COVID-19
អន្តរជាតិ
កូរ៉េខាងត្បូង ផ្ដល់​ឧបករណ៍​តេស្តរ​កកូ​វីដ​១៩ ចេញ​លទ្ធផល​ត្រឹម​៩០​នាទី​ឲ្យ​កម្ពុជា​
02, Jun 2020 , 8:19 pm        
រូបភាព
រដ្ឋមន្ត្រីសុខាភិបាលកម្ពុជា ម៉ម ប៉ុនហេង (ស្តាំ) និងអគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំប្រទេសកម្ពុជាលោក Park Heung Kyeong ក្នុងព
រដ្ឋមន្ត្រីសុខាភិបាលកម្ពុជា ម៉ម ប៉ុនហេង (ស្តាំ) និងអគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំប្រទេសកម្ពុជាលោក Park Heung Kyeong ក្នុងព
ដោយ:
​រដ្ឋាភិបាល​សាធារណរដ្ឋ​កូរ៉េ បាន​បរិច្ចាគ​ឧបករណ៍​ធ្វើតេស្ត​រក​ជំងឺ​កូ​វីដ​១៩ (Real Time PCR) ដល់​ក្រសួងសុខាភិបាល​កម្ពុជា ក្នុង​គោលដៅ​ជួយ​គាំទ្រ​កិច្ចប្រឹងប្រែង​រដ្ឋាភិបាល​ប្រយុទ្ធប្រឆាំង​ជំងឺ​រាតត្បាត​សកល​នេះ​។ ឧបករណ៍​តេស្ត​ដែល​ផលិតផល​ក្នុងស្រុក​កូរ៉េ​ផ្ទាល់ អាចធ្វើ​តេស្ត​រក COVID-19​បាន​ជាង​៨​ពាន់​ដង និង​ប្រើពេល​ត្រឹម​៩០​នាទី​ដើម្បី​ចេញ​លទ្ធផល ដែលមាន​ភាពជាក់លាក់​ខ្ពស់​។​

 
 
​ពិធី​ប្រគល់​បរិក្ខារ​ពេទ្យ​ដ៏​ចាំបាច់​សម្រាប់​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​១៩​នេះ បានធ្វើ​ឡើង​នៅ​ទីស្តីការក្រសួង​សុខាភិបាល​កម្ពុជា​កាលពី​ចុង​សប្តាហ៍​មុន ដោយមាន​អគ្គរដ្ឋទូត​កូរ៉េខាងត្បូង​ប្រចាំ​ប្រទេស​កម្ពុជា លោក Park Heung-Kyeong ជា​អ្នក​ប្រគល់​ដោយផ្ទាល់​ជូន​ដល់​លោក​រដ្ឋមន្ត្រី​សុខាភិបាល ម៉ម ប៊ុនហេង​។ នេះ​តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​កូរ៉េខាងត្បូង​ប្រចាំ​កម្ពុជា​។ 
 
​ឧបករណ៍​នេះ អាច​រៀបចំ​ការធ្វើ​តេស្ត​រក​កូ​វីដ​១៩ បាន​សរុប​៨៦៤០​លើក ហើយ​មាន​កម្រិត​ជាក់លាក់​ខ្ពស់ (high accuracy) ក្នុង​ការរក​កូ​វីដ​១៩ ។ សេចក្តីប្រកាស​ព័ត៌មាន​ដដែល សរសេរថា ឧបករណ៍​តេស្ត​នេះ អាច​ផ្ដល់​លទ្ធផល​ត្រឹម​៩០​នាទី ហើយ​រំពឹងថា ជួយ​សម្របសម្រួល​ដល់​ការធ្វើ​តេស្ត​លឿន​ជាង​មុន និង​ការឆ្លើយតប​របស់​រដ្ឋា​ភិ​បាល​កម្ពុជា​ប្រឆាំង​កូ​វីដ​១៩​។ 
 
​សេចក្តីប្រកាស​ព័ត៌មាន សង្កត់ធ្ងន់ថា​៖«​ការបរិច្ចាគ​ពី​សំណាក់​រដ្ឋាភិបាល​សាធារណរដ្ឋ​កូរ៉េ មាន​គោលដៅ​ជួយ​គាំទ្រ​ផ្នែក​ធ្វើតេស្ត​រក កូ​វីដ​១៩​ដើម្បី​ធានា​សុវត្ថិភាព​ប្រទេស​កម្ពុជា ក៏ដូចជា​រួមចំណែក​ប​ង្កា​រ​ការរីក​រាលដាល​ជំងឺ​រាតត្បាត​កូ​វីដ​១៩»​។ 
 



​បច្ចុប្បន្ន កូ​វីដ​១៩​សម្លាប់​មនុស្ស ៣៧៦ ៨៩៤ នាក់ និង​ចម្លង​ជាង​៦,៣​លាន​នាក់​នៅ​ទូទាំង​ពិភពលោក​។ បន្ថែម​ពី​ការបរិច្ចាគ​ឧបករណ៍​តេស្ត​នេះ រដ្ឋាភិបាល​លោក​ប្រធានាធិបតី មូ​ន ចេ​អ៊ី​ន កាលពីដើម​ខែឧសភា ក៏បាន​ផ្ដល់ជំនួយ​ហិរញ្ញវត្ថុ​២០​ម៉ឺន​ដុល្លារ​ឲ្យ​ក្រសួងសុខាភិបាល​កម្ពុជា ដើម្បី​ជួយ​គាំទ្រ​ដល់​កិច្ចប្រឹងប្រែង​ដោះស្រាយ​បញ្ហា កូ​វីដ​១៩​ផងដែរ​។ 
 
​សូមបញ្ជាក់ ចាប់តាំងពី​ឆ្នាំ ២០១៧ មក ទីភ្នាក់ងារ​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​កូរ៉េ (KOICA) បាន​ជួយ​គាំទ្រ​កិច្ចការ​ដ៏​សកម្ម​របស់​ក្រសួងសុខាភិបាល​កម្ពុជា​ដើម្បី​បង្ការ ស្វែងរក និង​ឆ្លើយតប​ប្រឆាំង ជំងឺឆ្លង​នានា តាមរយៈ​ភាពជា​ដៃគូ​ជាមួយ​មជ្ឈមណ្ឌល​គ្រប់គ្រង​និង​បង្ការ​ជំងឺ​សហរដ្ឋអាមេរិក (US CDC) ។ គម្រោង​ដំណាក់កាល​ទី​២ ដែលមាន​ឈ្មោះថា​«​ពង្រឹង​ប្រព័ន្ធ​សុខាភិបាល​ដើម្បី​បង្ការ ស្វែងរក និង​ឆ្លើយតប​ប្រឆាំង​ជំងឺឆ្លង​» នឹងត្រូវ​ចាប់ផ្ដើម​ក្នុងឆ្នាំនេះ ហើយ​កិច្ច​គាំទ្រ​នេះ នឹងត្រូវ​បន្ត​ជាមួយ​ថវិកា​មូលនិធិ​សរុប ៨,៥​លាន​ដុល្លារ​សម្រាប់​រយៈពេល​៦​ឆ្នាំ​។ 
 
​បច្ចុប្បន្ន ប្រទេស កម្ពុជា មាន​ករណី​ឆ្លង​កូ​វីដ​១៩ សរុប ១២៥​ករណី ក្នុងនោះ​អ្នកជំងឺ​១២៣​នាក់​ជាសះស្បើយ​។ អ្នកជំងឺ​២​នាក់​ប៉ុណ្ណោះ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​។ កម្ពុជា​គ្មាន​ករណី​ស្លាប់​ដោយសារ​ជំងឺ​នេះឡើយ​។ 
 
​ជំនួយ​បរិក្ខារ​ពេទ្យ​របស់​រដ្ឋាភិបាល​កូរ៉េខាងត្បូង បានផ្ដល់​ឲ្យ​ស្រប​ពេលដែល​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា បាន​ក្រើនរំឭក​ឱ្យ​ពលរដ្ឋ​ប្រុងប្រយ័ត្ន​រលក​ទី​២ នៃ​ជំងឺ​កូ​វីដ​១៩​ហើយ​សង្កត់ធ្ងន់ថា រដ្ឋាភិបាល​ត្រៀមលក្ខណៈ​ជានិច្ច​ដើម្បី​ទប់ស្កាត់​។ 
 
​ត្រង់ចំណុច​នេះ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់​កាលពី​សប្តាហ៍​មុន​ថា​៖«​សូមកុំ​ឱ្យមាន​វិប្បដិសារី​កើតឡើង ព្រោះតែ​ការធ្វេសប្រហែស​មើលស្រាល​ចំពោះ​ស្ថានការណ៍​បច្ចុប្ប្ន​ន្ន​។ ទោះបី​ចំនួន​អ្នក​ឆ្លង​ក្នុងប្រទេស​យើង​មាន​តិច​មែន តែ​យើង​ត្រូវ​បង្កើន​ការយកចិត្តទុកដាក់​ខ្ពស់ នឹង​ត្រៀម​ទប់ស្កាត់​គ្រប់ពេល ជាពិសេស​នៅក្នុង​រលក​ទី​២​នៃ​ការ​ងើបឡើង​វិញ​នៃ​ជំងឺឆ្លង​រលាក​ផ្លូវដង្ហើម​កូ​វីដ​១៩ ដ៏​កាច​សាហាវ​បំផុត​នេះ​»៕
 
 

Tag:
 កូរ៉េខាងត្បូង​
  កម្ពុជា​
  ឧបករណ៍​តេស្ត​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com