សង្គមអន្តរជាតិ​
អន្តរជាតិ
ក្រុង Yamato នៅ​ជប៉ុន គ្រោង​ហាម​ប្រើ​ទូរ​សព្ទ​នៅពេល​ដើរ​តាមផ្លូវ​
03, Jun 2020 , 8:29 am        
រូបភាព
ដោយ: ធីតា
​ដំណើរ​ថ្មើរជើង​ជាមួយ​ទូរ​សព្ទ​នៅជាប់​នឹង​ដៃ បាន​ក្លាយជា​ទម្លាប់​រប​ស់មនុស្ស​ជាច្រើន ហើយ​វា​ក៏បាន​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ផ្សេងៗ​ផងដែរ​។ ដើម្បី​ទប់ស្កាត់​បញ្ហា​នេះ សមាជិក​រដ្ឋបាល​ក្រុង Yamato ប្រទេស​ជប៉ុន ត្រៀម​ពិភាក្សា​ដើម្បី​ឈានទៅ​សម្រេច​ហាមប្រាម​ ការប្រើប្រាស់​ទូរ​សព្ទ​ដៃ​នៅពេល​ដើរ​តាមផ្លូវ​។​

 
​សំណើ បាន​បញ្ជូន​ទៅកាន់​ក្រុមប្រឹក្សា​ក្រុង Yamato កាលពី​ថ្ងៃ​ចន្ទ ទី​១ ខែមិថុនា ហើយ​គេ​រំពឹងថា ​វាទ​ទួលបាន​ការអនុម័ត​នៅ​ចុងខែ​។ លោក Masaaki Yasumi សមាជិក​រដ្ឋបាល​ក្រុង​ម្នាក់ បានលើកឡើង​ប្រាប់ AFP ថា​៖ «​ប្រសិនបើ​វិធានការ ត្រូវបាន​អនុម័ត នោះ Yamato នឹង​ក្លាយជា​ក្រុង​ដំបូង​នៅ​ជប៉ុន ​ដែល​ហាមប្រាម​ប្រើ​ទូរ​សព្ទ​នៅពេល​ដើរ​»​។​
 
Yamato ដែល​ស្ថិតនៅ​មិន​ឆ្ងាយ​ពី​ក្រុង​តូ​ក្យូ​នោះ ជាទី​ប្រជុំជន​ដ៏​ធំ​មួយ​ផងដែរ​។ បើតាម​លោក Yasumi មនុស្ស​ជាច្រើន​កាន់តែ​និយាយ​ប្រើប្រាស់​ស្មា​ត​ហ្វូ​ន​ នៅពេល​ដើរ​តាមផ្លូវ ហើយ​ចំនួន​នៃ​គ្រោះថ្នាក់​ក៏មាន​ច្រើន​ដូចគ្នា​ផងដែរ​។ លោក​បានលើកឡើង​យ៉ាង​ដូច្នេះ​ថា​៖ «​យើង​ចង់​លុបបំបាត់​ទម្លាប់​នេះ​ នៅក្នុង​ទីក្រុង​»​។ 
 
​តាមពិតទៅ​វិធានការ​នេះ នឹងមិន​មានការ​ដាក់​ពិន័យ​នោះឡើយ ពីព្រោះ​អាជ្ញាធរ​ទទួលស្គាល់​ពី​ភាពលំបាក ​ក្នុងការ​ទាញ​មនុស្ស​ឲ្យ​ផ្តាច់​ពី​ទូរ​សព្ទ​ដៃ ប៉ុន្តែ​អាជ្ញាធរ​នឹង​ពង្រីក​យុទ្ធនា​ការអប់រំ ដើម្បី​ឲ្យ​ពលរដ្ឋ​យល់ដឹង​ពី​គ្រោះថ្នាក់​នៃ​ទង្វើ​នេះ​។ លោក Yasumi បាន​លើកឡើងថា​៖ «​យើង​សង្ឃឹមថា ការហាម​ប្រាម​នេះ នឹង​ជំរុញ​មនុស្ស​ឲ្យ​ភ័យខ្លាច​ នៅពេលដែល​ពួកគេ​ប្រើប្រាស់​ទូរ​សព្ទ​ដៃ​ពេល​ដើរ​តាមផ្លូវ​»​។​
 
​ការសិក្សា​មួយ បង្ហាញថា អ្នកដើរ​ចុច​ទូរ​សព្ទ​ជាង​៨០​ភាគរយ មិនបាន​ផ្ចង់អារម្មណ៍​មើល​ទៅមុខ​នោះឡើយ​។ ករណី​ទាំងនេះ បណ្តាល​ឲ្យ​បុក​គ្នា ជាន់​វត្ថុ​ផ្សេងៗ រួមទាំង​ខូចខាត​ទូរ​សព្ទ​ផងដែរ​។ កាន់តែ​គ្រោះថ្នាក់​បន្ថែមទៀត​នោះ មាន​មនុស្ស​ចំនួន​បាន​ប្រើប្រាស់​ស្មា​ត​ហ្វូ​ន ខណៈ​ខ្លួន​កំពុង​ជិះ​កង់​។​
 
​ទោះបីជា​មិនមាន​ច្បាប់​ក៏ដោយ ប៉ុន្តែ​អ្នក​ដែល​បង្ក​គ្រោះថ្នាក់​មួយចំនួន​ ដោយសារតែ​ការប្រើប្រាស់​ស្មា​ត​ហ្វូ​ន ក៏​ធ្លា​ប់រង​ពិន័យ និង​បង់​ជំងឺ​ចិត្ត​ទៅដល់​ជនរងគ្រោះ​ផងដែរ​៕
 

Tag:
 ស្មា​ត​ហ្វូ​ន
© រក្សាសិទ្ធិដោយ thmeythmey.com