COVID-19
កីឡាជាតិ
ជាតិ
ក្រោយ​ក្រសួង​អនុញ្ញាត សូ​ហ្វ​តិ​ន្នី​ស​គ្រោង​រៀបចំ​ការប្រកួត​ធំៗ​៣ នៅ​ឆ្នាំនេះ​
02, Jun 2020 , 9:59 pm        
រូបភាព
ដោយ:
​សហព័ន្ធ​កីឡា​សូ​ហ្វ​តិ​ន្នី​ស​កម្ពុជា បង្ហាញ​គម្រោង​រៀបចំ​ការប្រកួត​កម្រិត​ជាតិ និង​អន្តរជាតិ​ធំៗ​៣​នៅ​ឆ្នាំនេះ​។ សហព័ន្ធ ប្តេជ្ញា​ថា នឹង​បន្ត​អនុវត្ត​វិធានការ​ការពារ​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល ដើ​ម្ប​បង្ការ​និង​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​។ ជាក់ស្តែង​កាលពីពេល​ថ្មីៗ សហព័ន្ធ បាន​បាញ់ថ្នាំ​សម្លាប់​មេរោគ​ក្នុង​ទីលាន​ហ្វឹកហាត់ និង​កន្លែង​ស្នាក់នៅ​របស់​កីឡាករ​។​

 
​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ជា ប៊ុនហេង អនុប្រធាន​ទី​១​នៃ​សហព័ន្ធ​កីឡា​សូ​ហ្វ​តិ​ន្នី​ស​កម្ពុជា បានបង្ហាញ​ពី​គម្រោង​រៀបចំ​ការប្រកួត​ធំៗ​៣ ក្រោយ​ទទួលបាន​ការអនុញ្ញាត​ពី​ក្រសួង​អប់រំ​យុវជន​និង​កីឡា ក្នុងការ​ប្រមូលផ្តុំ​ហ្វឹកហាត់​ក្រុម​ជម្រើសជាតិ និង​រៀបចំ​ការប្រកួត​កីឡា​ឡើងវិញ​។ ព្រឹត្តិការណ៍​ជាតិ និង​អន្តរជាតិ​ទាំង​៣​នោះ រួមមាន​ការប្រកួត​ជើងឯក​ថ្នាក់ជាតិ​, ពានរង្វាន់​សម្តេច ស ខេង និង​ការត្រៀម​ធ្វើ​ម្ចាស់ផ្ទះ​ការប្រកួត​ជើងឯក​អាស៊ីអាគ្នេយ៍​។  
 
​បើតាម​ប្រធាន​អង្គភាព​កីឡា​នគរបាលជាតិ​រូបនេះ ការប្រកួត​ជើងឯក​ថ្នាក់ជាតិ ដែល​ទទួលបាន​ថវិកា​ទ្រទ្រង់​ពី​ក្រសួង​អប់រំ យុវជន​និង​កីឡា និង​ការប្រកួត​ពានរង្វាន់​ស​ម្តេច ស ខេង គ្រោង​រៀបចំ​នៅក្នុង​ខែមិថុនា នេះ​។ តាម​គម្រោងការ​ប្រកួត​ជើងឯក​ថ្នាក់ជាតិ គ្រោង​ធ្វើឡើង​ក្នុងអំឡុង​ខែមីនា ឆ្នាំ​២០២០ តែ​ត្រូវបាន​លើក​ពេល​ដោយសារ​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​-១៩​។  
 
​ដោយឡែក ការប្រកួត​ជើងឯក​អាស៊ីអាគ្នេយ៍ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​លើកដំបូង មិនទាន់បាន​កំណត់ពេល​រៀបចំ​ច្បាស់លាស់​នៅឡើយ​ទេ​។ ការមិនទាន់កំណត់​នេះ ដោយសារ​ប្រទេស​មួយចំនួន​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ដែល​គ្រោង​ប​ញ្ចូ​ន​កីឡាករ​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​នេះ កំពុង​ប្រឈម​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​-១៩​។ 
 
«​យើង​នឹង​ធ្វើជា​ម្ចាស់ផ្ទះ​ការប្រកួត​កីឡា​សូ​ហ្វ​តិ​ន្នី​ស​ជ្រើសរើស​ជើងឯក​អាស៊ីអាគ្នេយ៍ ប៉ុន្តែ​យើង​បាន​ពន្យារពេល​អត់​មានកំណត់​កាលបរិច្ឆេទ​នោះទេ​។ យើង​ប្រកួត​ក្នុងប្រទេស អាច​ប្រកួត​បាន ប៉ុន្តែ​ពេល​អ្នក​មកពី​ក្រៅប្រទេស​មក ហើយ​ប្រទេស​ជុំវិញ​យើង​ដូចជា​ម៉ាឡេស៊ី ឥណ្ឌូណេស៊ី ថៃ ជាដើម​មិន​ធូរស្រាល​នៅឡើយ​ទេ​(​កូ​វីដ​-១៩)​ដូច្នេះ​វា​មិនដឹង​ពន្យារពេល​ដល់​ណា​នោះទេ​»​។ នេះ​ជាការ​លើកឡើង​របស់លោក ជា ប៊ុនហេង​។  
 
 


 
​ទោះបី​ស្ថានភាព​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ នៅ​កម្ពុ​ជាមាន​ភាព​ធូរស្បើយ សហព័ន្ធ​កីឡា​សូ​ហ្វ​តិ​ន្នី​ស​កម្ពុជា នឹង​បន្ត​អនុវត្ត​ឲ្យ​បាន​តឹងរ៉ឹង​នូវ​វិធានការ​ណែនាំ​របស់​ក្រសួងសុខាភិបាល តាមរយៈ​ការរក្សា​គម្លាត​ស​ង្គ និង​បុគ្គល លាងដៃ​ឲ្យ​បាន​ញឹកញាប់​ជាមួយ​សាប៊ូ អាល់កុល ឬ​ជែ​ល និង​ពាក់​ម៉ាស​នៅពេល​ចាំបាច់​។ នេះ​ជាការ​ប្តេជ្ញា​របស់​ថ្នាក់ដឹកនាំ​សហព័ន្ធ​កីឡា​សូ​ហ្វ​តិ​ន្នី​ស​។  
 
​សហព័ន្ធ​កីឡា​សូ​ហ្វ​តិ​ន្នី​ស​កម្ពុជា កាលពី​ថ្ងៃទី​២៨ ឧសភា បាន​បាញ់ថ្នាំ​សម្លាប់​មេរោគ​តាម​ទីលាន​ហ្វឹកហាត់ និង​កន្លែង​ស្នាក់នៅ​របស់​កីឡាករ មុន​អនុញ្ញាត​ឲ្យ​ពួកគេ​ចូល​ហ្វឹកហាត់ និង​ស្នាក់នៅ​។ ការធ្វើ​បែបនេះ គឺ​ដើម្បី​ធានាថា ទីលាន​សូ​ហ្វ​តិ​ន្នី​ស​មិនមែនជា​កន្លែង​ចម្លងជំងឺ​កូ​វីដ​-១៩​។ 
 
 


 
​ប្រធាន​អង្គភាព​កីឡា​នគរបាលជាតិ​ខាងលើ​រំពឹងថា តាមរយៈ​ការប្រកួត​ពានរង្វាន់​ជើងឯក​ថ្នាក់ជាតិ និង​ពានរង្វាន់​សម្តេច ស ខេង នឹង​អាចជួយ​ស្តារ​សមត្ថភាព​របស់​កីឡាករ​ឲ្យ​មាន​ភាពល្អប្រសើរ​ឡើងវិញ បន្ទាប់ពី​ពួកគេ​ផ្អាក​ការហ្វឹកហាត់​អស់​រយៈពេល​ជាច្រើន​ខែ​កន្លងមកនេះ​៕ 

Tag:
 សូ​ហ្វ​តិ​ន្នី​ស​
  ជា ប៊ុនហេង
© រក្សាសិទ្ធិដោយ thmeythmey.com