កីឡាជាតិ
ជាតិ
វេជ្ជបណ្ឌិត ស្តើង ជា ប្រាប់របៀបហូបអាហារ កុំឲ្យប៉ះពាល់សុខភាពអំឡុងពេលលេងកីឡា លោក ស្តើង ជា ប្រធានគណៈកម្មការវេជ្ជសាស្ត្រកីឡាកម្ពុជា
× អ្នកលេងកីឡា មិនអាចទទួលទានអាហារផ្តេសផ្តាស ខុសក្បួនខ្នាតវិទ្យាសាស្ត្រកីឡានោះទេ ព្រោះវាអាចនាំឲ្យប៉ះពាល់ដល់សុខភាព។ ការទទួលទានអាហារមុន និងក្នុងអំឡុងពេលហ្វឹកហាត់ ឬលេងកីឡា វាមានលក្ខណៈខុសៗគ្នាទៅតាមប្រភេទអាហារ។ តើត្រូវទទួលទានអាហារដោយរបៀបណា ដើម្បីកុំឲ្យប៉ះពាល់ដល់សុខភាព?
វេជ្ជបណ្ឌិត ស្តើង ជា ប្រធានគណៈកម្មការវេជ្ជសាស្ត្រកីឡាកម្ពុជា បានលើកឡើងពីរបៀបទទួលទានអាហារ ដើម្បីកុំឲ្យប៉ះពាល់ដល់សុខភាពក្នុងអំឡុងពេលហ្វឹកហាត់ និងលេងកីឡា។ បើតាមវេជ្ជបណ្ឌិតរូបនេះ អាហារខ្លះអាចហូបមុន អាហារខ្លះអាចហូបក្នុងអំឡុងពេល និងអាហារខ្លះអាចហូបក្រោយការហ្វឹកហាត់ និងលេងកីឡា។
ប៉ុន្តែការហូបអាហារទាំងនោះត្រូវធ្វើតាមពេលវេលាកំណត់ក្នុងវិទ្យាសាស្ត្រកីឡា។ ហើយមុនជ្រើសរើសអាហារ អ្នកហ្វឹកហាត់ ឬអ្នកលេងកីឡាត្រូវគិតពីផលប៉ះពាល់នៃអាហារ។ ក្នុងន័យនេះ គឺត្រូវជ្រើសរើសអាហារណាដែលមិនប៉ះពាល់ដល់សុខភាព។
ពាក់ព័ន្ធការទទួលទានអាហារ លោក ស្តើង ជា បានពន្យល់ថា៖«ចំពោះចំណីគោក ឬវត្ថុរឹងៗ យើងត្រូវទទួលទានឲ្យបាន៤ម៉ោងមុនហ្វឹកហាត់ ឬលេងកីឡា រីឯចំណីរាវៗយើងត្រូវទទួលទានឲ្យបាន២ទៅ៣ម៉ោង បើទឹកដែលផ្តល់ថាមពលត្រូវទទួលទានឲ្យបាន១ម៉ោង ឬកន្លះម៉ោងមុន។ តែចំណីយើងត្រូវគិតគូថា ចំណីណាដែលអាចទទួលទានបានដោយគ្មានទុក្ខទោសដល់យើង ពីព្រោះបុគ្គលម្នាក់ៗមានទម្លាប់ខុសៗគ្នា»។
ដោយឡែក កីឡាករ ឬអ្នកហាត់កីឡាអាចហូបទឹកបានគ្រប់ពេលវេលាទាំងមុន ក្រោយ និងក្នុងអំឡុងពេលប្រកួត និងហ្វឹកហាត់។ បន្ថែមលើនេះ កីឡាករ ឬអ្នកហាត់កីឡាទាំងអស់ គួរហូបទឹករៀងរាល់១៥នាទីម្តង ដើម្បីជួយស្តារ និងបំពេញជាតិទឹកក្នុងសារពាង្គកាយ។ នេះជាការបន្ថែមរបស់លោក ស្តើង ជា។
សម្រាប់លោក ស្តើង ជា ក្រៅពីយល់ដឹងពីរបៀបរបបនៃការបរិភោកអាហារ អ្នកហាត់កីឡា ឬអ្នកលេងកីឡា គួរយល់ដឹងពីរបៀបនៃការហាត់កីឡា ឬលេងកីឡា។ ជាពិសេសអ្នកហាត់កីឡាទាំងអស់ត្រូវធ្វើចលនាកម្តៅសាច់ដុំមុនពេលហ្វឹកហាត់ បន្ទាប់មកត្រូវចលនាសម្រួលសាច់ដុំមកវិញ ក្រោយការហ្វឹកហាត់ ឬប្រកួត។ ព្រោះការធ្វើបែបនេះ វាអាចជួយកាត់បន្ថយហានិភ័យគ្រោះថ្នាក់ ឬប៉ះពាល់ដល់សុខភាព៕
© រក្សាសិទ្ធិដោយ thmeythmey.com