ជាតិ
ការបើកប្រាក់អតីតភាពការងារ២០១៩-២០២០ របស់កម្មករ ត្រូវពន្យារពេល កម្មករនៅក្រៅម៉ោងធ្វើការ នៅខេត្តបន្ទាយមានជ័យ (រូបតំណាង, ប្រភពពីទំព័រហ្វេសប៊ុករបស់សម្ព័ន្ធសហជីពចលនាកម្មករ)
× ភ្នំពេញ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ប្រាប់ឲ្យម្ចាស់រោងកច្រនិងម្ចាស់សហគ្រាស ពន្យារពេលបើកប្រាក់អតីតភាពការងារ ដែលមានមុនឆ្នាំ២០១៩ និងឆ្នាំ២០២០ ដល់កម្មករនិយោជិតដោយលើកទៅបើកនៅក្នុងឆ្នាំ២០២១វិញ។ ចំពោះចំណាត់ការនេះ មេសហជីព មិនគាំទ្រឡើយ ដោយសារស្ថានភាពរបស់កម្មករនិយោជិត កំពុងខ្វះខាតលើជីវភាពរស់នៅប្រចាំថ្ងៃ។
តាមរយៈសេចក្ដីជូនដំណឹង នៅថ្ងៃទី២ មិថុនានេះ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ អះអាងថា ដើម្បីសម្រួលដល់វិស័យឯកជន រដ្ឋាភិបាល សម្រេចឲ្យម្ចាស់រោងចក្រនិងម្ចាស់សហគ្រាស ពន្យារពេលបើកប្រាក់បំណាច់អតីតភាពការងារមុនឆ្នាំ២០១៩ ដល់កម្មករនិយោជិត ក្នុងវិស័យវាយនភណ្ឌ កាត់ដេរ និង ស្បែកជើង។ លោក បន្តថា ប្រាក់បំណាច់អតីតភាពការងារថ្មីក្នុងឆ្នាំ២០២០ ម្ចាស់រោងកច្រនិងម្ចាស់សហគ្រាគ្រប់វិស័យ ក៏ត្រូវពន្យារពេលបើកដែរ ពោលគឺត្រូវបើកក្នុងឆ្នាំ២០២១។
លោក អាត ធន់ ប្រធានសហភាពការងារកម្ពុជា ទទួលស្គាល់ថា អំឡុងពេលកូវីដ១៩ ទាំងនិយោជក និងកម្មករនិយោជិត សុទ្ធតែជួបការខ្វះខាត ប៉ុន្តែលោកសង្កត់ធ្ងន់ថា លោកមិនគាំទ្រការពន្យារពេលើកប្រាក់អតីតភាពការងារឡើយ។ លោក បកស្រាយថា ភាពខ្វះខាតរបស់កម្មករនិយោជិត អាចគ្មានប្រាក់សម្រាប់ចាយវាយប្រចាំថ្ងៃឬខ្វះស្បៀងអាហារ ដែលខុសគ្នាឆ្ងាយរវាងការខ្វះខាតរបស់និយោជក ដោយគ្រាន់តែមិនបានផលចំណេញ។
លោក មានប្រសាសន៍ថា៖«ពេលរដ្ឋាភិបាល ចេញសេចក្ដីសម្រេចម្ដង មិនបានជជែកជាមួយសហជីពឬកម្មករ ហើយចេះតែចេញបែបហ្នឹង ខ្ញុំគិតថាកម្មករយើងប៉ះពាល់រងការលំបាកខ្លាំងណាស់ មិនគួរធ្វើសេចក្ដីសម្រេចផ្សេងៗ ដោយគិតថានិយោជកពិបាកបែបហ្នឹងទេ គួរតែជជែកគ្នាឲ្យបានច្រើនមុនចេញសេចក្ដីសម្រេច»។ លោក បន្ថែមថា ប្រាក់បំណាច់អតីតភាពនេះ មិនច្រើនទេ ដែលជាមធ្យោម អាចបានប្រមាណ១៥០ដុល្លារ ក្នុងម្នាក់ និងអាស្រ័យលើប្រាក់ខែនៃកម្មករនិយោជិត។ ប៉ុន្តែមេសហជីពរូបនេះ អះអាងថា ប្រាក់ទាំងនេះ គឺសំខាន់សម្រាប់កម្មករនិយោជិតណាស់ ព្រោះវាជួយសម្រួលមួយផ្នែកដល់ការរស់នៅរបស់ពួកគេ៕
Tag:
កម្មករកាត់ដេរ
ប្រាក់អតីតភាពការងារ
© រក្សាសិទ្ធិដោយ thmeythmey.com