នាយករដ្ឋមន្ត្រីថា អ្នកប្រឆាំងនិរទេស មានផែនការធ្វើឲ្យធនាគារនៅកម្ពុជា ដួលរលំ ហើយព្រមានចាប់អ្នកក្នុងស្រុក បើចូលរួម
COVID-19
ជាតិ
​​​ន​យោ​បាយ​ជាតិ​
នាយករដ្ឋមន្ត្រីថា អ្នកប្រឆាំងនិរទេស មានផែនការធ្វើឲ្យធនាគារនៅកម្ពុជា ដួលរលំ ហើយព្រមានចាប់អ្នកក្នុងស្រុក បើចូលរួម
01, Jun 2020 , 9:50 pm        
រូបភាព
ដោយ: ថ្មីៗ
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រកាសជាសាធារណៈថា សម្តេច ទទួលបានព័ត៌មាន ដែលមេដឹកនាំប្រឆាំងនៅក្រៅប្រទេស បានដាក់បញ្ជាមកកូនចៅនៅក្នុងស្រុក ឲ្យលួចបើកកិច្ចប្រជុំ នៅម៉ោង៨កន្លះយប់ម្សិលមិញ (៣១ឧសភា) ហើយខ្លួន ដឹកនាំកិច្ចប្រជុំនោះ ពីក្រៅប្រទេសមក។ តែសម្តេច អះអាងថា កិច្ចប្រជុំនោះ ត្រូវអាក់ខានទៅវិញ។



ថ្លែងចេញពីពិធីជួបសំណេះសំណាលជាមួយមន្ត្រីរាជការនិងក្រុមការងារបច្ចេកទេសស្ថាបនាហេដ្ឋារចនាសម្ព័ន្ធក្នុងក្រុងព្រះសីហនុ នាល្ងាចថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២០ សម្តេចនាយករដ្ឋមន្រ្តី ប្រកាសថា ផែនការរបស់មេដឹកនាំប្រឆាំងនៅក្រៅប្រទេស គឺធ្វើឲ្យធនាគារទាំងអស់នៅកម្ពុជា ដួលរលំ។ សម្តេច ហៅចរិតបែបនេះ ថាជាចរិតបំផ្លាញជាតិ។

ជាមួយគ្នានេះ ប្រមុខរដ្ឋាភិបាល ព្រមានចាប់អ្នកនៅស្រុក បើហ៊ានចូលរួមនិងធ្វើតាមការចង្អុលបង្ហាញរបស់មេដឹកនាំប្រឆាំង នៅក្នុងផែនការនេះ។  ប្រមុខរដ្ឋាភិបាល បាននិយាយខ្លាំងៗយ៉ាងដូច្នេះ៖«ខ្ញុំ ប្រាប់អ្នកឯងឲ្យត្រង់ ប្រាប់អ្នកឯងឲ្យច្បាស់ រាប់ទាំងអ្នកធ្វើសកម្មភាពក្នុងស្រុក អ្នកឯងធ្វើ ខ្ញុំចាប់ហើយ។ អ្នកឯង ធ្វើវិទ្ធង្សនាសេដ្ឋកិច្ច បំផ្លាញជាតិយ៉ាងដូច្នេះ គ្មានរឿងត្រូវទុកអ្នកឯងទេ។ រឿងសិទ្ធិមនុស្សទុកមួយឡែកសិន...»។

ប្រមុខរដ្ឋាភិបាល បន្តថា មេដឹកនាំប្រឆាំងនៅក្រៅស្រុក មិនត្រឹមតែមិនជួយជាតិទេ តែថែមទាំងចង់បង្កើតចលាចលថែមទៀត ដោយបំផុសប្រជាជន មិនឲ្យសងបំណុលទៅធនាគារវិញ ដើម្បីធ្វើឲ្យធនាគារដួលរលំ ហើយទាញយកផលប្រយោជន៍នេះ ដើម្បីផ្តួលរំលំ (រដ្ឋាភិបាល)។ មេដឹកនាំកម្ពុជា ផ្ញើសារទៅមេដឹកនាំប្រឆាំងថា៖«ខ្ញុំ មិនទុកឱកាសឲ្យអ្នកឯងទេ អ្នកឯងត្រូវដឹង»។

ដ្បិតមិនបញ្ចេញឈ្មោះ តែមេដឹកនាំកម្ពុជា ប្រហែលជាមិនសំដៅអ្នកណាផ្សេង ក្រៅតែពីលោក សម រង្ស៊ី ឡើយ។ មួយរយៈនេះ លោក សម រង្ស៊ី ដែលកំពុងរស់នៅឯប្រទេសបារាំង បានព្យាយាមលើកពីកំហុសនិងចំណុចខ្វះខាតរបស់រដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយវិបត្តិសេដ្ឋកិច្ច ក្នុងអំឡុងជំងឺកូវីដ១៩ ជាពិសេសការដោះស្រាយបំណុលប្រជាជន ដែលជំពាក់ធនាគារ។

អ្វីដែលធ្វើឲ្យគេ ភ្ញាក់ផ្អើលខ្លាំងនោះ គឺលោក បានអំពាវនាវឲ្យប្រជាជន ឈប់សងបំណុលទៅធនាគារ ដោយលោក យល់ថា ការធ្វើដូច្នេះ ដើម្បីជំរុញឲ្យមានដំណោះស្រាយពីរដ្ឋាភិបាល។ លើសពីនេះ តាមរយៈសំណេរលើទំព័រហ្វេសប៊ុក លោក បានសន្និដ្ឋានថា មិនយូរប៉ុន្មានឡើយ ធនាគារធំៗមួយចំនួន នៅកម្ពុជា អាចដួលរលំ ដោយលោក សំអាងលើហេតុផល៣យ៉ាង។

ទីមួយ កូនបំណុលតូចៗ ជិត៣លាននាក់ មិនអាចសងបំណុលបានទេ ដោយសារតែការរាតត្បាតជំងឺកូវីដ១៩ និងវិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរ។

ទីពីរ អ្នករកស៊ីលក់ដូរដីធ្លីធំៗ ក៏មិនអាចសងបំណុលបានដែរ ពីព្រោះអ្នកទាំងនោះ កំពុងតែជាប់កុន ដោយសារបានខ្ចីលុយពីធនាគារយ៉ាងសន្ធឹកសន្ធាប់ ដើម្បីទិញដី សម្រាប់លក់ឲ្យជនជាតិចិន។ តែឥឡូវ ដីទាំងនោះលក់អត់ចេញទេ ពីព្រោះជនជាតិចិន ឈប់ទិញ ដោយសារតែវិបត្តិសេដ្ឋកិច្ចដូចគ្នា។

ទីបី អតិថិជន ដែលបានដាក់លុយផ្ញើនៅធនាគារ កំពុងតែភ័យ ពីព្រោះមិនអាចដកលុយនោះបានវិញ ដោយសារតែធនាគារខ្វះសាច់ប្រាក់។ ធនាគារ ខ្វះសាច់ប្រាក់ ពីព្រោះអ្នកដែលបានខ្ចីលុយពីធនាគារ អត់មានលទ្ធភាពសងធនាគារវិញទេ។ ឥឡូវនេះ មានការឆោឡោគ្រប់គ្នា ដែលជាហេតុផលចិត្តសាស្ត្រ ធ្វើឲ្យធនាគារដួលរលំកាន់តែឆាប់ថែមទៀត។

យ៉ាងណា គេ ក៏បានឃើញរដ្ឋាភិបាលកម្ពុជា ប្រឹងប្រែងដេរ ក្នុងការដោះស្រាយបញ្ហាប្រជាជន ដែលជំពាក់បំណុលធនាគារ។ ពេលវិបត្តិកើតឡើងភ្លាមៗវដោយសារជំងឺកូវីដ១៩ ប្រមុខរដ្ឋាភិបាល ក៏ចាប់ផ្តើមអំពាវនាវ ឲ្យគ្រប់ធនាគារនិងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ពន្យារពេលយកបំណុលពីអតិថិជន និងជួយបញ្ចុះអត្រាការប្រាក់។

ម្យ៉ាងទៀត រដ្ឋាភិបាល ក៏បានត្រៀមទុនពី៥០០ ទៅ៦០០លានដុល្លារ ដើម្បីទុកឲ្យធនាគារឯកទេសខ្ចី ដោយយកអត្រាការប្រាក់ទាប។ យុទ្ធសាស្រ្តនេះ គឺដើម្បីឲ្យធនាគារឯកទេសទាំងនោះ មានលទ្ធភាពផ្តល់កម្ចីដល់អតិថិជនរបស់ពួកគេ ជាអាជីវករ យកទៅធ្វើអាជីវកម្មបន្ត ដោយអត្រាការប្រាក់ទាប។ មកដល់ពេលនេះ មិនទាន់មានធនាគារណាមួយនៅកម្ពុជា ប្រកាសក្ស័យធនឬដួលរលំឡើយ៕

Tag:
 COVID-19
  ហ៊ុន សែន
  សម រង្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com