សង្គមអន្តរជាតិ​
អន្តរជាតិ
ចលនា​តវ៉ា​ហិង្សា​លើ​ករណី​ស្លាប់​របស់ George Floyd រាលដាល​ដល់​ក្បែរ​សេត​វិមាន​
01, Jun 2020 , 11:19 pm        
រូបភាព
ប៉ូលិសអាមេរិក បាញ់ឧស្ម័នបង្ហូរទឹកភ្នែកទៅលើក្រុមបាតុករ។ រូបភាព៖ AFP
ប៉ូលិសអាមេរិក បាញ់ឧស្ម័នបង្ហូរទឹកភ្នែកទៅលើក្រុមបាតុករ។ រូបភាព៖ AFP
បាតុកម្ម​តវ៉ា​ប្រឆាំង​ការរើសអើង កាន់តែ​រីកធំឡើង និង​បាន​រីកសាយ​ដល់​សេត​វិមាន​ប្រធានាធិបតី​អាមេរិក បន្ទាប់ពី​ករណី​ស្លាប់​ជនជាតិ​ស្បែក​ខ្មៅ​ម្នាក់​ឈ្មោះ លោក George Floyd នៅក្នុង​ទីក្រុង Minneapolis​។ ដោយសារ​បញ្ហា​នេះ ក្រុង​ជាច្រើន បានសម្រេច​ដាក់​បម្រាម​គោចរ និង​ពង្រាយ​កម្លាំង​សមត្ថកិច្ច​ជាច្រើន​នាក់ ដើម្បី​ទប់ស្កាត់​បាតុកម្មហិង្សា​មួយ​នេះ​គិត​ត្រឹម​យប់​ថ្ងៃទី​៣១ ខែឧសភា ។


​បន្ទាប់ពី​ការស្លាប់​របស់លោក​George Floyd ជនជាតិ​អាមេរិក​ជាច្រើន​ដែលមាន​ប្រជាជន​ជន​ស្បែក​ខ្មៅ​រាប់សិប​ពាន់​នាក់​នៅក្នុង​ទីក្រុង Minneapolis បាន​ចេញមក​ធ្វើបាតុកម្ម​ទាមទារ​ឲ្យ​អាជ្ញាធរ​អាមេរិក​ស្វែងរក​យុត្តិធម៌​សម្រាប់​លោក​George Floyd ក៏ដូចជា​ទាមទារ​ឲ្យ​មានការ​បញ្ឈប់​សកម្មភាព​ការរើសអើង​ពូជសាសន៍​នៅក្នុង​ទឹកដី​អាមេរិក​។ 
 
​ថ្លែងប្រាប់​អ្នកសារព័ត៌មាន លោកស្រី​Muna Abdi ដែល​បាន​ចូលរួម​បាតុកម្ម​ដែរនោះ បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖ « យើង​មានកូន​ប្រុស​ជា​ជនជាតិ​ស្បែក​ខ្មៅ​, បងប្រុស​ជា​ជនជាតិ​ស្បែក​ខ្មៅ​, មិត្តភក្តិ​ជា​ជនជាតិ​ស្បែក​ខ្មៅ យើង​មិន​ចង់​ឲ្យ​ពួកគេ​ស្លាប់​ទេ​។ យើង​ធុញទ្រាន់​នឹង​រឿង​កើតឡើង​ដដែលៗ​បែបនេះ​ណាស់​។ ក្នុង​ជំនាន់​នេះ មិនមាន​សមភាព​ឡើយ យើង​ធុញទ្រាន់​នឹង​ការបង្ក្រាប​ទាំងឡាយ​»​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារសារព័ត៌មាន AFP​។ 
 
​មកទល់​ថ្ងៃទី​៣១ ខែឧសភា បាតុកម្ម​បានអូសបន្លាយ​រយៈពេល ៦​ថ្ងៃ​ហើយ ក្រុមបាតុករ បាន​ដុត​រថយន្ត បំផ្លាញ​ហាង​លក់ទំនិញ​ជាដើម​។ តួយ៉ាង​ហាង Gucci និង​ហាង​នាឡិកា​លក់​នាឡិកា Rolex នៅក្នុង​ទីក្រុង​ញូវយ៉ក ត្រូវ​រង​ការខូចខាត​យ៉ាងខ្លាំង ដោយសារ​ការ​វាយបំផ្លាញ​របស់​ក្រុមបាតុករ​។ រដ្ឋបាល​របស់លោក​ប្រធានាធិបតី​អាមេរិក ដូ​ណាស់ ត្រាំ បាន​ហៅ​ក្រុមបាតុករ​ជនជាតិ​ស្បែក​ខ្មៅ​ថា «​ក្រុម​ភេរវកម្ម​ក្នុងស្រុក​» ដែល​បង្ក​ឲ្យ​មាន​ចលាចល​នៅក្នុង​ទឹកដី​អាមេរិក​។ 
 
​នៅក្នុង​ថ្ងៃ​ដដែល​នេះ ប៉ូលិស​អាមេរិក បានសម្រេច​បាញ់​ឧស្ម័ន​បង្ហូរទឹកភ្នែក និង​គ្រាប់​បែកផ្សែង ដើម្បី​បំបែក​ក្រុមបាតុករ ដែល​ធ្វើបាតុកម្ម​នៅ​ជិត​សេត​វិមាន​អស់​រយៈពេល​ប៉ុន្មាន​ថ្ងៃ និង​ដើម្បី​បញ្ឈប់​ការដុត និង​លួច​ទ្រព្យសម្បត្តិ​សាធារណៈ និង​ឯកជន​ជាដើម​។ ក្រៅពី​ប្រើ​ធម៌​ក្តៅ ក្នុងការ​បង្ក្រាប​ក្រុមបាតុករ ថ្នាក់ដឹកនាំ​អាមេរិក នៅតាម​តំបន់​មួយចំនួន ក៏បាន​អំពាវនាវ​ឲ្យ​ក្រុមបាតុករ​សម្រួល​អារម្មណ៍ និង​បញ្ឈប់​ធ្វើបាតុកម្ម​ផងដែរ​។​
 
​ជាមួយគ្នានេះ បម្រាម​គោចរ​នៅក្នុង​ប្រទេស ក៏ត្រូវ​បាន​អាជ្ញាធរ​អាមេរិក​ដា​ក់ឡើ​ង​ផងដែរ ក្នុង​គោលបំណង​ទប់ស្កាត់​ការធ្វើ​បាតុកម្ម​។ ជាក់ស្តែង​ទីក្រុង​វ៉ាស៊ីនតោន ដាប់​បម្រាម​គោចរ​ចាប់ពី​ម៉ោង ១១​យប់ ដល់​ម៉ោង ៦​ព្រឹក ចំណែក​ទីក្រុង Los Angles បានដាក់​បម្រាម​គោចរ​ចាប់ពី​ម៉ោង ៤​ល្ងាច ដល់ពេល​ថ្ងៃ​រះ​។ 
 
​សូមបញ្ជាក់ថា តាម​ការចុះផ្សាយ​របស់​សារព័ត៌មាន New York Times ប្រធានាធិបតី​អាមេរិក លោក​ត្រាំ ត្រូវបាន​ក្រុមទី​ភ្នាក់ងារ​សេវា​សម្ងាត់ នា​ថ្ងៃទី​២៩ ខែឧសភា ជម្លៀស​ទៅក្នុង​រូង​ក្រោម​ដី​នៃ​សេត​វិមាន​យ៉ាង​បន្ទាន់ បន្ទាប់ពី​បាតុកម្ម​របស់​ក្រុម​ជនជាតិ​ស្បែក​ខ្មៅ​នៅ​ជិត​នោះ​៕  

Tag:
 អាមេរិក​
  George Floyd
© រក្សាសិទ្ធិដោយ thmeythmey.com