កីឡាអន្តរជាតិ
អន្តរជាតិ
អតីតស្តេចប្រដាល់ Floyd ចេញថ្លៃធ្វើបុណ្យសពឲ្យ George Floyd ទាំងអស់
× ស្តេចប្រដាល់អាមេរិក Floyd Mayweather នឹងចេញថ្លៃចំណាយលើពិធីបុណ្យសពរបស់ George Floyd ទាំងអស់។ លោក Leonard Ellerbe ភ្នាក់ងាររបស់ Floyd បានប្រាប់ទូរទស្សន៍ ESPN ដូច្នេះនៅថ្ងៃទី១ ខែមិថុនា។
បុរសស្បែកខ្មៅ George Floyd បានស្លាប់ ក្រោមស្នាដៃប៉ូលិសស្បែកសឈ្មោះ Derek Chauvin ដែលប្រើជង្គង់សង្កត់ ក ផ្ទប់ទៅនឹងដីអស់រយៈពេលជិត៩នាទី។ ករណីនេះ បានកើតឡើងនៅក្រុង Minneapolis រដ្ឋមីនីសូតា សហរដ្ឋអាមេរិក កាលពីថ្ងៃទី២៥ ខែឧសភា បន្ទាប់ពីបុគ្គលិកហាងទំនិញម្នាក់ បានទូរសព្ទរាយការណ៍ទៅប៉ូលិសថា George បានយកលុយក្លែងក្លាយ២០ដុល្លារ ទិញទំនិញនៅហាងរបស់ខ្លួន។
ការស្លាប់របស់បុរសស្បែកខ្មៅសញ្ជាតិអាមេរិកវ័យ៤៦ឆ្នាំ បានធ្វើឲ្យមានប្រតិកម្មយ៉ាងសាហាវនៅទូទាំងរដ្ឋនៅអាមេរិក ដោយក្រុមអ្នកតវ៉ា នាំគ្នាបាតុកម្មបំផ្លាញ ហាងទំនិញ ប៉ុស្តិ៍ប៉ូលិស និងការដុតបំផ្លាញទីតាំងមួយចំនួនផង ហើយក្នុងនោះ ក៏មានជនឆ្លៀតឱកាសមួយចំនួនលួចឥវ៉ាន់ពីក្នុងហាងផងដែរ។
ដើម្បីជាការចូលរួមរំលែកទុក្ខនៃសព លោក Ellerbe បានបញ្ជាក់ប្រាប់ ESPN ថាក្រុមគ្រួសាររបស់ George បានទទួលយកការផ្តល់ជូនជាប្រាក់ពីសំណាក់អតីតអ្នកប្រដាល់ Floyd ដើម្បីចំណាយសម្រាប់ពិធីបុណ្យសពនោះ។
«គាត់ [Floyd] ប្រហែលជាខឹងនឹងខ្ញុំចំពោះការនិយាយបែបនេះប៉ុន្តែប្រាដកណាស់ Floyd ពិតជាចំណាយលុយសម្រាប់ពិធីបុណ្យសពនោះ»។
ភ្នាក់ងារប្រដាល់សញ្ជាតិអាមេរិកបន្ថែមថា Floyd ម្ចាស់ខ្សែក្រវាត់ពិភពលោក ៥ ស្ថាប័នដែលចូលនិវត្តន៍ពីអាជីពប្រដាល់ក្នុងឆ្នាំ ២០១៧ ជាមួយនឹងកំណត់ត្រាឈ្នះទាំង៥០លើក មិនចង់ឲ្យនិយាយអំពីការបរិច្ចាគប្រាក់របស់គេសម្រាប់ពិធីបុណ្យសពនេះឡើយ។ ពិធីបុណ្យសពរបស់ George Floyd នឹងត្រូវធ្វើឡើងនៅថ្ងៃទី៩ មិថុនា ក្នុងហ៊ូស្តុន សហរដ្ឋអាមេរិក។
ការធ្វើកោសល្យវិច័យជាផ្លូវការជុំវិញការស្លាប់ដែលបានចេញផ្សាយនៅថ្ងៃទី១ ខមិថុនាបានរកឃើញថា George ពិជាបានស្លាប់ដោយសារតែការសង្កត់ ក ពិតមែន។ ប៉ូលិសស្បែកសឈ្មោះ Derek Chauvin ត្រូវបានចោទប្រកាន់ពីបទឃាតកម្មកម្រិតទី៣ និងករណីឃាតកម្មធ្វេសប្រហែសក្នុងករណីស្លាប់បុរសស្បែកខ្មៅ George៕
Tag:
Floyd Mayweather
George Floyd
© រក្សាសិទ្ធិដោយ thmeythmey.com