ជាតិ
នាយករដ្ឋមន្ត្រី​កម្ពុជា ស្នើ​ឲ្យ​ជប៉ុន ព​ន្លឿ​ន​សាងសង់​ផែ​ទឹក​ជ្រៅ នៅ​ព្រះសីហនុ
02, Jun 2020 , 10:59 pm        
រូបភាព
រូបពីក្រសួងសាធារណការនិងដឹកជញ្ជូន
រូបពីក្រសួងសាធារណការនិងដឹកជញ្ជូន
​ភ្នំពេញ​៖ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ស្នើ​ឲ្យ​ជប៉ុន​ព​ន្លឿ​ន​គម្រោង​សាងសង់​កំពុងផែ​ទឹក​ជ្រៅ​នៅ​ព្រះសីហនុ ដើម្បី​ងាយស្រួល​ដឹកជញ្ជូន​ទំនិញ​ពី​ប្រទេស​ផ្សេង​ចូល​កម្ពុជ​ដោយផ្ទាល់​។



​ថ្លែង​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​ម​ន្រី្ត​រាជការ និង​ក្រុមការងារ​ស្ថាបនា​ផ្លូវ​ខេត្ត​ព្រះសីហនុ កាលពី​ថ្ងៃទី​១ មិថុនា សម្តេចនាយក​រដ្ឋមន្ត្រី  បញ្ជាក់​ដូច្នេះ​ថា​៖«​ជប៉ុន បានផ្ដល់​ហិរញ្ញប្បទាន​និង​ជួយ​យើង​ឲ្យ​ពង្រីក​កំពង់ផែ​ទឹក​ជ្រៅ ដែល​ខ្ញុំ​បាន​និយាយ​ជាមួយ​នាយក​រដ្ឋ​ម​ន្រី្ត​លោក ស៊ីន​ហ្សូ អា​បេ ឲ្យ​បន្ត​ការខិតខំ ដើម្បី​ជំរុញ​យ៉ាងម៉េច​ឲ្យ​កំពង់ផែ​របស់​យើង​នេះ ក្លាយទៅជា​កំពុងផែ​ទឹក​ជ្រៅ ដែលមាន​ជម្រៅ ដូចជា​ជម្រៅ​១៤​ម៉ែត្រ​កន្លះ ឲ្យ​បាន​ឆាប់​បំផុត ដើម្បី​ជៀសវាង​ការដឹកជញ្ជូន ដែល​ត្រូវ​ផ្ទេរ​នៅ​សិង្ហ​បុរី ឬ​ផ្ទេរ​នៅ​វៀតណាម​រួចហើយ ត្រូវ​ដឹក​ចូលមក​កម្ពុជា​»​។​
 
​មូលហេតុ​ដែល​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា ជំរុញ​ឲ្យ​ជប៉ុន​ព​ន្លឿ​ន​គម្រោង​សាងសង់​ផែ​ទឹក​ជ្រៅ​នេះ ព្រោះ​វា​ជា​ផ្នែក​អភិវឌ្ឍន៍​ពហុ​វិស័យ ទាំង​សេដ្ឋកិច្ច និង​ទេសចរណ៍​។ បើតាម​សម្ដេច មានប្រសាសន៍ថា ខេត្ត​ព្រះសីហនុ​មាន​តំបន់​សេដ្ឋកិច្ច​ពិសេស​ធំៗ​ពីរ ដែល​វិនិយោគ​ដោយ​ចិន​និង​ជប៉ុន​។ 
 
​កាលពី​ឆ្នា​២០១៥ ជប៉ុន​ផ្ដល់​ប្រាក់កម្ចី​ជាង ៧៤​លាន​ដុល្លារ សម្រាប់​គម្រោង​អភិវឌ្ឍន៍​ចំណត​ផែ​ពហុ​បំណង នៅ​កំពង់ផែ​ក្រុងព្រះសីហនុ ដើម្បី​ប្រតិបត្តិ​ការលើកដាក់​ទំនិញ​រាយ និង​ទំនិញ​ទូទៅ និង​ការសាងសង់​មូលដ្ឋាន​ផ្គត់ផ្គង់​ការរុករក​រ៉ែ​ក្នុង​ដែនសមុទ្រ​។ 
 
​ចាប់តាំងពី​ឆ្នាំ​១៩៩៩​មក ជប៉ុន​បានផ្ដល់​ប្រាក់កម្ចី​ដល់​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​នេះ ជាង​១៧៨​លាន​ដុល្លារ សម្រាប់​ការអភិវឌ្ឍន៍​គម្រោង​នានា​ក្នុង​កំពង់ផែ​នេះ​។ ការសាងសង​កំពង់ផែ​នេះ គឺ​ដើម្បី​ប្រតិបត្តិ​ការលើកដាក់​ទំនិញ​រាយ និង​ទំនិញ​ទូទៅ និង​ការសាងសង់​មូលដ្ឋាន​ផ្គត់ផ្គង់​ការរុករក​រ៉ែ​ក្នុង​ដែនសមុទ្រ​៕
 

Tag:
 កំពង់ផែ​
  ព្រះសីហនុ
© រក្សាសិទ្ធិដោយ thmeythmey.com