ជាតិ
សង្គមជាតិ
ស្ថានទូត ប្រាប់ពលរដ្ឋខ្មែរ ឲ្យប្រយ័ត្នខ្លួន ខណៈបាតុកម្មនៅអាមេរិក កំពុងរាលដាល
02, Jun 2020 , 12:30 pm        
រូបភាព
រូបពី AFP
រូបពី AFP
ស្ថានទូតកម្ពុជានៅអាមេរិក ទទួលបានព័ត៌មានថា ទ្រព្យសម្បត្តិរបស់ពលរដ្ឋខ្មែរមួយចំនួន ក្នុងទីក្រុងឡុងប៊ិច (Long Beach) រងការខូចខាត ដោយសារបាតុកម្មទាមទាររកយុត្តិធម៌ឲ្យបុរសអាមេរិកស្បែកខ្មៅម្នាក់។ ស្ថានទូតកម្ពុជានៅអាមេរិក សម្តែងការសោកស្តាយចំពោះការខូចខាតទ្រព្យសម្បតិ្ត​នេះ និងមានការព្រួយបារម្ភថា ករណីបែបនេះ ក៏អាចកើតមានចំពោះពលរដ្ឋខ្មែរ នៅតាមទីក្រុងផ្សេងទៀតដែរ។



ចំពោះមុខសភាពការណ៍ប្របូកច្របល់ និងហានិភ័យ អាចកើតឡើងពីបាតុកម្ម ដែលកំពុងរាលដាល និងកាន់តែមានភាពហិង្សា តាមបណ្តាទីក្រុងនានានៅអាមេរិក ស្ថានទូតកម្ពុជា បានអំពាវនាវឲ្យពលរដ្ឋខ្មែរទាំងអស់ មានការប្រុងប្រយ័ត្នខ្ពស់ ក្នុងការការពារសុវត្ថិភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារ រួមទាំងទ្រព្យសម្បត្តិផងដែរ។

តាមរយៈសេចក្តីអំពាវនាវ ធ្វើឡើងនៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២០ ស្ថានទូតកម្ពុជា ណែនាំឲ្យពលរដ្ឋខ្មែរ នៅឲ្យឆ្ងាយពីការជួបជុំ ឬការប្រមូលផ្តុំនានា ទោះក្រោមរូបភាព ឬមូលហេតុអ្វីក៏ដោយ ហើយត្រូវកាត់បន្ថយឲ្យបានច្រើនបំផុត ក្នុងការចេញទៅខាងក្រៅ។

ជាមួយគ្នានេះ ស្ថានទូតកម្ពុជា ក៏បានឆ្លៀតរម្លឹកពលរដ្ឋខ្មែរ ឲ្យមានស្មារតីប្រុងប្រយ័ត្នខ្ពស់បំផុត ចំពោះពីការឆ្លងជំងឺ (កូវីដ-១៩) ផងដែរ។

លើសពីនេះ ស្ថានទូតកម្ពុជា បន្តជំរុញពលរដ្ឋខ្មែរ ឲ្យគោរពឲ្យបានខ្ជាប់ខ្ជួន តាមបម្រាមគោចរ និងបម្រាមនានា របស់អាជ្ញាធរមូលដ្ឋាន ដែលខ្លួនកំពុងស្ថិតនៅ។ ម្យ៉ាងទៀត ស្ថានទូតកម្ពុជា ប្រាប់ពលរដ្ឋខ្មែរ ឲ្យទាក់ទងទៅអាជ្ញាធរមូលដ្ឋាន ដើម្បីជួយអន្តរាគមន៍ បើមានអាសន្នណាមួយ។

ស្ថានទូតកម្ពុជា បានផ្តល់លេខទូរស័ព្ទនិង Email របស់ស្ថានកុងស៊ុល ឲ្យពលរដ្ឋខ្មែរទាក់ទង។

អាមេរិក កំពុងប្រឈមនឹងជំងឺកូវីដ-១៩ផង និងបាតុកម្មហិង្សាផង។

បាតុកម្មនេះ ផ្ទុះឡើងដោយសារមរណភាពរបស់បុរសអាមេរិកស្បែកខ្មៅឈ្មោះ George Floyd ដើមកំណើអាហ្រ្វិក។ Floyd ស្លាប់ ដោយសារតែប៉ូលិសអាមេរិកស្បែកសម្នាក់ បានដាក់ជង្គង់ឆ្វេងពីលើក្បាល និងក របស់ Floyd ធ្វើឲ្យ Floyd ដកដង្ហើមមិនរួច។

Floyd ត្រូវប៉ូលិសវាយខ្នោះ ក្រោយបុគ្គលិកហាងលក់ដូរមួយកន្លែង ក្នុងទីក្រុង Minneapolis ប្តឹងថា Floyd ប្រើប្រាស់ក្រដាសប្រាក់២០ដុល្លារក្លែងក្លាយ ទិញបារី។ បច្ចុប្បន្ន បាតុកម្មទាមទាររកយុត្តិធម៌ឲ្យ Floyd កាន់តែពុះកញ្ជ្រោលខ្លាំងឡើងៗ ហើយក៏មានការបង្ក្រាបពីប៉ូលិសដែរ។

ចំណែកជំងឺកូវីដ-១៩ នៅអាមេរិក ក៏មិនទាន់ស្រាកស្រាន្ត ដោយនៅតែមានអ្នកឆ្លងច្រើនជាងគេលើពិភពលោក។ គិតត្រឹមថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២០ ក្នុងចំណោមអ្នកឆ្លងជំងឺកូវីដ-១៩ ជាង៦,៣លាននាក់ លើពិភពលោក អាមេរិក មានអ្នកឆ្លងជាង១,៨លាននាក់ ស្លាប់ជាង១សែននាក់ និង ជាសះស្បើយជាង៦សែននាក់៕

Tag:
 ថានទូតកម្ពុជានៅអាមេរិក
  បាតុកម្ម
  George Floyd
© រក្សាសិទ្ធិដោយ thmeythmey.com