អន្តរជាតិ
នយោបាយអន្តរជាតិ
ចិន ថា ការរើសអើងប្រកាន់ពូជសាសន៍នៅអាមេរិកជាជំងឺរ៉ាំរ៉ៃក្នុងសង្គម លោកZhao Lijian អ្នកនាំពាក្យក្រសួងការបរេទសចិន។រូបភាព AFP
× ចិន នៅថ្ងៃទី១ ខែមិថុនា បានលើកឡើងថាបាតុកម្ម កុបកម្ម និងចលាចលដែលបណ្តាលមកពីការស្លាប់របស់បុរសស្បែកខ្មៅ George Floyd បង្ហាញឲ្យឃើញពីការរើសអើងពូជសាសន៍ និងអំពើហិង្សាពីសំណាក់ប៉ូលិសដែលមានលក្ខណៈធ្ងន់ធ្ងរនៅក្នុងសង្គមអាមេរិក។
ដោយនិយាយសំដៅលើការស្លាប់របស់បុរសស្បែកខ្មៅ George Floyd ដោយអំពើព្រៃផ្សៃរបស់នគរបាលនៅរដ្ឋមីនីសូតា លោកZhao Lijian អ្នកនាំពាក្យក្រសួងការបរេទសចិនបាននិយាយថា ជីវិតរបស់មនុស្សស្បែកខ្មៅ ក៏ជាជីវិតដែរ ហើយសិទ្ធិរបស់ពួកគាត់ត្រូវតែទទួលការការពារ។ ក្នុងសន្និសីទសារព័ត៌មានថ្ងៃទី១ ខែមិថុនា លោក Zhao បន្ថែមថា៖« ការរើសអើងប្រកាន់ពូជសាសន៍ ប្រឆាំងជនជាតិភាគតិច នៅអាមេរិក ជាជំងឺរ៉ាំរ៉ៃក្នុងសង្គម»។
ក្រោយការផ្ទុះបាតុកម្មនៅអាមេរិក អ្នកការទូត ក៏ដូចជាសារព័ត៌មានរដ្ឋចិន បានចាប់យកឱកាសចលាចលហិង្សានៅអាមេរិក បណ្តាលមកពីការស្លាប់របស់បុរសស្បែកខ្មៅ ដើម្បីចោទប្រកាន់ពីពុតត្បុតរបស់អាមេរិក និងប្រៀបធៀបបាតុករនៅអាមេរិក ទៅនឹងកុបករនៅហុងកុង។
អ្នកនាំពាក្យក្រសួងការបរទេសចិនខាងលើ ក៏ឆ្លៀតភ្ជាប់ការរើសអើងពូជសាសន៍នេះ ទៅនឹងបាតុកម្មនៅហុងកុងផងដែរ។ លោក Zhao និយាយថា ការឆ្លើយតបរបស់រដ្ឋាភិបាលអាមេរិកទៅនឹងបាតុកម្ម គឺជាឧទាហរណ៍ជាក់ស្តែង នូវការអនុវត្តស្តង់ដារពីរ។ លោក Zhao លើកជាសំណួរថា ហេតុអ្វីបានការធ្វើបាតុកម្មនៅហុងកុង ត្រូវបានលើកតម្កើងជាសកម្មជន និងជាវីរជន ប៉ុន្តែហៅអ្នកធ្វើបាតុកម្ម ប្រឆាំងនឹងការរើសអើងពូជសាសន៍នៅអាមេរិក ជាកុបករ។
តាំងតែពីមានការផ្ទុះបាតុកម្មនៅហុងកុងមក រដ្ឋាភិបាលចិន តែងតែបន្ទោសទៅលើកម្លាំងបរទេស ចំពោះចលាចលទាំងឡាយ ដោយហៅអ្នកបាតុកម្មរាប់លាននាក់នៅហុងកុង ថាជាកុបករ ដោយហេតុតែមានការ ប៉ះទង្គិចជាមួយប៉ូលិស តាំងតែពីខែមិថុនាឆ្នាំ២០១៩មក។ ការប៉ះទង្គិចជាមួយបាតុករ និងការបង្ក្រាបពីសំណាក់រដ្ឋាភិបាលចិន ជារឿងដែលរដ្ឋាភិបាលបស្ចិមប្រទេស ជាពិសេសអាមេរិក ប្រើប្រាស់ជាឧបករណ៍រិះគន់រដ្ឋាភិបាលចិន និងដែលធ្វើឲ្យចិនក្តៅក្រហាយរាល់លើក៕
© រក្សាសិទ្ធិដោយ thmeythmey.com