន​វិធានការ​មួយចំនួន ដើម្បី​ការពារ​សិស្ស​ពី ​COVID-19​។ នេះ​បើតាម​ការផ្សាយ​ របស់​ទីភ្នាក់ងារ​ព័ត៌មាន Yonhap នៅ​ថ្ងៃទី​១ ខែមិថុនា​។



​កូរ៉េខាងជើង គឺជា​ប្រទេសមួយ ដែលមាន​ព្រំដែន​ជាប់​ប្រទេស​ចិន កន្លែង​ផ្ទុះ​កូ​រ៉ូ​ណា​វីរុស​ដំបូង​គេ​បំផុត​។ គិត​មកទល់ពេលនេះ ពិភពលោក​មាន​ករណី​ឆ្លង COVID-19 ជាង​ ៦,២​លាន​ករណី​ហើយ ប៉ុន្តែ​កូរ៉េខាងជើង មិនបាន​រាយការណ៍​ពី​ករណី​អ្នក​ផ្ទុក COVID-19 ណាមួយ​ឡើយ​នៅក្នុង​ប្រទេស​។ បើទោះបីជា​មិនមាន​ករណី​កូ​រ៉ូ​ណា​វីរុស​នៅក្នុង​ប្រទេស​ក៏ដោយ កូរ៉េខាងជើង ​បាន​បិទ​ព្រំដែន​របស់ខ្លួន និង​វិធានការ​ទប់ស្កាត់​ការរីក​សាយភាយ​ កូ​រ៉ូ​ណាវី​រុស​មួយចំនួនទៀត​។​
 
​តាមពិតទៅ សាលារៀន​នៅ​កូរ៉េខាងជើង ត្រូវ​ចូលរៀន​ក្នុង​ឆមាស​ថ្មី​តាំងពី​ខែមេសា​ម្ល៉េះ ប៉ុន្តែ​ដោយសារ​បារម្ភ​ពី​ការ​រាតត្បាត​នៃ COVID-19 កូរ៉េខាងជើង​ បាន​លើក​ពេល​ចូលរៀន​របស់​សិស្ស​បណ្តោះ​អាសន្ន​។ យ៉ាងណាក៏ដោយ ក៏មាន​សកល​វិទ្យាល័យ និង​វិទ្យាល័យ​មួយចំនួន ត្រូវបាន​គេ​អនុញ្ញាត​ឲ្យ​បើកទ្វារ​ចូលរៀន​តាំងពី​ពាក់កណ្តាល​ខែមេសាដែរ​​។ 
 
​ចំនួន​អ្នក​ឆ្លង​នៅតែ​មិនទាន់មាន ខណៈ​ប្រទេសជិតខាង​ដូចជា​ចិន និង​កូរ៉េខាងត្បូង ​ក៏បាន​ចាប់ផ្តើម​បើក​សាលា​ឡើយ​វិញ អាចជា​ហេតុផល​ជំរុញ​ឲ្យ​កូរ៉េខាងជើង​បើក​សាលា​ទាំងអស់​នៅ​ទូទាំងប្រទេស​។ បើតាម​របាយការណ៍រ​បស់​ទីភ្នាក់ងារ​ព័ត៌មាន Yonhap ដែល​ដកស្រង់​តាម​វិទ្យុ​រដ្ឋ​កូរ៉េខាងជើង ឆមាស​ថ្មី​សម្រាប់​ថ្នាក់បឋមសិក្សា ថ្នាក់​អនុវិទ្យាល័យ និង​សកល​វិទ្យាល័យ​នៅ​ទូទាំងប្រទេស នឹង​ចាប់ផ្តើម​នៅ​ដើមខែ​មិថុនា​នេះ ហើយ​វិធានការ​សុវត្ថិភាព ត្រូវតែ​អនុវត្ត​សម្រាប់​ថ្នាក់​ម​តេ្ត​យ្យ​។ 
 
​តាមរយៈ​ព័ត៌មាន​នេះ​ដដែល អាជ្ញាធរ​អប់រំ​កូរ៉េខាងជើង បាន​អះអាង សាលារៀន​ទាំងអស់​ត្រូវតែមាន​កន្លែង​វាស់​កម្តៅ និង​ទឹក​លាងដៃ​នៅតាម​ច្រកទ្វារ​ចូល​សាលា។ ចំណែក​កម្មករ​នៅក្នុង​សាលារៀន ត្រូវតែ​គោរព​ទៅតាម​គោលការណ៍​ប្រឆាំងនឹង​កូ​រ៉ូ​ណាវី​រុស ដែល​គេ​ស្នើ​ឲ្យ​គោរព​៕ 

Tag:
 COVID-19
  កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com