មូសុង​និរតី​នឹង​បង្ក​ឲ្យ​មាន​រន្ទះ ខ្យល់​កន្ត្រាក់​នៅ​តំបន់​វាលទំនាប ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ឦសាន
ជាតិ
សង្គមជាតិ
មូសុង​និរតី​នឹង​បង្ក​ឲ្យ​មាន​រន្ទះ ខ្យល់​កន្ត្រាក់​នៅ​តំបន់​វាលទំនាប ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ឦសាន
03, Jun 2020 , 7:59 am        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ​៖ ចាប់ពី​ថ្ងៃទី​៣-៩ ខែមិថុនា កម្ពុជា​ទទួលរង​នូវ​ខ្យល់មូសុង​នីរ​តី ដែល​បណ្តាល​ឲ្យ​តំបន់​វាលទំនាប តំបន់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់​ឦសាន គ្របដណ្តប់​ដោយ​ទឹកភ្លៀង និង​បង្ក​ឲ្យ​មាន​បាតុភូត​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​។ នេះ​បើតាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម ជាមួយនឹង​ការអំពាវនាវ​ឲ្យ​ពលរដ្ឋ​នៅ​តំបន់​ទាំងនោះ​ប្រុងប្រយ័ត្ន​ឲ្យ​មែនទែន​។

 
​ក្រសួង​ធនធានទឹក បាន​បញ្ជាក់ថា ខេត្ត​ដែល​នៅ​តំបន់​វាលទំនាប​កណ្តាល មាន​សីតុណ្ហភាព​អប្បបរមា​ពី​២៥​ទៅ​២៧​អង្សា និង​សីតុណ្ហភាព​អតិបរមា​ន​ពី​៣៤-៣៦​អង្សា និង​មាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​ពី​មធ្យម​ទៅ​បង្គួរ​។ ចំណែក​នៅ​ផ្នែក​ខ្លះ ក្នុង​ទំនាប​ភាគ​ពាយ័ព្យ និង​ភាគ​កណ្តាល ក៏មាន​ភ្លៀង​ធ្លាក់​ដែរ​។​
 
​សម្រាប់​បណ្តា​ខេត្ត​ដែល​នៅ​តំបន់​ជួរ​ភ្នំ​ដួង​រែក និង​តំបន់​ខ្ពង់រាប​ឦសាន មាន​សីតុណ្ហភាព​អប្បបរមា​ចាប់ពី​២៤​ទៅ​២៦​អង្សា និង​សីតុណ្ហភាព​អតិបរមា​ពី ៣៣​ទៅ​៣៥​អង្សា និង​មាន​ភ្លៀង​ធ្លាក់​ពី​ខ្សោយ​ទៅ​មធ្យម​។ ដោយឡែក​ខេត្ត​ជាប់​ឆ្នេរសមុទ្រ នឹងមាន​សីតុណ្ហភាព​អប្បបរមា​ពី ២៥ ដល់​២៧​អង្សា និង​សីតុណ្ហភាព​អតិបរមា​ពី​៣២​ដល់​៣៤​អង្សា ព្រមទាំង​មាន​ភ្លៀង​ធ្លាក់​ពី​តិច ទៅ​បង្គួរ​។ 
 
​ក្រសួង​ធនធាន បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ប្រុងប្រយ័ត្ន​ខ្ពស់ ចំពោះ​បាតុភូត​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ ពិសេស​នៅ​តំបន់​វាលទំនាប ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ឦសាន​៕  
 
 

Tag:
 អាកាសធាតុ​
 ​រន្ទះ​
 ​ខ្យល់​កន្ត្រាក់​
© រក្សាសិទ្ធិដោយ thmeythmey.com