ជាតិ
អង្គការ​សង្គម​ស៊ីវិល​កម្ពុជា​ស្នើ​ឲ្យ​ពន្យារពេល​ដំណើរការ​គម្រោង​វា​រី​អគ្គិសនី​ហ្លួង​ប្រា​បា​ង្គ​របស់​ឡាវ
03, Jun 2020 , 7:59 pm        
រូបភាព
រូបឯកសារ៖ ទង់​ពណ៌លឿង​ដែល​ដោត​នៅ​​មាត់​​ទន្លេ​មេគង្គ​ក្នុង​រូបនេះ សម្គាល់​កន្លែង​ដែល​ត្រូវបាន​ជ្រើសរើស​សម្រាប់​សាងសង់​ទំនប់​វារីអគ្គិសនី​ហ្លួងប្រាបាង្គ​ក្បែរ​ភូមិ Houaygno នៃ​ប្រទេស​លាវ នៅ​ថ្ងៃទី ៤ ខែវិច្ឆិកា ឆ្នាំ ២០១៩។ (Zsombor Peter/VOA)
រូបឯកសារ៖ ទង់​ពណ៌លឿង​ដែល​ដោត​នៅ​​មាត់​​ទន្លេ​មេគង្គ​ក្នុង​រូបនេះ សម្គាល់​កន្លែង​ដែល​ត្រូវបាន​ជ្រើសរើស​សម្រាប់​សាងសង់​ទំនប់​វារីអគ្គិសនី​ហ្លួងប្រាបាង្គ​ក្បែរ​ភូមិ Houaygno នៃ​ប្រទេស​លាវ នៅ​ថ្ងៃទី ៤ ខែវិច្ឆិកា ឆ្នាំ ២០១៩។ (Zsombor Peter/VOA)
ដោយ: VOA
​រដ្ឋធានី​វ៉ាស៊ីនតោន ៖ ក្រុម​អង្គការ​សង្គម​ស៊ីវិល ដែល​ធ្វើការ​ផ្នែក​អភិបាលកិច្ច​ទឹក​នៅ​កម្ពុជា នៅ​ថ្ងៃ​អង្គារ​នេះ បានស្នើ​ឲ្យ​ពន្យារពេល​ដំណើរការ​ពិគ្រោះ​យោបល់​ជាមុន​នៃ​គម្រោង​កសាង​ទំនប់​វា​រី​អគ្គិសនី​ហ្លួង​ប្រា​បា​ង្គ​របស់​ឡាវ ដោយ​លើក​ហេតុផល​ថា ការសិក្សា​អំពី​ផលប៉ះពាល់​ឆ្លងដែន​នៃ​គម្រោង​នេះ​មិនទាន់​ត្រូវបាន​សិក្សា​ឲ្យ​បាន​ល្អិតល្អន់​គ្រប់​ជ្រុងជ្រោយ​នៅឡើយ​។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​រួមគ្នា​របស់​អង្គការ​ទាំងនេះ ដែល​ចេញផ្សាយ​នៅ​ថ្ងៃទី​២ ខែមិថុនា ឆ្នាំ​២០២០​។

 
​ការអំពាវនាវ​នេះ​ធ្វើឡើង​តែ​ពីរ​ថ្ងៃ​ប៉ុណ្ណោះ មុនពេល​គណៈកម្មាធិកា​រ​ចម្រុះ​របស់​គណៈកម្មការ​ទន្លេមេគង្គ​គ្រោង​នឹង​ជួបប្រជុំគ្នា​ជា​សន្និសីទ​វីដេអូ​តាម​អ៊ី​ន​ធើ​ណិ​ត​ក្នុងអំឡុងពេល​មាន​ជំងឺ​រាតត្បាត​កូ​វីដ​១៩ ដើម្បី​សម្រេច​ថា តើ​ត្រូវ​បញ្ចប់ ឬ​ត្រូវ​ពន្យារពេល​ដំណើរការ​ពិគ្រោះ​យោបល់​ជាមុន​នៃ​គម្រោង​ទំនប់​វា​រី​អគ្គិសនី​នេះ​។​
 
​ក្រុម​អង្គការ​សង្គម​ស៊ីវិល​កម្ពុជា ដែល​បាន​ស្នើសុំ​ឲ្យ​ពន្យារពេល​នៃ​ដំណើរការ​នេះ រួមមាន​វេទិកា​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​ស្តីពី​កម្ពុជា​ហៅ​កាត់​ថា NGO Forum បណ្តាញ​ការពារ​ទន្លេសេសាន ស្រែ​ពក សេកុង សមាគម​ថែរក្សា​បរិស្ថាន​និង​វប្បធម៌ អង្គការ​ភូមិ​ខ្ញុំ និង​អង្គការ FACT​។​
 
​ក្រុម​អ្នកជំនាញ​ខាង​បរិស្ថាន​កន្លងមក​បាន​ព្រមាន​អំពី​ផលប៉ះពាល់​បរិស្ថាន​ឆ្លងដែន​ដ៏​មហន្តរាយ​ជាពិសេស​ទៅលើ​បឹង​ទន្លេសាប​ក្នុងប្រទេស​កម្ពុជា ដែល​អាច​បណ្តាលមកពី​ការកសាង​ទំនប់​វា​រី​អគ្គិសនី​ហ្លួង​ប្រា​បា​ង្គ​ដែលជា​គម្រោង​ទំនប់​មួយ​ក្នុងចំណោម​ទំនប់​យ៉ាងតិច​៩​ដែល​ប្រទេស​ឡាវគ្រោង​នឹង​សាងសង់​លើ​ទន្លេ​មេ​នៃ​ទន្លេមេគង្គ​។​
 
​ដំណើរការ​ពិគ្រោះ​យោបល់​ជាមុន​ក្នុងចំណោម​បណ្តា​ប្រទេស​ជា​សមាជិក​នៃ​គណៈកម្មការ​ទន្លេមេគង្គ​ដែល​រួមមាន​កម្ពុជា ថៃ ឡាវ និង​វៀតណាម​គឺមាន​រយៈពេល​យ៉ាងតិច​៦​ខែ ប៉ុន្តែ​អាច​ពន្យារពេល​បន្ថែមទៀត​បាន​។​
 
​ប្រទេស​ឡាវ​បានចាប់ផ្តើម​ដំណើរការ​ពិគ្រោះ​យោបល់​ជាមុន​នៃ​គម្រោង​ទំនប់​ហ្លួង​ប្រា​បា​ង្គ​នេះ​កាលពី​ខែតុលា​ឆ្នាំ​២០១៩៕
 

© រក្សាសិទ្ធិដោយ thmeythmey.com