ជាតិ
ព្រំដែន
កម្ពុជា ប្រាប់​វៀតណាម ឲ្យ​រុះរើ​តង់​៣១​កន្លែង​លើ​តំបន់​ព្រំដែន​មិនទាន់​ឯកភាពគ្នា​ឲ្យ​បាន​ឆាប់​
02, Jun 2020 , 9:11 pm        
រូបភាព
កម្លាំងនគរបាលខេត្តកណ្តាល​ ចុះពិនិត្យតាមបណ្តោយព្រំដែន កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០ កន្លងទៅ ហើយឃើញតង់យោធាវៀតណាម(រូបពីស្នងការដ្ឋាននគរបាលខេត្តកណ្តាល)
កម្លាំងនគរបាលខេត្តកណ្តាល​ ចុះពិនិត្យតាមបណ្តោយព្រំដែន កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០ កន្លងទៅ ហើយឃើញតង់យោធាវៀតណាម(រូបពីស្នងការដ្ឋាននគរបាលខេត្តកណ្តាល)
​កម្ពុជា បាន​ប្រាប់​ឲ្យ​វៀតណាម រុះរើ​តង់​ចំនួន​៣១​កន្លែង ដែល​ខ្លួន​បាន​បោះ​នៅលើ​តំបន់​ព្រំដែន​មិនទាន់​ឯកភាពគ្នា ក្នុង​ខេត្តកណ្តាល​ប្រទេស​កម្ពុជា ជាប់​នឹង​ខេត្ត​អាន​យ៉ាង​ប្រទេស​វៀតណាម ចេញ​ឲ្យ​បាន​ឆាប់​។ ការបញ្ជាក់​ដូច្នេះ​របស់​កម្ពុជា ធ្វើឡើង​នៅក្នុង​ជំនួប​ពិភាក្សា​មួយ​នៃ​ថ្ងៃទី​១ មិថុនា រវាង​លោកស្រី អ៊ា​ត សោភា រដ្ឋលេខាធិការ​ក្រសួងការបរទេស​កម្ពុ​ជា និងឯកអគ្គរដ្ឋទូត​វៀតណាម​ប្រចាំ​កម្ពុជា លោក Vu Quang Minh ។​

 
​តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស​កម្ពុ​ជា ចេញផ្សាយ​នៅ​ថ្ងៃទី​២ មិថុនា ក្នុងជំនួប​នោ ភាគី​កម្ពុជា ក៏​បញ្ជាក់​ពី​ការបន្ត​រក្សា​ស្ថានភាព​ដើម​មិន​កែប្រែ​លើ​តំបន់​នោះ​ផងដែរ​។ ក្រសួងការបរទេស​ក​ម្ពុ​ជា បញ្ជាក់​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​យ៉ាង​ដូច្នេះ​៖« ស្នើ​ឲ្យ​ភាគី​វៀតណាម​រុះរើ​តង់​ទាំងអស់​ចេញ​ឲ្យ​បាន​ឆាប់ ហើយ​បន្ត​រក្សា​ស្ថានភាព​ដើម​មិន​កែប្រែ​លើ​តំបន់​នោះ រហូតដល់​គណៈកម្មកា​រ​ព្រំដែន​នៃ​ប្រទេស​ទាំង​២ ដោះស្រាយ​កំណត់​ខ្សែ​ព្រំដែន​ជាក់លាក់​ជា​ស្ថាពរ​នៅ​តំបន់​នោះ ដើម្បី​ប្រែក្លាយ​តំបន់​ព្រំដែន​ប្រកបដោយ​សន្តិភាព មិត្តភាព សហប្រតិបត្តិការ និង​ការអភិវឌ្ឍន៍ ជា​ប្រយោជន៍​រួម​សម្រាប់​ប្រជាជាតិ​នៃ​ប្រទេស​ទាំង​២»​។​
 
​សូមបញ្ជាក់ថា កាលពី​ថ្ងៃទី​១៣ ឧសភា កម្ពុជា បានធ្វើ​កំណត់​ទូត​តវ៉ា​ពី​ការបោះ​តង់​របស់​វៀតណាម​ចំនួន​៣១​កន្លែង លើ​តំបន់​ព្រំដែន​ដែល​មិនទាន់​ឯកភាពគ្នា ក្នុង​ខេត្តកណ្តាល​នៃ​ប្រទេស​កម្ពុជា ជាប់​នឹង​ខេត្ត​អាន​យ៉ាង​នៃ​ប្រទេស​វៀតណាម ដោយ​ស្នើ​ឲ្យ​ភាគី​វៀតណាម រុះរើ​តង់​នោះ​ចេញ និង​បញ្ឈប់​សកម្មភាព​នានា ដើម្បី​រក្សា​ស្ថានភាព​ដើម​មិន​កែប្រែ​នៅក្នុង​តំបន់​នេះ ស្របតាម​សេចក្តីប្រកាស​រួម​ចុះ​ថ្ងៃទី​១៧ ខែមករា ១៩៩៥ សន្ធិសញ្ញា​បំពេញបន្ថែម ឆ្នាំ​២០០៥ និង​កិច្ចព្រមព្រៀង​ពាក់ព័ន្ធ​ព្រំដែន​ប្រទេស​ទាំង​២​។ 
 
​តាម​ក្រសួងការបរទេស​កម្ពុជា​ដដែល នៅ​ថ្ងៃទី​២៨ ខែឧសភា ឆ្នាំ​២០២០ ក្រសួងការបរទេស​វៀ​ត​ណា​ម បាន​ឆ្លើយតប​ថា ការបោះ​តង់​នៅតាម​ព្រំដែន​ខេត្ត​អាន​យ៉ាងនេះ គឺជា​វិធានការ​បណ្តោះអាសន្ន​ចាំបាច់ ដើម្បី​ទប់ស្កាត់​ឲ្យ​ទាន់ពេលវេលា នៃ​ការធ្វើដំណើរ​ឆ្លងកាត់​ព្រំដែន ក្នុងអំឡុងពេល​នៃ​ការ​រាលដាល​ជំងឺ​កូ​វីដ​-១៩​។ ក្រសួងការបរទេស​វៀ​ត​ណា​ម​បន្តថា ការបោះ​តង់​នោះ​មិន​ប៉ះពាល់​ដល់​ការ​ខណ្ឌសីមា និង​បោះបង្គោល​ព្រំដែន លើ​តំបន់​ព្រំដែន​រវាង​ប្រទេស​ទាំង​២​នោះទេ ហើយក៏​សន្យា​រុះរើ​តង់​ដែល​បាន​បោះ​បណ្តោះអាសន្ន​ទាំងអស់ ចេញ​ផងដែរ​។ 
 
​នៅ​ថ្ងៃទី​១ ខែមិថុនា​នេះ ក្រសួងការបរទេស​ក​ម្ពុ​ជា បាន​អញ្ជើញ​ឯកអគ្គរដ្ឋទូត​វៀតណាម​ប្រចាំ​កម្ពុជា លោក Vu Quang Minh មកជួប​ពិភាក្សា និង​ស្នើ​ជំរុញ​ការសន្យា​នេះ​៕

អត្ថបទទាក់ទង
 
 

© រក្សាសិទ្ធិដោយ thmeythmey.com