COVID-19
អន្តរជាតិ
នាយករដ្ឋមន្ត្រីកាណាដា ទាត់ចោលសំណើអាមេរិកដែលចង់អញ្ជើញរុស្ស៊ីចូលក្រុមប្រទេស G7 ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (ខាងឆ្វេង) ជជែកគ្នាជាមួយនាយករដ្ឋមន្រ្តីកាណាដា លោក Justin Trudeau នាកិច្ចប្រជុំG7 នៅប្រទេសបារាំង ក្នុងឆ្នាំ២០១៩។ រូបភាព៖ Twitter, Justin Trudeau
× នាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau បានចេញមុខបដិសេធមិនឲ្យរុស្ស៊ីមកចូលរួមក្នុងកិច្ចប្រជុំក្រុមប្រទេសមានសេដ្ឋកិច្ចរីកចម្រើនទាំង៧ (G7) នាពេលខាងមុខ តាមការអញ្ជើញរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំឡើយ។ ការលើកឡើងរបស់ប្រមុខរដ្ឋាភិបាលកាណាដា នៅថ្ងៃទី១ ខែមិថុនា បែបនេះ ធ្វើឡើងដោយសំអាងថា រុស្ស៊ីមិនសាកសមមកចូលប្រជុំG7 នោះទេ ព្រោះប្រទេសមួយនេះ មិនគោរពច្បាប់ទម្លាប់ និងបំពានច្បាប់អន្តរជាតិ។
កិច្ចប្រជុំក្រុមប្រទេសមានសេដ្ឋកិច្ចរីកចម្រើនទាំង៧ ដែលគ្រោងប្រារព្ធឡើង នៅខែមិថុនា ខាងមុខ នានិវេសនដ្ឋាន Camp David ត្រូវបានប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ គ្រោងអញ្ជើញរុស្ស៊ី កូរ៉េខាងត្បូង ឥណ្ឌា និងអូស្ត្រាលីឲ្យមកចូលរួម។ ការបន្ថែមសមាជិកឲ្យមកចូលរួមក្នុងកិច្ចប្រជុំG7 នេះ គឺលោកត្រាំ បានសំអាងថា កិច្ចប្រជុំមួយនេះ គឺហួសសម័យ និងមិនសក្តិសម ក្នុងការតំណាងឲ្យពិភពលោកទាំងមូល។
យ៉ាងណាក៏ដោយ កិច្ចប្រជុំក្នុងខែមិថុនានេះ ត្រូវបានអាមេរិកលើកពេលប្រជុំ ដោយសារតែស្ថានភាពCOVID-19 នៅអាមេរិក និងការបដិសេធ មិនទៅចូលរួមរបស់សមាជិកមួយចំនួន ដូចជាអាល្លឺម៉ង់ជាដើម។ បើតាមលោកត្រាំ កិច្ចប្រជុំG7 អាចធ្វើឡើងសារជាថ្មី នៅក្នុងខែកញ្ញាខាងមុខ។
ទាក់ទងនឹងការចូលរួមរបស់រុស្ស៊ីក្នុងជំនួប G7 នេះ កាណាដាបានលើកឡើងថា រុស្ស៊ីមិនសាកសម ក្នុងការចូលរួមក្នុងកិច្ចប្រជុំនេះឡើយ។ ថ្លែងប្រាប់អ្នកសារព័ត៌មាន នៅថ្ងៃទី១ ខែមិថុនា នាយករដ្ឋមន្ត្រី Justin Trudeau បានអះអាងថា រុស្ស៊ីមិនសក្តិសមចូលរួមក្នុងកិច្ចប្រជុំ G7 ឡើយ ព្រោះប្រទេសមួយនេះ មិនគោរពច្បាប់អន្តរជាតិ និងបំពានបទដ្ឋានអន្តរជាតិ។ ប្រមុខរដ្ឋាភិបាលកាណាដា សំដៅទៅលើសកម្មភាពរបស់រុស្ស៊ី កាលពីឆ្នាំ២០១៤ ដែលបានលេបត្របាក់ យកទឹកដីគ្រីមៀ។
ក្រៅពីហាមវត្តមានរុស្ស៊ី កាណាដាក៏បដិសេធការបន្ថែមសមាជិកចូលរួមក្នុងកិច្ចប្រជុំនេះផងដែរ។ តាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP លោក Trudeau បានបញ្ជាក់យ៉ាងដូច្នេះថា៖ «វាពិតជាសំខាន់ណាស់ ក្នុងការរក្សាសមាជិកប្រជុំឲ្យនៅដដែល ហើយត្រូវប្រាកដថា យើងកំពុងតែសហការជាមួយគ្នាជាអន្តរជាតិ នៅក្នុងពេលនេះ ដើម្បីដោះស្រាយវិបត្តិ(COVID-19) »។ ក្នុងន័យនេះ ការបន្ថែមសមាជិក គឺមិនសំខាន់ឡើយ ប៉ុន្តែកិច្ចប្រជុំនេះ ត្រូវការការសហការគ្នាពីសមាជិក G7 ទាំងអស់ ។
សូមបញ្ជាក់ថា កាលពីមុនឆ្នាំ ២០១៤ រុស្ស៊ី ក៏ជាសមាជិកនៃកិច្ចប្រជុំក្រុមប្រទេសមានសេដ្ឋកិច្ចរីកចម្រើននេះដែរ ដែលពេលនោះ គឺគេហៅថាកិច្ចប្រជុំក្រុមប្រទេសមានសេដ្ឋកិច្ចរីកចម្រើនទាំង៨ (G8)។ ប៉ុន្តែដោយសារតែ រុស្ស៊ីលេបត្របាក់យកទឹកដីគ្រីមៀ នៅក្នុងឆ្នាំ២០១៤ សមាជិកទាំងអស់ បានសម្រេចដករុស្ស៊ីចេញពីកិច្ចប្រជុំG8។ បន្ទាប់ពីដកសមាជិកភាពរុស្ស៊ីចេញពីកិច្ចប្រជុំ G8 ត្រូវបានប្តូរមកជា G7 វិញ។ សមាជិក G7 មានអាមេរិក កាណាដា អាល្លឺម៉ង់ បារាំង អ៊ីតាលី ជប៉ុន និងអង់គ្លេស៕
© រក្សាសិទ្ធិដោយ thmeythmey.com