COVID-19
អន្តរជាតិ
WHO នៅតែចង់ធ្វើការជាមួយអាមេរិក ក្រោយលោក ត្រាំ ផ្ដាច់ទំនាក់ទំនង ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងអគ្គនាយក WHO លោក Tedros Adhanom Ghebreyesus ។ រូបភាព AFP
× អង្គការសុខភាពពិភពលោក (WHO) បានប្រកាសជំហរបន្តកិច្ចសហប្រតិបត្តិការជាមួយអាមេរិក ទោះប្រធានាធិបតី ដូណាល់ ត្រាំ ផ្ដាច់ទំនាក់ទំនងទ្វេភាគី និងបង្វែរលុយជំនួយទៅកាន់ស្ថាប័នផ្សេងក្ដី។ អគ្គនាយក WHO លោក Tedros Adhanom Ghebreyesus និយាយថា ការចូលរួមរបស់អាមេរិក បង្កើតឲ្យមានភាពខុសគ្នាយ៉ាងសម្បើមក្នុងវិស័យសុខាភិបាលអន្តរជាតិ។
នៅថ្ងៃទី២៩ ខែឧសភា ប្រធានាធិបតី ដូណាល់ ត្រាំ បានប្រកាសផ្ដាច់ទំនាក់ទំនងរវាងអាមេរិក និងអង្គការសុខភាពពិភពលោក ដែលលោកចោទថា ជាអាយ៉ងរបស់ចិន។ លោក ត្រាំ ក្ដៅស្លឹកត្រចៀកយ៉ាងខ្លាំងចំពោះអ្វីដែលចាត់ទុកជាកម្សោយរបស់អង្គការនេះក្នុងការឆ្លើយនឹងជំងឺ COVID-19 ដែលផ្ទុះពីដំបូងនៅចិន ហើយបន្តរាលដាលពេញពិភពលោក។ លោក ថែមទាំងបរិហារ WHO ថា មិនអើពើនឹងការព្រមានពីជំងឺនេះទៀតផង។
មុនផ្តាច់ទំនាក់ទំនងនេះ លោក ត្រាំ ផ្អាកការផ្ដល់វិភាគទានរបស់អាមេរិកសម្រាប់អង្គការអន្តរជាតិមួយនេះ ហើយទុកពេលឲ្យ៣០ថ្ងៃដើម្បីធ្វើកំណែទម្រង់។ ប៉ុន្តែលោក ត្រាំ អះអាងថា លោកមើលមិនឃើញពីសកម្មភាពរបស់ WHO ដែលចង់ផ្លាស់ប្ដូរឡើយ ទើបសម្រេចចិត្តបញ្ចប់ទំនាក់ទំនងតែម្ដង។
ទោះជាយ៉ាងណា WHO នៅតែមានបំណងធ្វើការជាមួយអាមេរិកដដែល។ ក្នុងសន្និសីទសារព័ត៌មានអនឡាញនៅថ្ងៃទី១ ខែមិថុនា អគ្គនាយក WHO លោក Tedros Adhanom Ghebreyesus និយាយថា លោកទទួលបានសំណួរពាក់ព័ន្ធសម្ដីប្រធានាធិបតី ដូណាល់ ត្រាំ នៅថ្ងៃទី២៩ ខែឧសភា។ លោក Tedros បញ្ជាក់ថា ពិភពលោកទទួលបានប្រយោជន៍យូរមកហើយពីការចូលរួមដ៏ខ្លាំងក្លាជាមួយរដ្ឋាភិបាល និងប្រជាជនអាមេរិក។
«វិភាគទាន និងសណ្ដានចិត្តរបស់រដ្ឋាភិបាល និងប្រជាជនអាមេរិកមកលើសុខាភិបាលសាកល ហើយអាមេរិកបានបង្កើតឲ្យមានឥទ្ធិពលខ្លាំងក្នុងវិស័យសុខភាពសាធារណៈជុំវិញពិភពលោក។» នេះជាការលើកឡើងរបស់លោក Tedros ដែលបន្ថែមថា WHO មានក្ដីប្រាថ្នាចង់ឲ្យការសហការនេះបន្តទៅមុខទៀត។
ការដើរចេញរបស់អាមេរិក រងការរិះគន់ខ្លាំងពីប្រទេសឯទៀត ខណៈវាក៏នឹងបង្កផលប៉ះពាល់ខ្លាំងដល់អង្គការមួយនេះ។ វិភាគទានរបស់អាមេរិកដែលកាលពីឆ្នាំ២០១៩ មានដល់ទៅជាង៤០០លានដុល្លារ គឺជាចំណែកដ៏ធំមួយដែលសម្រួលការចំណាយរបស់ WHO ក្នុងបេសកកម្មលើកកម្ពស់សុខុមាលភាពសាធារណៈ ពិសេសក្នុងពេលដែលជំងឺ COVID-19 កំពុងអុកឡុកពេញពិភពលោក បូកផ្សំនឹងជំងឺទៀតនោះ៕
Tag:
អាមេរិក
WHO
ដូណាល់ ត្រាំ
Tedros Adhanom Ghebreyesus
© រក្សាសិទ្ធិដោយ thmeythmey.com