COVID-19
អន្តរជាតិ
ថៃ ពិចារណា​ឈប់សម្រាក​រយៈពេល​វែង​ក្នុង​ខែកក្កដា​ដើម្បី​សង​ការលុបចោល​ពិធី​សង្ក្រាន្ត​
02, Jun 2020 , 8:39 pm        
រូបភាព
ដោយ:
​រដ្ឋាភិបាល​ថៃ បាន​គូសបញ្ជាក់ថា ការឈប់​សម្រាក​ច្រើន​ថ្ងៃ​ក្នុង​ខែកក្កដា កំពុង​ត្រូវ​យកមក​ពិចារណា​ដើម្បី​សង​ការលុបចោល​ពិធីបុណ្យ​ចូលឆ្នាំ​ថ្ងៃ​កាលពី​ខែមេសា​។ មូលហេតុ​ផ្អាក​ប្រារព្ធ​កាលនោះ គឺ​ដើម្បី​បង្ការ​ការ​រាលដាល​ជំងឺ​រាតត្បាត​សកល COVID-19 ។ យ៉ាងណាមិញ ឈប់​ឬ​មិន​ឈប់​គឺ​អាស្រ័យ​លើ​ស្ថានភាព COVID-19 អំណោយផល​។

 
​មជ្ឍមណ្ឌល​គ្រប់គ្រង​ស្ថានការណ៍​COVID-19​ថៃ (CCSA) នៅ​ថ្ងៃទី ១ ខែមិថុនា បញ្ជាក់ថា ថ្ងៃ​ឈប់សម្រាក​សម្រាប់​សង​ថ្ងៃបុណ្យ​សង្ក្រាន្ត គឺអាច​ទៅរួច​នា​ខែ​ខាងក្រោយ តែ​ត្រូវមាន​លក្ខខណ្ឌ​មួយ​គឺ​តួលេខ​អ្នក​ឆ្លង COVID-19 បន្ត​ធ្លាក់ចុះ​ទាប​។ 
 
​តាម​កាសែត បាងកក​ប៉ុស្តិ៍ អ្នកនាំពាក្យ CCSA លោក Taweesilp Visanuyothin អះអាង​ដូច្នេះ​ថា​៖«​ខែកក្កដា អាចជា​ពេលវេលា​សម្រាប់​សងការ​ប្រារព្ធ​ថ្ងៃបុណ្យ​សង្ក្រាន្ត (​ដែល​ត្រូវ​ផ្អាក​) ប្រសិន​អ្វី​គ្រប់យ៉ាង​មាន​សភាព​ល្អប្រសើរ​»​។​
 
​រដ្ឋាភិបាល​ថៃ បានសម្រេច​ពន្យារពេល​ថ្ងៃ​ឈប់សម្រាក​សង្ក្រាន្ត​ដែល​ត្រូវ​ប្រារព្ធ​ចាប់ពី​ថ្ងៃទី​១៣ ដល់​ថ្ងៃទី​១៥ ខែមេសា រហូតដល់​ជូនដំណឹង​ជាថ្មី​។ ការផ្អាក​នេះ​គឺធ្វើឡើង​ដោយ​បារម្ភ​ថា ការប្រមូល​ផ្ដុំគ្នា​មនុស្ស​ច្រើន និង​ការធ្វើដំណើរ​ទៅ​ស្រុកកំណើត​របស់​ពលរដ្ឋ​ថៃ អាចធ្វើ​ឲ្យ​ការផ្ទុះ​រាលដាល COVID-19 កាន់តែ​អាក្រក់​ថែមទៀត​។ 
 
​គិត​ត្រឹម​ថ្ងៃទី ២ ខែមិថុនា ប្រទេស ថៃ មាន​ករណី​ឆ្លង COVID-19 សរុប ៣០៨៣​ករណី និង​អ្នកស្លាប់ ៥៨​នាក់​។ បើតាម​វេ​ប​សាយ worldometers អ្នកជា​សះស្បើយ​មាន ២៩៦៦ នាក់ ខណៈ​សល់​សម្រាក​នៅ​ពេទ្យ​ព្យាបាល​ចំនួន ៥៩​នាក់​៕ 
 
 

Tag:
 ថៃ​
  ពិធី​សង្ក្រាន្ត​
  COVID-19
  ទេសចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com