ជាតិ
បទយកការណ៍ / បទសម្ភាសន៍
មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម​អំពាវនាវ​ឲ្យ​មានការ​បរិច្ចាគ​ឈាម​
02, Jun 2020 , 7:59 pm        
រូបភាព
រូបឯកសារ៖ បុគ្គលិក​មជ្ឈមណ្ឌលជាតិ​ផ្ដល់​ឈាម​កម្ពុជា​ទទួល​យក​ឈាម​ដែល​បរិច្ចាគ​ពី​អ្នក​ស្ម័គ្រចិត្ត​ក្នុង​កម្មវិធី «ផ្ដល់​ឈាម​ ផ្ដល់​ក្ដីស្រឡាញ់» នៅ​ភ្នំពេញ ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ​២០១៥។ (នូវ ពៅលក្ខិណា/VOA)
រូបឯកសារ៖ បុគ្គលិក​មជ្ឈមណ្ឌលជាតិ​ផ្ដល់​ឈាម​កម្ពុជា​ទទួល​យក​ឈាម​ដែល​បរិច្ចាគ​ពី​អ្នក​ស្ម័គ្រចិត្ត​ក្នុង​កម្មវិធី «ផ្ដល់​ឈាម​ ផ្ដល់​ក្ដីស្រឡាញ់» នៅ​ភ្នំពេញ ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ​២០១៥។ (នូវ ពៅលក្ខិណា/VOA)
ដោយ: VOA
​ភ្នំពេញ ៖ មន្ត្រី​នៃ​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម​ឲ្យ​ដឹងថា ការបរិច្ចាគ​ឈាម​ពី​អ្នកស្ម័គ្រចិត្ត ធ្លាក់ចុះ​នៅក្នុង​អំឡុង​នៃ​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ ដែល​ធ្វើ​ឲ្យ​ឈាម​ក្នុង​ស្តុក​ប្រឈម​កង្វះខាត​។​

 
​លោក លី សុ​វិ​ត្យ អនុប្រធាន​នៃ​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម​នៅ​កម្ពុជា ប្រាប់​VOA​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ថា កង្វះខាត​ឈាម​នេះ​គឺ​ដោយសារ​មានការ​បារម្ភ​ពី​សុវត្ថិភាព​ក្នុងការ​ផ្តល់​ឈាម​ក្នុងចំណោម​អ្នកស្ម័គ្រចិត្ត និង​ការផ្អាក​យុទ្ធនាការ​ប្រមូល​ឈាម​ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩​។​
 
​លោក​មានប្រសាសន៍ថា​៖ «​អ៊ីចឹង​នៅក្នុង​រដូវ​កូ​វីដ​ហ្នឹង ចាប់ពី​ដើមឆ្នាំ​២០២០  ចុងឆ្នាំ​២០១៩​អត្រា​អ្នកផ្តល់​ឈាម​ដោយ​ស្ម័គ្រចិត្ត ដោយ​មិន​គិត​កម្រៃ គឺ​ធ្លាក់ចុះ​តែម្តង ដោយសារតែ​យើង​មិនបាន​ចេញទៅ​ប្រមូល​ឈាម​នៅតាម​ក្រសួង​ស្ថាប័ន​នានា​ខាង​ក្រុមហ៊ុន​ឯកជន​មួយចំនួន គឺ​យើង​មិនបាន​ធ្វើ​blood drive [​យុទ្ធនា​ការរៀបចំ​ដើម្បី​ប្រមូល​ឈាម​ពី​អ្នកស្ម័គ្រចិត្ត​]»​។​
 
​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម​កម្ពុជា​ទទួលបាន​ឈាម​ពី​អ្នកស្ម័គ្រចិត្ត ដោយ​មិន​គិត​កម្រៃ តាមរយៈ​យុទ្ធនា​ការរៀបចំ​ដើម្បី​ប្រមូល​ឈាម​ពី​អ្នកស្ម័គ្រចិត្ត​តាម​ស្ថាប័នរដ្ឋ​និង​ឯកជន​នានា​។ ប៉ុន្តែ​ការរក្សា​គម្លាត​ពីគ្នា និង​ការមិន​ចេញពីផ្ទះ​ធ្វើ​ឲ្យ​ការផ្តល់​ឈាម​នេះ​ធ្លាក់ចុះ​។​
 
​ជា​មធ្យម មជ្ឈមណ្ឌល​ទទួល​ឈាម​បាន​ពី​អ្នកស្ម័គ្រចិត្ត​ទាំងនេះ​ប្រមាណ​២៥០​ប្លោក​ក្នុង​មួយថ្ងៃ នៅមុន​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​១៩ ដែល​ស្មើ​ប្រមាណ​២០​ភាគរយ​នៃ​ឈាម​ក្នុង​ស្តុក​។​
 
​ប៉ុន្តែ​លោក លី សុ​វិ​ត្យ លើកឡើងថា នៅពេលនេះ ចំនួន​នេះ​ធ្លាក់ចុះ​ទាប​ជាង​២០​ភាគរយ ដែល​នាំ​ឲ្យ​មានការ​ព្រួយបារម្ភ​។​លោក​ថា មជ្ឈមណ្ឌល​នេះ​ត្រូវការ​យ៉ាងហោចណាស់ ៥០​ភាគរយ​នៃ​ឈាម​ក្នុង​ស្តុក​គឺ​ប្រហែល​៦០០​ប្លោក​ក្នុង​មួយថ្ងៃ​។​
 
 
​បច្ចុប្បន្ន ដើម្បី​ទទួលបាន​ឈាម​ពី​ក្នុង​ស្តុក អ្នកជំងឺ​ដែល​ត្រូវការ​ការបញ្ចូល​ឈាម​ជាបន្ទាន់ ត្រូវ​ពឹង​ផ្អែកលើ​អ្នកផ្តល់​ឈាម​ជា​លក្ខណៈ​ក្រុមគ្រួសារ សាច់ញាតិ ឬ​មិត្តភក្តិ​របស់​អ្នកជំងឺ​ដែល​ត្រូវការ​ឈាម​បន្ទាន់​។ ក្រុមគ្រួសារ សាច់ញាតិ ឬ​មិត្តភក្តិ របស់​អ្នកជំងឺ​ត្រូវ​ទៅ​បរិច្ចាគ​ឈាម​ភ្លាមៗ ដើម្បី​ឲ្យ​អ្នកជំងឺ​ទទួលបាន​ឈាម​ពី​ស្តុក​។​
 
​លោក សុ​វិ​ត្យ អនុប្រធាន​នៃ​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម ឲ្យ​ដឹង​ទៀតថា ជា​មធ្យម អ្នកជំងឺ​ម្នាក់​ត្រូវការ​ឈាម​ជា​មធ្យម​ចំនួន​៣​ប្លោក​ឬ​៥​ប្លោក​ទៅតាម​ស្ថានភាព​នៃ​ជំងឺ​។​លោក​ថា ការទទួល​ឈាម​គ្រប់គ្រាន់​ពី​អ្នកស្ម័គ្រចិត្ត អាច​កាត់បន្ថយ​ការជួញដូរ​ឈាម​ខុសច្បាប់​ដែល​កើតមាន​កន្លងមក​។​
 
«​អ្នកមាន​អាជីព​ជា​អ្នកលក់ដូរ​ឈាម​ហ្នឹង​គឺ​យើង​ចាប់បាន​រាល់ថ្ងៃ​។ យើង​ខំ​លុបបំបាត់ និង​បង្កើន​អ្នកស្ម័គ្រចិត្ត​និង​ចាប់​អ្នកលក់ដូរ​ឈាម​ហ្នឹង ដើម្បី​អប់រំ​ធ្វើ​កិច្ចសន្យា​ឲ្យ​គាត់​ឈប់រ​ករបរ​រកស៊ីរ​បៀ​ប​ហ្នឹង​»​។​
 
​អ្នកនាង សុខ សូ​ភៀ​ច ដែល​ឪពុក​កំពុង​ត្រូវការ​ឈាម​និង​កំពុង​សម្រាក​ព្យាបាល​ជំងឺ​សួត​នៅ​មន្ទីរពេទ្យ​មួយ​នៅ​ទីក្រុង​ភ្នំពេញ មានប្រសាសន៍ថា កាលពី​ខែមករា អ្នកនាង​ទទួលបាន​ជំនួយ​ពី​មិត្តភក្តិ​ដែលមាន​កាត​បញ្ជាក់​ការផ្តល់​ឈាម​របស់គេ​ដែល​អាច​ផ្តល់​ដល់​ឪពុក​របស់​នាង​បាន​ពីរ​ប្លោក​។​
 
​តែ​ក្រោយមក នៅ​ខែឧសភា បើទោះជា​អ្នកនាង​បានបង្ហាញ​បណ្ណ​ផ្តល់​ឈាម​របស់​មិត្តភក្តិ អត្តសញ្ញាណ​បណ្ណ​របស់​ម្ចាស់​ឈាម និង​លិខិតបញ្ជាក់​ពី​មន្ទីរពេទ្យ​ក៏ដោយ ក៏​អ្នកនាង​ថា មជ្ឈមណ្ឌល​បញ្ជាក់ថា ខ្វះខាត​ឈាម​ក្នុង​ស្តុក​។​


រូបឯកសារ៖ អ្នក​ស្ម័គ្រចិត្ត​ផ្ដល់​ឈាម​ម្នាក់​ញញឹម​ក្រោយ​ផ្ដល់​ឈាម​ដល់​មជ្ឈមណ្ឌលជាតិ​ផ្ដល់​ឈាម​កម្ពុជាក្នុង​កម្មវិធី «ផ្ដល់​ឈាម​ ផ្ដល់​ក្ដីស្រឡាញ់» នៅ​ភ្នំពេញ ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ​២០១៥។ (នូវ ពៅលក្ខិណា/VOA)
 
​អ្នកនាង​ថ្លែងថា​៖ «​ព្រោះ​យើង​ធ្លាប់មាន​បទពិសោធន៍​ហ្នឹង​មួយ​សារ​… ឲ្យ​តែមាន​កាត​ហ្នឹង គឺ​ងាយស្រួល​រត់​។ អ៊ីចឹង​ក៏​ទាក់ទង​មិត្តភក្តិ ពួកម៉ាក​របស់គាត់​។ គាត់​មាន​កាត​មួយ​ដែល​គាត់​បញ្ចូល​បាន​៣​ដង​បានន័យថា ៣​ប្លោក​។ គាត់​បញ្ចូល​[​ឆ្នាំ​] ២០១៩​ដល់​២០២០ បានន័យថា អត់​ទាន់​អស់​សុពលភាព​ឆ្នាំ​ទេ​»​។​
 
​អ្នកនាង​បន្តថា​៖ «​គាត់​ថា​លើក​មុន​ប្រើ​បាន​ឥឡូវ​ប្រើ​លែង​បាន​ហើយ ដោយសារតែ​ឈាម​អស់​ស្តុក​អ៊ីចឹង​ណា៎​»​។​
 
​អ្នកនាង​បាន​ឲ្យ​ដឹងថា​បុគ្គលិក​នៅ​មជ្ឈមណ្ឌល​ជាតិ​បាន ណែនាំ​ឲ្យ​អ្នកនាង​រក​អ្នកផ្តល់​ឈាម​មក​ផ្តល់​ឈាម​ជំនួស​វិញ​។​
 
«​វា​អាច​ថា ខាង​មជ្ឈមណ្ឌល​អស់​ស្តុក​មែន​ក៏​ថា​បានតែ​គ្រាន់តែ​ថា វា​ត្រូវតែមាន​ការបកស្រាយ​ណាមួយ​ព្រោះ​អី​វា​អាចធ្វើ​ឲ្យ​ម្ចាស់​កាត​ខកចិត្ត​នៅពេល​ដូច​ករណី​ខ្ញុំ​អ៊ីចឹង​ភ្លាមៗ​គិតដល់​ថា អ្នកកាន់កា​ត​។ បើ​ត្រូវ​ការជួយ​បន្ទាន់​អ៊ីចឹង យ៉ាងម៉េច​វិញ​?»
 
​លោក លី សុ​វិ​ត្យ ឲ្យ​ដឹងថា ជំងឺ ខ្សោយតម្រងនោម និង​ទឹកនោមផ្អែម ដែល​តម្រូវ​ឲ្យ​មានការ​លាង​ឈាម គ្រោះថ្នាក់​ចរាចរណ៍ ការវះកាត់​បេះដូង ជំងឺមហារីក និង​ស្ត្រី​ឆ្លងទន្លេ​ដែល​ជួបប្រទះ​នឹង​ភាពមិនប្រក្រតី ត្រូវការ​ឈាម​ជា​ចាំបាច់​។​លោក​បញ្ជាក់ថា ប្រភេទ​ជំងឺ​នេះ​មានការ​កើនឡើង​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com