អន្តរជាតិ
មេរៀន​សំខាន់​ៗចំនួនប្រាំ ​ពី​ចលាចល​សង្គម​នៅ​អាមេរិក​
02, Jun 2020 , 8:20 pm        
រូបភាព
បាតុករម្នាក់ឈរទល់មុខនឹងកម្លាំងប៉ូលិស នៅក្នុងចលនាកុបកម្មមួយផ្តើមចេញពីការតវ៉ាចំពោះការស្លាប់របស់ចច ហ្វ្លយយ ដែលកើតមានឡើងនៅក្បែរសេតវិមាននៅថ្ងៃ ១ មិថុនា (រូបភាព៖ AFP)
បាតុករម្នាក់ឈរទល់មុខនឹងកម្លាំងប៉ូលិស នៅក្នុងចលនាកុបកម្មមួយផ្តើមចេញពីការតវ៉ាចំពោះការស្លាប់របស់ចច ហ្វ្លយយ ដែលកើតមានឡើងនៅក្បែរសេតវិមាននៅថ្ងៃ ១ មិថុនា (រូបភាព៖ AFP)
ចលនា​តវ៉ា ប្រែក្លាយជា​ហិង្សា​ពាសពេញ​សហរដ្ឋអាមេរិក ​ដែល​ផ្តើមចេញពី​ការស្លាប់​របស់​បុរស​អា​មេ​រិ​ក​ដើមកំណើត​អាហ្វ្រិក ច​ច ហ្វ្លយ តាំងពី​ចុងខែ​ឧសភា។ វា ជា​រឿង​ច​ម្រូ​ងចម្រាស​សម្រាប់​សង្គម​អាមេរិក​។ វិបត្តិ​ដែល​កំពុង​កើតឡើងនេះ ​ក្រៅតែពី​បង្ហាញ​ឲ្យ​ឃើញជំងឺ​សង្គម​រ៉ាំរ៉ៃ​ កើតចេញពី​ការរើសអើ​ង​ពូជសាសន៍ ពណ៌​សម្បុរស្បែក  វា​ក៏​អាច​ផ្តល់នូវ​មេរៀន​សំខាន់​មួយចំនួន ​ទាក់ទិន​វិបត្តិសង្គម សម្រាប់ប្រទេស​ផ្សេងទៀត​ដែរ ដើម្បី​ត្រៀមខ្លួន និង​ដោះស្រាយ​បញ្ហា​ ដែលខ្លួនកំពុងប្រឈម​។

 
​ការស្លាប់​របស់ ច​ច ហ្វ្ល​យ វ័យ ៤៦ ឆ្នាំ នៅ​ក្រុង Minneapolis នៃ​រដ្ឋ​មី​នី​សូ​តា ក្រោម​ទង្វើ​ព្រៃផ្សៃ និងអមនុស្សធម៌ ​របស់មន្ត្រីអនុវត្ត​ច្បាប់​ បន្ត​ដុត​រោល​កំហឹង​ប្រជាជន​អាមេរិករាប់ម៉ឺននាក់​ឲ្យ​ចូលរួម​ចលនា​បាតុកម្ម​ជា​ហូរហែ ​ទូទាំង​រដ្ឋ​សហព័ន្ធ​អាមេរិក​។ អ្វីដែល​គួរ​ឲ្យ​បារម្ភ​ និង​សោកស្តាយ​ ការតវ៉ា​រក​យុត្តិធម៌​សង្គម​ បាន​ដើរ​ហួស​គ​ន្លង​ច្បាប់​ក្លាយ ជា​ចលនា​កុបកម្ម បំផ្លិចបំផ្លាញ​ទ្រព្យសម្បតិ្ត​ឯកជន និង​រដ្ឋ។ ​មិន​ត្រឹមតែ​ប៉ុណ្ណោះ​ទេ មនុស្ស​ស្លូតត្រង់ដទៃទៀត​ បន្ត​ក្លាយជា​រងគ្រោះ ​និង​បាត់បង់​ជីវិត​ដោយ​ចលនា​នេះ​ផង​។ 
 
​គេ​ឃើញ​មាន មតិ​យល់ឃើញ​ផ្សេងគ្នា​ ចំពោះ​វិបត្តិ​ដែល​កំពុង​កើតឡើង​បច្ចុប្បន្ន ខណៈដែលពិភពលោក​ ងាក​ទៅ​ចាប់អារម្មណ៍​ពី​ការអូសបន្លាយ ​នៃ​ចលនា​តវ៉ា និង​ភាពគ្រោះថ្នាក់​ ដែល​បង្កដោយការប្រឈមមុខគ្នា​ រវាង​បាតុករ និង​អាជ្ញាធរ ​ជាពិសេស​ការដាក់​វិធានការ​ឆ្លើយតប​។ 

ខ្លះ​ទិតៀន​កុបករ ខ្លះ​រិះគន់​ការប្រើ​កម្លាំងបាយ​របស់​អាជ្ញាធ​រ ខ្លះ​បង្ហាញ​សមានចិត្ត​ចូលរួម​សោកស្តាយ​ ដោយ​ទទូច​ឲ្យ​មានការ​បញ្ចប់​ហិង្សា ​និង​រក​ដំណោះស្រាយ​ដោយ​សន្តិវិធី ឯ​ខ្លះទៀត​ពេបជ្រាយ ចំពោះរឿងរ៉ាវ​ដែល​ត្រូវបាន​លាតត្រដាង​ឡើង ​ក្នុងសង្គម​អាមេរិក​ផង​។ ទាក់ទិន​នឹង​កុបកម្ម ប្រាកដ​ហើយ​ថា រាល់​ជីវិត​មនុស្ស ទាំងអស់​សុទ្ធតែ​មានតម្លៃ​ ទោះជា​ស្បែក​ពណ៌​ស​ក្តី ខ្មៅ​ក្តី លឿង រាស្ត្រសាមញ្ញ​ក្តី ឬ​សមត្ថកិច្ច​ក្តី​។ ចំណែក​រាល់​ហិង្សា​ដែល​បង្ក​អសន្តិសុខ និងប៉ះពាល់​សណ្តាប់ធ្នាប់ និង​អាយុជីវិត ទោះជា​ក្រោម​ហេតុផល​ណាមួយ​ក៏ដោយ សុទ្ធតែជា​អំពើ​មិនអាច​ទទួលយក​បានឡើយ​។ 
 
​ពិតណាស់ វិបត្តិ​ដែល​កំពុង​កើតឡើង ​ផ្តើមចេញពី​ទង្វើ​អយុត្តិធម៌​សង្គម​ នៅក្នុង​ប្រទេស​ប្រជាធិបតេយ្យ ជឿនលឿន​ដូចសហរដ្ឋអាមេរិក  មិនមែនជា​សញ្ញា​ល្អពេក​ទេ​។ បញ្ហា​នេះ​ កំពុង​ធ្វើ​ឲ្យមហាអំណាច​ដ៏​មានឥទ្ធិពល និង​តួនាទី​សំខាន់​ ក្នុងការ​លើកស្ទួយ​យុត្តិធម៌​សង្គម ប្រជាធិបតេយ្យ និង​សមភាព​សង្គម នៅលើ​ពិភពលោក​នោះ ​បាត់បង់​តម្លៃ និង​ការគោរព​ផង​។ តែ​ស្លេះ​បញ្ហា​មួយ​ឡែក​សិន ដ្បិត​អត្ថបទ​មួយ​នេះ មាន​គោលបំណង​លើកយក​តែមេរៀន​មួយចំនួន ​ចេញពី​វិបត្តិ​សង្គម​អាមេរិក​បច្ចុប្បន្ន ​ដែលមាន​សារសំខាន់ សម្រាប់​មេដឹកនាំ អ្នកបង្កើត​គោលនយោបាយ និង​ប្រជាជន​នានា​នៅ​បណ្តា​ប្រទេស ដទៃ​គួរ​ដឹង ដូចខាងក្រោម​៖ 
 
​មេរៀន​ទីមួយ​គឺ ភាព​ក្រេវក្រោធ និង​អំពើហិង្សា​រាល់​គ្រប់​រូបភាព ​មិនមែនជា​ដំណោះស្រាយ​យូរអង្វែងឡើយ​។ ជាការ​ពិត ដូច​ពាក្យចាស់ យើង​ពោលថា «​កុំ​យក​កំហឹង ​ទល់នឹង​កំហល់​»​។  សេចក្តី​ស្អប់ ការគុំកួន និង​ប្រើ​ហិង្សា ក៏ដូចជា​ការប្រើ​កម្លាំងបាយ​គ្រប់រូប​ភាព មិន​អាចជា​កម្លាំងចលករ​ជំរុញ​ឲ្យ​មាន​ចម្លើយ​វិជ្ជមាន ឬ​សម្រេច​ជោគជ័យ ​ក្នុងការ​កែប្រែ​សង្គម​ពិតប្រាកដ​ទេ​។  ផ្ទុយទៅវិញ វា​ត្រឹមតែ​បង្ក​ឲ្យ​បញ្ហា​ដែល​កំពុង កើតឡើង​នោះ​កាន់តែ​ធ្ងន់ធ្ងរ និង​ហែកហួរ​សង្គម​ដែល​ផុយស្រួយ​ស្រាប់ ​ឲ្យ​កាន់តែ​ខ្ទេចខ្ទាំ​​ខ្លាំង​ប៉ុណ្ណោះ​។ 
 
​រាល់​ការទាមទារ ​ឬ​តវ៉ា​គួរ​ធ្វើឡើង​ដោយ​អហិង្សា និង​ព្យាយាម​ដ​ម្ក​ល់​ប្រយោជន៍​សាធារណៈ​ជាធំ ជាពិសេសមិន​បំពាន​ច្បាប់ និង​មិន​កេងចំណេញ​ស្ថានការណ៍​។ បើសិន​ការតវ៉ា​ ក្លាយជា​ហិង្សា ធ្វើ​ឲ្យ​បាត់បង់ ជីវិត​មនុស្ស និង​បង្កចលាចល​សង្គម វា​នឹង​ក្លាយ​វដ្ត​នៃ​អយុត្តិធម៌​សង្គម ​ហ៊ុមព័ទ្ធ​ដោយ​កំហឹង និង​ការគុំកួន​គ្នា ដែល​កើតឡើង​ម្តង​ហើយ​ម្តងទៀត ​រក​ចំណុច​បញ្ចប់​គ្មាន​។​
 
​មេរៀន​សំខាន់​ទី​ពីរគឺ រាល់​សង្គម​ទាំងអស់ ​ត្រូវការ​មេដឹកនាំ​មាន​សមត្ថភាព មាន​សុភ​វិនិច្ឆ័យ មាន​ឧ​ត្ត​ម​គតិ​ខ្ពស់ ចេះ​ឱបក្រសោប​មនុស្ស​ផងទាំងពួង​ក្នុងសង្គម​ មិន​ធ្វើ​ឲ្យ​សង្គម​បែកខ្ញែក មិន​ប្រកាន់​ក្រុម ​ឬ​ពូជសាសន៍ និងមានលទ្ធភាព​ផ្សះផ្សា​សង្គម​បាន​រហ័ស​។ ថ្វីបើពិបាក​ប្រទះ​មេដឹកនាំ​ ដែលមាន​សមត្ថភាព​ដោះស្រាយ​បញ្ហា​សង្គម​សព្វគ្រប់​ក្តី យ៉ាងហោចណាស់​ ក៏មាន​មេដឹកនាំ​ដែល​អាច​យល់​សុខទុក្ខ អាច​អន្តរាគមន៍​ចូល​រំសាយកំហឹង ក្រុមមនុស្ស​ណាមួយ​ដែល​ងើប​តវ៉ា ឬ​ដែល​កំពុង​រងគ្រោះ​ ដោយសារ​បញ្ហា​អយុត្តិធម៌​សង្គម​បាន​។ ទាំង​វោហារ​សព្ទ ពាក្យសម្តី រួមទាំង​ឥរិយាបថ​របស់​អ្នកនយោបាយ​ទាំងនោះ មាន​ឥទ្ធិពល​ខ្លាំង​ លើការធានាប្រសិទ្ធភាព​ ដោះស្រាយ​វិបត្តិ​ដូចគ្នា​។ 
 
​នៅ​សហរដ្ឋអាមេរិក​បច្ចុប្បន្ន លោក​ ដូ​ណា​ល់ ត្រាំ  ដែលជា​ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល ហើយក៏មាន​តួនាទី​ចម្បងបំផុត ​ក្នុងការធានាសាមគ្គីភាពជាតិ ពេល​ប្រទេស​កំពុង​ជួប​គ្រោះអាសន្ន​នោះ ​រង​ការទិតៀនមិន​សំចៃមាត់ ពី​គ្រប់មជ្ឈដ្ឋាន​នយោបាយ​ទាំង​ក្នុង និង​ក្រៅសង្គម​អាមេរិក​។ អត្ថបទ​កាសែត​ក្នុងស្រុក​ជាច្រើន បន្ត​រិះគន់ ត្រាំ ដែល​មិនបាន​ប្រញាប់ប្រញាល់​ឈឺឆ្អាល និង​ចេញមុខ​ជួយ​បន្សាប​ភាព​ក្រេវក្រោធ​របស់​បាតុករ។ ផ្ទុយទៅវិញ មេដឹកនាំ​រូបនេះ បែរជា​ព្យាយាមប្រើប្រាស់​ពាក្យសម្តី​ ដែល​បញ្ឆេះ​កំហឹង​ឲ្យ​មាន​ហិង្សាបន្ថែមទៅវិញ​។​
 
ទស្សនាវដ្តី​អា​ត្ល​ង់​ទិ​ក​ថ្ងៃទី ១​ខែមិថុនា បាន​ចុះផ្សាយ​អត្ថបទ​មួយ ​ដែល​រម្លឹក​ពី​អ​តី​កាលដែល​មេដឹកនាំ​អាមេរិក មានលទ្ធភាព ​និង​សមត្ថភាព​អន្តរាគមន៍ ​បញ្ចៀស​បញ្ហា​កុំ​ឲ្យ​ធ្ងន់ធ្ងរ​។ អត្ថបទ​នោះ​ លើកយក​ពី​ការរួមចំណែក របស់​មេដឹកនាំ​អាមេរិក​ក្នុងការ រំងាប់​កំហឹង​សាធារណៈ ក្នុងចលនាបាតុកម្មហិង្សាដែល​ផ្ទុះឡើង​នៅពេលដែល ​លោក ម៉ា​ទីន លូ​ធឺ​ឃី​ង (Martin Luther King) សកម្មជន​ស្បែកខ្មៅ​ដ៏​ល្បី ​ដែល​ទាមទារ​សិទ្ធិ​ស្មើគ្នា​ សម្រាប់​ប្រជាជន​ស្បែក​ខ្មៅ​ ត្រូវបាន​គេ​ធ្វើឃាត​នៅ​ឆ្នាំ ១៩៦៨​។ 
 
​ចំណែក​កាសែត​ផ្សេងទៀត​ បាន​ព្យាយាម​វាយតម្លៃ​ការដឹកនាំ​ដោយ​ប្រៀបធៀប​របៀ​ប​ដឹកនាំ ​របស់លោក ត្រាំ ទៅនឹង​ការដឹកនាំ​របស់ប្រធានាធិបតី​មុនៗ​ ទាំង​ប្រធានាធិបតី​សមាជិក​បក្សសាធារណរដ្ឋ​ លោក ច​ច ដា​ប៊ិ​ល​យូ​ប៊ូ​ស និងប្រធានាធិបតី​ស្បែក​ខ្មៅ ​លោក បា​រ៉ា​ក់ អូ​បា​ម៉ា ផង​។ ឲ្យ​តែមាន​បញ្ហា​ផ្ទុះ ឡើង​ទាក់ទិន​នឹង​បញ្ហា​ពូជសាសន៍ ឬ​សម្បុរស្បែក មេដឹកនាំ​​មុនៗ ​តែង​ប្រញាប់​ចេញ​បទ​អន្តរាគមន៍ ដូចគ្នា​ដើម្បី​សម្រួល ស្ថានការណ៍​កុំ​ឲ្យ​ធ្ងន់ធ្ងរ ​ឬ​អូសបន្លាយពេល​យូរ តាមរយៈ​ការចេញ​ថ្លែងការណ៍ ទៅកាន់​ប្រជាជាតិ ទទូច​ឲ្យ​ពួកគេ​អត់ធ្មត់ និង​ជួយ​សម្រួល​ឲ្យ​ការឈឺចាប់​របស់ពលរដ្ឋ​ធូរស្បើយ មួយគ្រា​សិន​ផងដែរ​។ យ៉ាងហោចណាស់ ​ក៏​អាច​បញ្ចៀស​ចលាចល​សង្គម​។  
 
​ប៉ុន្តែ​ថ្វីបើ​ចលនា​តវ៉ា​បាន​ផុសផុល​ឡើងជា​ច្រើន​ថ្ងៃ​ក្តី លោក ត្រាំ ត្រឹម​ប្រើប្រាស់​តែ​បណ្តាញ Twitter ដើម្បី​បង្ហោះ​សារ​ជា​ហូរហែ ហើយ​សារ​មួយចំនួន​ មាន​ទាំង​បង្កប់​អត្ថន័យ​រើសអើង និង​បញ្ឆេះកំហឹង ​រហូតដល់​ក្រុមហ៊ុន Twitter អន្តរាគមន៍​ដកចេញ​ផង​។ គ្មាន​ឡើយភាព​ប្រញាប់ប្រញាល់ ​រៀបចំ​ថ្លែង​សារ​ ទៅកាន់​ពលរដ្ឋ​អាមេរិក ​ដូច​មេដឹកនាំ​មុនៗ​ទេ​។ យ៉ាងណា​មិញ មន្ត្រី​ខ្លះ​ចង់​ឲ្យ​លោក ត្រាំ នៅ​ស្ងៀម​ ជាជាង​និយាយ ​ឬ​បង្ហោះ​សារ​មិន​ស្រាកស្រាន្ត​។​
 
​ជាក់ស្តែង អភិបាលក្រុង​អា​ត្ល​ង់​តា Keisha Lance Bottoms ថ្លែងប្រាប់​សារព័ត៌មាន CNN ដូច្នេះ​៖«លោក ត្រាំ គួរ​ឈប់​និយាយ​អ្វី​ទាំងអស់​។ រឿង​គ្រប់យ៉ាង​ មិន​ខុស​អ្វី​ករណី​បាតុកម្មហិង្សា​នៅ Charlottesville ទេ​។ ឲ្យ​តែ​ត្រាំបើក​មាត់​និយាយ គឺ​គាត់​ដឹង​តែ​ធ្វើ​ឲ្យ​គ្រប់យ៉ាង ​យ៉ាប់យឺន​ជាង​មុន​ទៅទៀត​»​។ អភិបាលរដ្ឋ​រូបនេះ ​ផ្តល់យោបល់​ថា សេត​វិមាន​អាមេរិក ​គួរណា​ស់មាន​មនុស្ស​ណា​ម្នាក់​ ដែលមាន​សុភ​វិនិច្ឆ័យ និង​មាន​មនសិការ​ល្អ​ល្មម​អាច​យ៉ាងហោចណាស់​ និយាយ​អ្វីដែល​ត្រូវ​។​
 
​តាមពិតទៅ បញ្ហា​ដែល​កំពុង​កើតឡើង ​ធ្វើ​ឲ្យ​អាមេរិក​ទាំងមូល​អាប់អោន​កិត្តិយស និង​បង់​តម្ លៃ​នៃ​គោល​គំនិត សេរីភាព សិទ្ធិមនុស្ស ប្រជាធិបតេយ្យ​ ដែលជា​ផ្នែក​មួយ​សង្គម រួមទាំង​បង់អស់ភាពខ្លាំង​នៃ​សង្គម​មួយ ​ដែល​កសាងឡើង​ផ្អែកលើ​ការ​ឲ្យ​តម្លៃ ភាព​ចម្រុះ​ពូជសាសន៍​។ មិន​ត្រឹមតែប៉ុណ្ណោះ អាមេរិក​ក៏ត្រូវ​ថមថយ​ឥទ្ធិពលលើ​ពិភពលោក ក្នុងនាម​ជា​មហាអំណាច​ប្រជាធិបតេយ្យ ជា​ឋានសួគ៌នៃ​សេរីភាព និង​សិទ្ធិមនុស្ស​។ សូម្បីតែ​រដ្ឋ​ដែលមានប្រព័ន្ធ​ដឹកនាំ​អំណាច​ប្រមូលផ្តុំ និងរឹតត្បិត​សិទ្ធិមនុស្ស ដូចជារុស្ស៊ី និង​ចិន ក៏​បានដៃ​បញ្ចេញ​សារ​ពេបជ្រាយ និង​ចម្អកឡកឡឺយ​ ចំពោះ​អាមេរិក​ថែមទៀត​។​
 
​មេរៀន​ទី​បី គឺ គ្មាន​ឡើយ​សង្គម​ដែល​ល្អឥតខ្ចោះ​។ សង្គម​ណា​ក៏​ដូច​សង្គម​ណា​ដែរ ​សុទ្ធតែមាន​ភាពស្រស់ស្អាត និង​ភាពអាក្រក់​រឿង​ខ្លួន អាច​គ្រាន់តែ​តិច​ ឬ​ច្រើន​ប៉ុណ្ណោះ ទោះ​ស្ថិតក្នុង ប្រទេស​រីកចម្រើន ឬ​ក្រីក្រ​ក្តី​។ ខ្លះ​ជួប​បញ្ហា​ក្រីក្រ និង​សេដ្ឋកិច្ច ខ្លះទៀត​រួមរឹត​ដោយ​បញ្ហា​អយុត្តិធម៌​សង្គម និង​វិសមភាព​សង្គម។ ខ្លះទៀត​ត្រូវ​រង​ទុក្ខ​ដោយសារ​បញ្ហា​ពុករលួយ និង​ភាពកម្សោយ​នៃ​ការដឹកនាំ និង​មួយចំនួនទៀត​ ត្រូវ​រងគ្រោះ​ដោយសារ​បញ្ហា​ជម្លោះ​ប្រដាប់អាវុធ ឬ​ភាព​បែកខ្ញែក​នៃ​សង្គម ​ផ្តើមចេញពី​ពូជសាសន៍​ជាដើម​។ ត្រង់ចំណុច​នេះ ថ្វីបើ​អាមេរិក​ ជា​សង្គម​ទំនើប​ផ្នែក​នយោបាយ ជា​មហាអំណាច ផុត​លេខ និង​មាន​តួនាទី​ធំធេង ​ក្នុង​លើកស្ទួយ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ បញ្ហា​រើសអើង ពូជសាសន៍​ពណ៌​សម្បុរស្បែក នៅតែ​ដិត​ដាម​ជាប់​ជ្រៅ​ក្នុងសង្គម និង​ផ្នត់គំនិត​ប្រជាជន​ខ្លះ​ ដែល​ពិបាក ជម្រះ​ចេញ​បាន​។ ដូច្នេះហើយ ​ការគិត ​ឬ​យល់ថា វាមាន​សង្គម​មួយ​ដែល​ល្អ​ផុត​គេ​នោះ​ ជាកំហុសឆ្គងមួយ។
 
​មេរៀន​ទី​បួន គឺរាល់​ពេលដែល​វិបត្តិ​កើតឡើង តែងតែមាន​តួអង្គ​អាក្រក់​ ដែល​ឆ្លៀតឱកាស​បង្កើត ឬ​ធ្វើ​ឲ្យ​បញ្ហា​កាន់តែ​ធ្ងន់ធ្ងរ​ ដើម្បី​ទាញ​ប្រយោជន៍​។ តួអង្គ​ទាំងនោះ ​អាចមាន​ទាំង​ឧក្រិដ្ឋជន ទាំង​ជន ខិលខូច រួមទាំង​អ្នកនយោបាយ​ផង​។ ចលនា​បាតុកម្ម​នៅ​អាមេរិក បច្ចុប្បន្ន​ផ្តើមឡើងដោយ​ការតវ៉ា​អហិង្សា ដើម្បី​ស្វែងរក​យុត្តិធម៌​ដល់​ជនរងគ្រោះ និង​ទាមទារ​ការកែទម្រង់​។ ប៉ុន្តែចលនា​ប្រមូលផ្តុំ​ទ្រង់ទ្រាយធំ​បែប​នោះ ​មិន​ងាយស្រួល​គ្រប់គ្រង​ទេ ហើយ​វារឹតតែ​លំបាក​ទៅទៀត ​បើសិនជា​ច​លនា​នោះកើតចេញពី​កំហឹង និងគ្មាន​រចនាសម្ព័ន្ធ​ដឹកនាំ​ត្រឹមត្រូវ​ទេនោះ​។ ដូច្នេះហើយ វា​បាន​ក្លាយជា​ឱកាស​សម្រាប់​ក្រុមឧក្រិដ្ឋជន និង​ក្រុម​ខិលខូច ដែលព្យាយាម​បង្កភាព​វឹកវរ ដើម្បីឲ្យ​ខ្លួន​មានលទ្ធភាព​ ទាញ​ប្រយោជន៍​តាម​ដែល​អាច​ធ្វើបាន​។   
 
​មេរៀន​ទី​ប្រាំ គឺ កម្អែល​នៃ​ផ្នត់គំនិត​រើសអើង​ពូជសាសន៍​នៅ​អា​មេ​រិកបង្ហាញ​ឲ្យ​ឃើញថាការកែប្រែ ឬ​ដោះស្រាយ​បញ្ហា​សង្គម​មួយ​ឲ្យ​អស់ទាំង​ស្រុង​ ត្រូវការ​ពេល​យូរ ឬ​ពេលខ្លះ​ពិបាក​សម្រេចបាន ថែម​ទៀតផង​។ 
 
​នៅទីណា​ក៏ដោយ គ្រប់គ្នា​សុទ្ធតែ​ចង់ឃើញ​សង្គម​មួយ​រីកចម្រើន​ទៅមុខ​លឿន និង​អាច​កែប្រែ ឬ​ដោះស្រាយ​បញ្ហា​ប្រឈម​ ដែល​កំពុង​កើតមាន​បាន​រហ័ស តាម​ដែល​គ្រប់គ្នា​ចង់បាន​។ យ៉ាងណាមិញ ការកែប្រែ​សង្គម មិនអាច​កើតឡើង​ភ្លាមៗ​តាមចិត្ត​ទេ ដ្បិត​វា​ត្រូវធ្វើឡើង​តាម ដំណាក់កាល​ហើយ បញ្ហាសំខាន់​នោះ​គឺលឿន ​ឬ​យឺត​អាស្រ័យ​លើ​ស្ថានភាព ឬ​បរិបទ​សង្គមវប្បធម៌ ផ្នត់គំនិត និង​អាចបូករួម​កត្តា​ដទៃ​ផ្សេងទៀត​ជាច្រើន​។ វា​ត្រូវការ​ការអត់ធ្មត់ ប្រឹងប្រែង រួមទាំង​ការចូលរួមពី​គ្រប់ភាគី ​ទាំងអ្នកនយោបាយ និង​ប្រជាជន​គ្រប់​ស្រទាប់វណ្ណៈ​ផងដែរ​។ 
 
​ដូចជា​ការ​អើ​ង​ពូជសាសន៍ ​នៅ​អាមេរិក​ដូច្នេះ​ដែរ​។ វា​បាន​បន្ត​ចាក់ស្រែះ ​ក្នុងសង្គម​អាមេរិក​ តាំងពី​ឆ្នាំ ១៦១៩ នៅពេលដែល​អង់គ្លេសម្ចាស់​អាណានិគម​ចាប់បង្ខំនាំយក​ប្រជាជន​អាហ្វ្រិក​មក​ធ្វើជា​ទាសករ​។  ជាង ៣០០ឆ្នាំ​ក្រោយមក ដោយសារ​ការប្រឹងប្រែង​តស៊ូ​មតិ និង​លះបង់ ការប្រែប្រួល​វិជ្ជមានជាច្រើន ​បាន​លេចចេញ​រូបរាង​ឡើង​ នៅក្នុង​សង្គម​អាមេរិក គ្រាន់តែ​វា មិនទាន់​ជម្រះ​បញ្ហា​អស់ទាំង​ស្រុង​ប៉ុណ្ណោះ​។ ដូច​ឃើញស្រាប់ ​ច្បាប់​ស្តីពី​សិទ្ធិ​ស៊ីវិល ​ត្រូវបាន​គេ​បង្កើតឡើង ឆ្នាំ១៩៦៤ ដោយ​ហាមឃាត់​រាល់​ការរើសអើង​មនុស្ ស​ផ្អែកលើ​ដើមកំណើត ​និង​ភេទ​នៅ​អាមេរិក និង​ការផ្តល់​សិទ្ធិ​នយោបាយ ​ដែល​ការពារ​ដោយ​ច្បាប់​ ស្តីពី​សិទ្ធិ​នយោបាយ​ឆ្នាំ១៩៦៥​។ ឆ្នាំ២០០៨ ប្រជាជន​អាមេរិក ​បោះឆ្នោត​រើស ​លោក បា​រ៉ា​ក់ អូ​បា​ម៉ា ជា​ប្រធានាធិបតី ហើយ​លោក​ក្លាយជា​មេ​រិ​ក​ដឹកនាំ កំពូល​ស្បែក​ខ្មៅ​ដំបូង​គេ ​ក្នុង​ប្រវត្តិសាស្ត្រ​អាមេរិក​ផង​។ 
 
ចុងក្រោយ​គឺ សាមគ្គីភាព និង​ឯកភាព​ជាតិ​។ ក្នុង​កាលៈទេសៈ​វិបត្តិ​នៅ​អាមេរិក​បច្ចុប្បន្ន វា​ជា​រឿង​ចាំបាច់​ត្រូវ​បែងចែក​ឲ្យ​ដាច់ ​រវាង​ការតវ៉ា​បញ្ចេញមតិ​ដើម្បី​យុត្តិធម៌ និង​ក្រុម​ហិង្សាបង្កចលនា​កុប្បកម្ម​ ដើម្បី​ឆ្លៀត​ទាញ​ប្រយោជន៍​ផ្ទាល់ខ្លួន​។ មិន​និយាយ​ដល់​ហិង្សា​ដែល​ខុសច្បាប់  ការឈានទៅចេញមុខ​ចូលរួម​គ្នា​ តវ៉ា​ពី​សំណាក់​ប្រជាជន​គ្រប់ស្រទាប់វណ្ណៈ មិនរើស​ពណ៌​សម្បុរ ឬជាតិ​សាសន៍នៅ​អាមេរិក ក្រោយការស្លាប់​របស់ ច​ច ហ្វ្លុ​យ អាច​បង្ហាញ​ឲ្យ​ឃើញ​ពី​ការឈឺឆ្អាលលើបញ្ហាសង្គម ក៏ដូចជាពី​ការ​សាមគ្គីភាពគ្នា​ជា​ធ្លុងមួយ ​រវាង​ប្រជាជន​ដែល​ធុញទ្រាន់ ឬ​លែងទ្រាំទ្ រ​បាន​នឹង​បញ្ហា​ដែល​កើតម្តងហើយម្តងទៀត ​មិនចេះចប់​។  
 
​ដូច្នេះ វា​រឿង​សំខាន់បំផុត​មួយ​ដែល ប្រជាជន​ក្នុងសង្គម​មួយ​ត្រូវ​ជួយ​ជ្រោមជ្រែង​គ្នា​ទៅវិញ​មក មិន​គិតពី​ភាព​ចម្រុះ​នៃ​ពូជសាសន៍ ភាពផ្ទុយ​គ្នា​នៃ​ការគិត ឬ​និន្នាការ​នយោបាយ​។ ទោះ​ក្នុង​ក្រុម ឬ​ពូជសាសន៍ និង​មាន​និន្នាការ នយោបាយ​បែបណាក៏ដោយ គ្រប់គ្នា​ជា​មនុស្សជាតិ​ដូចគ្នា និងជា​ជនរួមជាតិ​តែមួយ​។ ភាពមិន​អើពើ​នឹង​បញ្ហា​សង្គម ភាព​អាត្មានិយម ភាព​ស្អប់ខ្ពើម ភាព​ទោរទន់ តាម​និន្នាការ​នយោបាយ​ រហូតដល់​គុំកួន ស្អប់ខ្ពើម​ហែកហួរ​គ្នា សុទ្ធសឹងតែ​ជា​ឧ​សគ្គ​ធំ​បំផុត ដែល​រារាំង​ការអភិវឌ្ឍ​សង្គម​មួយ ប្រកបដោយ​ចីរភាព ​និង​បរិ​យា​ប័ន្ន​ដែរ​៕     
 
 
 

Tag:
 អាមេរិក​
  ច​ច ហ្វ្ល​យ
© រក្សាសិទ្ធិដោយ thmeythmey.com