អន្តរជាតិ
លោក ត្រាំ បញ្ជូនយោធាជាច្រើនពាន់នាក់ដើម្បីទប់ស្កាត់បាតុកម្មក្នុងទីក្រុងវ៉ាស៊ីនតោន ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ។ រូបភាព៖ Reuters
× ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នាថ្ងៃទី១ ខែមិថុនា បានបញ្ជូនកម្លាំងយោធា និងប៉ូលិសជាច្រើនពាន់នាក់ ដើម្បីដាក់ពង្រាយនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន។ ការដាក់ពង្រាយយោធាដ៏ច្រើនបែបនេះ គឺធ្វើឡើងក្នុងការទប់ស្កាត់ការធ្វើបាតុកម្មទ្រង់ទ្រាយធំនៅក្នុងប្រទេស និងទប់ស្កាត់ការបំផ្លាញទ្រព្យសម្បត្តិសាធារណៈ និងឯកជន។
បាតុករជាច្រើនពាន់នាក់ បានធ្វើបាតុកម្ម និងកុបកម្ម ក្នុងទ្រង់ទ្រាយធំមួយ ដើម្បីទាមទារស្វែងរកយុត្តិធម៌ ក៏ដូចជា បញ្ឈប់ការរើសអើងពូជសាសន៍រវាងពួកស្បែកស និងពួកស្បែកខ្មៅនៅក្នុងទឹកដីអាមេរិក។ ជាការពិត ការប្រកាន់ពូជសាសន៍រវាងពួកស្បែកស និងពួកស្បែកខ្មៅគឺជាដំបៅចាស់មួយរបស់អាមេរិក ដែលមិនងាយនឹងជាសះស្បើយឡើយ។
ចាប់តាំងពីករណីស្លាប់របស់លោក George Floyd ជនជាតិអាមេរិកស្បែកខ្មៅ ដោយសារប៉ូលិសស្បែកសអាមេរិក យកជង្គង់ច្រត់ករបស់លោក Floyd ដើម្បីចាប់បញ្ចូលក្នុងរថយន្ត បាតុកម្មនៅអាមេរិក កាន់តែរីកធំទៅៗនៅស្ទើរទូទាំងអាមេរិក។
បាតុកម្មកាន់តែរីកសាយមកក្បែរសេតវិមានប្រធានាធិបតីអាមេរិក ស្របពេលបាតុកម្មនៅកន្លែងខ្លះ ក្រុមបាតុករបានវាយបំផ្លាញទ្រព្យសម្បត្តិសាធារណៈ និងទ្រពសម្បត្តិឯកជនដូចជា ការដុតរថយន្តតាមទីសាធារណៈ ការវាយបំផ្លាញហាងលក់ទំនិញ Gucci និងហាងលក់នាឡិកាដៃ Rolex ជាដើម។ ចំណែកប៉ូលិស ក៏បានប្រើធម៌ក្តៅដូចជា បាញ់ឧស្ម័នបង្ហូរទឹកភ្នែក គ្រាប់បែកផ្សែងជាដើម ដើម្បីបំបែកក្រុមបាតុករ។
ពាក់ព័ន្ធនឹងបញ្ហាបាតុកម្មនៅទូទាំងប្រទេសនេះ លោកដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក បានហៅសកម្មភាពបាតុកម្មនេះថា «សកម្មភាពនៃភេរវកម្មក្នុងស្រុក»។ ទន្ទឹមនេះ លោក ត្រាំ បានពង្រាយយោធា កម្លាំងសមត្ថកិច្ច យោធា ប៉ូលិសប្រឆាំងកុបកម្មជាច្រើនពាន់នាក់ ដើម្បីទប់ស្កាត់បាតុកម្ម និងកុបកម្មទ្រង់ទ្រាយធំនេះ។
ថ្លែងនៅព្រះវិហារ St John ប្រធានាធិបតីអាមេរិកទី៤៥ រូបនេះ បានលើកឡើងយ៉ាងដូច្នេះថា៖ «ខ្ញុំកំពុងពង្រាយទាហានបំពាក់អាវុធធុនធ្ងន់ យោធា និងកងកម្លាំងចាប់បង្ខំឲ្យអនុវត្តច្បាប់ជាច្រើនពាន់នាក់ ដើម្បីបញ្ឈប់សកម្មភាពកុបកម្ម អំពើលួចទ្រព្យសម្បត្តិ ការបំផ្លាញទ្រព្យសម្បត្តិសាធារណៈ និងការដុតបំផ្លាញទ្រពសម្បត្តិជាដើម»។
ក្នុងពេលជាមួយគ្នានេះ លោកត្រាំ ក៏បានប្រកាសដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរ និងដាក់ពន្ធនាគារក្នុងរយៈពេលវែង ចំពោះអ្នករៀបចំបាតុកម្ម និងអ្នកញុះញង់ឲ្យមានបាតុកម្មនេះផងដែរ។ ជាពិសេសលោកអំពាវនាវឲ្យអភិបាលរដ្ឋផ្សេងទៀត ពង្រាយកងកម្លាំងការពារ នៅតាមទីសារធារណៈឲ្យបានគ្រប់គ្រាន់ផងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com