ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្ដេច ហ៊ុន សែន ទាមទារ​ឱ្យ​លោក ប្រ៊ែ​ដ អាដាម ផ្ដល់​យុត្តិធម៌​សិទ្ធិមនុស្ស​ដល់​កម្ពុជា បើ​ធៀប​នឹង​អាមេរិក​
02, Jun 2020 , 11:09 am        
រូបភាព
​ភ្នំពេញ​៖ សម្ដេច ហ៊ុន សែន ទាមទារ​ឱ្យ​លោក ប្រ៊ែ​ដ អាដាម នាយក​ប្រតិបត្តិ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​ប្រចាំ​តំបន់​អាស៊ី (Human Right Watch)​ផ្ដល់​ភាពយុត្តិធម៌​ផ្នែក​សិទ្ធិមនុស្ស​ដល់​កម្ពុជា​។ ការទាមទារ​របស់​ស​ម្ដេច ហ៊ុន សែន នេះ ធ្វើឡើង​បន្ទាប់ពី​មើលឃើញ​អាមេរិក ប្រើ​កម្លាំង​ប៉ូលិស​បង្ក្រាប​លើ​បាតុករ​យ៉ាង​ចាស់ដៃ ប៉ុន្តែ​គ្មាន​អង្គការសិទ្ធិមនុស្ស​អន្តរជាតិ​ចេញមុខ​ថ្កោលទោស​។​


«​ប្រ៊ែ​ដ អាដាម ទៅណា​ហើយ ម៉េច​បាន​មិន​ឮសូរ​ស្រែក​? សិទ្ធិមនុស្ស​នៅឯណា​»​។ នេះ​ជាការ​សំនួរ​របស់​សម្ដេច ហ៊ុន សែន ដែល​ចង់​ចំអក​ទៅ​នាយក​ប្រតិបត្តិ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​ប្រចាំ​តំបន់​អាស៊ី រូបនេះ ចំពោះ​ការអនុវត្ត​ភារកិច្ច​សិទ្ធិមនុស្ស ក្នុង​លក្ខខណ្ឌ​ស្ដង់ដារ​ពីរ​ផ្សេងគ្នា បើ​ធៀប​នឹង​អាមេរិក​។​
 
​ក្នុងន័យនេះ សម្ដេច ហ៊ុន សែន បាន​ហៅ​ចំៗ​ឈ្មោះ​លោក ប្រ៊ែ​ដ អាដាម ឱ្យ​ចេញមុខ​បកស្រាយ​រឿង​សិទ្ធិមនុស្ស ខណៈដែល​អាមេរិក កំពុង​ប្រើ​កម្លាំង​ប៉ូលិស និងយោធា​បង្ក្រាប​លើ​ក្រុមបាតុករ ដែល​បាន​តវ៉ា​ទាមទារ​រក​យុត្តិធម៌​ឱ្យ​បុរស​ជនជាតិ​ស្បែក​ខ្មៅ​ម្នាក់ ឈ្មោះ George Floyd ដោយបាន​បាត់បង់​ជីវិត កាលពី​ថ្ងៃទី​២៥ ឧសភា​។​
 
​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​មន្ត្រីរាជការ និង​ក្រុមការងារ​បច្ចេកទេស ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ នៅ​ក្រុងព្រះសីហនុ កាលពី​ថ្ងៃទី​០១ ខែមិថុនា សម្តេច ហ៊ុន សែន បាន​សង្កត់ធ្ងន់​ដូច្នេះ​ថា​៖«​ពេល​កម្ពុជា​ទប់​បាតុកម្ម គេ​ថា​កម្ពុជា​រំលោភសិទ្ធិ​មនុស្ស ដល់ពេល​ប្រទេស​ដទៃ​ទប់​បាតុកម្ម គេ​ថា​វិធានការ​ការពារ​សណ្តាប់​ធ្នាប់​សង្គម​។ ខុសគ្នា​ខ្លាំង​ម្ល៉េះ​»​។​
 
​ប្រធានាធិបតី​អាមេរិក លោក ដូ​ណា​ល់ ត្រាំ បាន​បញ្ជូន​កម្លាំងយោធា និង​ប៉ូលិស​ជាច្រើន​ពាន់​នាក់ ដើម្បី​ដាក់ពង្រាយ​នៅក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី​១ ខែមិថុនា ។ ការដាក់​ពង្រាយ​យោធា​ដ៏​ច្រើន​បែបនេះ គឺធ្វើឡើង​ក្នុងការ​ទប់ស្កាត់​ការធ្វើ​បាតុកម្ម​ទ្រង់ទ្រាយ​ធំ​នៅក្នុង​ប្រទេស និង​ទប់ស្កាត់​ការបំផ្លាញ​ទ្រព្យសម្បត្តិ​សាធារណៈ និង​ឯកជន​។​
 
​ដោយសារ​មើលឃើញ​វិធានការ​ក្តៅ​របស់​ប្រធានាធិបតី​អាមេរិក​នេះហើយ ទើប​នាយករដ្ឋមន្ត្រី​កម្ពុជា ចោទសួរ​បែប​ផ្លែផ្កា​ទៅកាន់​លោក ប្រ៊ែ​ដ អាដាម ពី​សកម្មភាព​គោរព​សិទ្ធិមនុស្ស​របស់​ពួកលោក​ខាងលិច​។ «​រឿង​បង្ក្រាប​បាតុករ​នៅ​អាមេរិក​ពេលនេះ បើ ប្រែ​ត អាដាម មិន​និយាយ​ទេ ប្រែ​ត អាដាម មិនមែនជា​មនុស្ស​ទេ​»​។ នេះ​ជាការ​លើកឡើង​របស់​ស​ម្ដេច ហ៊ុន សែន ដែល​បាន​បន្ថែមថា បើ​នាយក​ប្រតិបត្តិ​អង្គការ Human Right Watch រូបនេះ មិន​ចេញមុខ​រិះគន់ ឬ​ថ្កោលទោស​លើ​វិធានការ​របស់​មេដឹកនាំ​អាមេរិក​ទេ នោះ​លោក ប្រ៊ែ​ដ អាដាម ក៏ត្រូវ​ឈប់​រិះគន់​លើ​បញ្ហា​សិទ្ធិមនុស្ស​កម្ពុជា​ដែរ​។​
 
​ចាប់តាំងពី​ករណី​ស្លាប់​របស់លោក George Floyd ជនជាតិ​អាមេរិក​ដើមកំណើត​អាហ្វ្រិក​នៅ​ក្រុង Minneapolis កាលពី​ថ្ងៃទី​២៥ ឧសភា ដោយសារ​ប៉ូលិស​ស្បែក​ស​អាមេរិក យក​ជង្គង់​ច្រត់​«​ក​»​របស់លោក Floyd ដើម្បី​ចាប់​បញ្ចូល​ក្នុង​រថយន្ត​នោះ បានធ្វើឱ្យ​ផ្ទុះ​បាតុកម្ម​ទ្រង់ទ្រាយ​ធំ​នៅ​ស្ទើរ​ទូទាំងប្រទេស​អាមេរិក​។​
 
​បាតុករ​ជាច្រើន​ពាន់​នាក់ បានធ្វើ​បាតុកម្ម និង​កុបកម្ម ដើម្បី​ទាមទារ​ស្វែងរក​យុត្តិធម៌ ក៏ដូចជា បញ្ឈប់​ការរើសអើង​ពូជសាសន៍​រវាង​ពួក​ស្បែ​កស និង​ពួក​ស្បែក​ខ្មៅ​នៅក្នុង​ទឹកដី​អាមេរិក​។ បញ្ហា​ប្រកាន់ពូជសាសន៍​រវាង​ពួក​ស្បែ​កស និង​ពួក​ស្បែក​ខ្មៅ នៅ​អាមេរិក គឺជា​ដំបៅ​ចាស់​មួយ ដែល​មិនទាន់​ជាសះស្បើយ​នៅឡើយ​ទេ​៕​
 

Tag:
 ហ៊ុន សែន​
  សិទ្ធិមនុស្ស​
© រក្សាសិទ្ធិដោយ thmeythmey.com