អន្តរជាតិ
លោក ត្រាំ បញ្ជូន​យោធា​ជាច្រើន​ពាន់​នាក់​ដើម្បី​ទប់ស្កាត់​បាតុកម្ម​ក្នុង​ទីក្រុង​វ៉ាស៊ីនតោន​
02, Jun 2020 , 10:02 am        
រូបភាព
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ។ រូបភាព៖ Reuters
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ។ រូបភាព៖ Reuters
​ប្រធានាធិបតី​អាមេរិក លោក ដូ​ណា​ល់ ត្រាំ នា​ថ្ងៃទី​១ ខែមិថុនា បាន​បញ្ជូន​កម្លាំងយោធា និង​ប៉ូលិស​ជាច្រើន​ពាន់​នាក់ ដើម្បី​ដាក់ពង្រាយ​នៅក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​។ ការដាក់​ពង្រាយ​យោធា​ដ៏​ច្រើន​បែបនេះ គឺធ្វើឡើង​ក្នុងការ​ទប់ស្កាត់​ការធ្វើ​បាតុកម្ម​ទ្រង់ទ្រាយ​ធំ​នៅក្នុង​ប្រទេស និង​ទប់ស្កាត់​ការបំផ្លាញ​ទ្រព្យសម្បត្តិ​សាធារណៈ និង​ឯកជន​។


​បាតុករ​ជាច្រើន​ពាន់​នាក់ បានធ្វើ​បាតុកម្ម និង​កុបកម្ម ក្នុង​ទ្រង់ទ្រាយ​ធំ​មួយ ដើម្បី​ទាមទារ​ស្វែងរក​យុត្តិធម៌ ក៏ដូចជា បញ្ឈប់​ការរើសអើង​ពូជសាសន៍​រវាង​ពួក​ស្បែ​កស និង​ពួក​ស្បែក​ខ្មៅ​នៅក្នុង​ទឹកដី​អាមេរិក​។ ជាការ​ពិត ការប្រកាន់​ពូជសាសន៍​រវាង​ពួក​ស្បែ​កស និង​ពួក​ស្បែក​ខ្មៅ​គឺជា​ដំបៅ​ចាស់​មួយ​របស់​អាមេរិក ដែល​មិន​ងាយ​នឹង​ជាសះស្បើយ​ឡើយ​។ 
 
​ចាប់តាំងពី​ករណី​ស្លាប់​របស់លោក George Floyd ជនជាតិ​អាមេរិក​ស្បែក​ខ្មៅ ដោយសារ​ប៉ូលិស​ស្បែក​ស​អាមេរិក យក​ជង្គង់​ច្រត់​ក​របស់លោក Floyd ដើម្បី​ចាប់​បញ្ចូល​ក្នុង​រថយន្ត បាតុកម្ម​នៅ​អាមេរិក កាន់តែ​រីក​ធំ​ទៅៗ​នៅ​ស្ទើរ​ទូទាំង​អាមេរិក​។ 
 
​បាតុកម្ម​កាន់តែ​រីកសាយ​មក​ក្បែរ​សេត​វិមាន​ប្រធានាធិបតី​អាមេរិក ស្របពេល​បាតុកម្ម​នៅ​កន្លែង​ខ្លះ ក្រុមបាតុករ​បាន​វាយបំផ្លាញ​ទ្រព្យសម្បត្តិ​សាធារណៈ និង​ទ្រ​ព​សម្បត្តិ​ឯកជន​ដូចជា ការដុត​រថយន្ត​តាម​ទីសាធារណៈ ការ​វាយបំផ្លាញ​ហាង​លក់ទំនិញ Gucci និង​ហាង​លក់​នាឡិកាដៃ Rolex ជាដើម​។ ចំណែក​ប៉ូលិស ក៏បាន​ប្រើ​ធម៌​ក្តៅ​ដូចជា បាញ់​ឧស្ម័ន​បង្ហូរទឹកភ្នែក គ្រាប់បែក​ផ្សែង​ជាដើម ដើម្បី​បំបែក​ក្រុមបាតុករ​។ 
 
​ពាក់ព័ន្ធ​នឹង​បញ្ហា​បាតុកម្ម​នៅ​ទូទាំងប្រទេស​នេះ លោក​ដូ​ណា​ល់ ត្រាំ ប្រធានាធិបតី​អាមេរិក បាន​ហៅ​សកម្មភាព​បាតុកម្ម​នេះ​ថា «​សកម្មភាព​នៃ​ភេរវកម្ម​ក្នុងស្រុក​»​។ ទន្ទឹមនេះ លោក ត្រាំ បាន​ពង្រាយ​យោធា កម្លាំង​សមត្ថកិច្ច យោធា ប៉ូលិស​ប្រឆាំង​កុបកម្ម​ជាច្រើន​ពាន់​នាក់ ដើម្បី​ទប់ស្កាត់​បាតុកម្ម និង​កុបកម្ម​ទ្រង់ទ្រាយ​ធំ​នេះ​។ 
 
​ថ្លែង​នៅ​ព្រះវិហារ St John ប្រធានាធិបតី​អាមេរិក​ទី​៤៥ រូបនេះ បានលើកឡើង​យ៉ាង​ដូច្នេះ​ថា​៖ «​ខ្ញុំ​កំពុង​ពង្រាយ​ទាហាន​បំពាក់អាវុធ​ធុន​ធ្ងន់ យោធា និង​កងកម្លាំង​ចាប់បង្ខំ​ឲ្យ​អនុវត្ត​ច្បាប់​ជាច្រើន​ពាន់​នាក់ ដើម្បី​បញ្ឈប់​សកម្មភាព​កុបកម្ម អំពើ​លួច​ទ្រព្យសម្បត្តិ ការបំផ្លាញ​ទ្រព្យសម្បត្តិ​សាធារណៈ និង​ការដុត​បំផ្លាញ​ទ្រ​ព​សម្បត្តិ​ជាដើម​»​។  
 
​ក្នុងពេល​ជាមួយគ្នានេះ លោក​ត្រាំ ក៏បាន​ប្រកាស​ដាក់ទណ្ឌកម្ម​យ៉ាងធ្ងន់ធ្ងរ និង​ដាក់ពន្ធនាគារ​ក្នុង​រយៈពេល​វែង ចំពោះ​អ្នករៀបចំ​បាតុកម្ម និង​អ្នក​ញុះញង់​ឲ្យ​មាន​បាតុកម្ម​នេះ​ផងដែរ​។ ជាពិសេស​លោក​អំពាវនាវ​ឲ្យ​អភិបាលរដ្ឋ​ផ្សេងទៀត ពង្រាយ​កងកម្លាំង​ការពារ នៅតាម​ទី​សារ​ធារ​ណៈ​ឲ្យ​បាន​គ្រប់គ្រាន់​ផងដែរ​៕

Tag:
 អាមេរិក​
© រក្សាសិទ្ធិដោយ thmeythmey.com