COVID-19
អន្តរជាតិ
ព្រឹត្តិការណ៍បង្ហាញម៉ាស៊ីនហ្គេម PlayStation 5 ត្រូវលើកពេលព្រោះបាតុកម្មនៅអាមេរិក
× ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Sony បានប្រកាសពន្យារពេលព្រឹត្តិការណ៍បង្ហាញម៉ាស៊ីនហ្គេម PlayStation 5 ដែលគ្រោងរៀបចំឡើងនាថ្ងៃទី៤ ខែមិថុនា ព្រោះតែបាតុកម្មកំពុងកើតឡើងនៅសហរដ្ឋអាមេរិក។
ទោះមិនបានបញ្ជាក់ចំៗ ក្រុមហ៊ុន Sony នៅថ្ងៃទី១ ខែមិថុនា បានបញ្ជាក់លើបណ្ដាញសង្គម Twitter ថា៖«យើងដឹងថា អ្នកលេងហ្គេមនៅទូទាំងពិភពលោក រំភើបចិត្តចង់មើល ម៉ាស៊ីនហ្គេម PS5 ក៏ប៉ុន្តែយើងគិតថា ឥឡូវនេះពុំមែនជាពេលវេលាសមរម្យដើម្បីអបអរសាទរឡើយ»។ ពួកគេសង្កត់ធ្ងន់ថា៖«ហើយសម្រាប់ពេលនេះ យើងចង់ថយក្រោយ ហើយអនុញ្ញាតឲ្យសំឡេងសំខាន់ជាងត្រូវគេស្ដាប់ឮ»។
បើតាមសំណេរនេះ ក្រុមហ៊ុន Sony ច្បាស់ណាស់ ចង់សំដៅលើប្រតិកម្មចំពោះករណីស្លាប់របស់ George Floyd កាលពីសប្តាហ៍មុន ក្នុងរដ្ឋ Minnesota ដែលបង្កជាបាតុកម្មហិង្សានៅបណ្ដាទីក្រុងសំខាន់ក្នុងសហរដ្ឋអាមេរិកក្នុងបរិយាកាសជំងឺ COVID-19 ។
បន្ថែមពីដាក់បង្ហាញម៉ាស៊ីនហ្គេម PlayStation 5 ក្រុមហ៊ុនបច្ចេកវិទ្យានេះ ក៏មានគម្រោងលើកយកហ្គេមខ្លះដែលកំពុងអភិវឌ្ឍហើយនឹងតម្រូវសម្រាប់ម៉ាស៊ីនហ្គេមចុងក្រោយរបស់ក្រុមហ៊ុននេះផងដែរ។ ក្រុមហ៊ុន Sony បានសន្យាររៀបចំកម្មវិធីនេះរយៈពេល១ម៉ោង ដើម្បីបង្ហាញវត្តមានហ្គេមមួយចំនួន ដែលនឹងដាក់ឲ្យលេង នៅពេលម៉ាស៊ីនហ្គេម PlayStation 5 ដាក់លក់ជាផ្លូវការនាពេលខាងមុខ។
សូមបញ្ជាក់ថា ការសម្រេចចិត្តរបស់ក្រុមហ៊ុន Sony ផ្អាកព្រឹត្តិការណ៍នេះ ធ្វើឡើងក្រោយការប្រកាសដូចគ្នានេះរបស់ក្រុមហ៊ុនវីដេអូហ្គេម EA ពន្យារពេលព្រឹត្តិការណ៍ដាក់បង្ហាញហ្គេម Madden NFL 21 ហើយការសម្រេចរបស់ក្រុមហ៊ុន Google ផ្អាកការប្រកាសប្រព័ន្ធប្រតិបត្តិការ Android 11 beta របស់ខ្លួនផងដែរ។ យ៉ាងណាមិញ ក្រុមហ៊ុន Sony ពុំទាន់បង្ហាញកាលបរិច្ឆេទថ្មីសម្រាប់ព្រឹត្តិការណ៍ដែលលុបចោលនេះឡើយ៕
Tag:
សហរដ្ឋអាមេរិក
បាតុកម្ម
PlayStation 5
Sony
© រក្សាសិទ្ធិដោយ thmeythmey.com