កីឡាអន្តរជាតិ
អន្តរជាតិ
​កីឡាការិនី​វាយ​កូន​បាល់ Osaka ថា​ការ​រាលដាល​ហិង្សា​កាន់តែ​ធំធេង​ជាង​ការស្លាប់ George Floyd
03, Jun 2020 , 9:58 am        
រូបភាព
Naomi Osaka កីឡាការិនី​វាយ​កូន​បាល់​ដ៏​ល្បី​របស់​ជប៉ុន បាន​បន្ទរ​សំឡេង​បន្ថែម​ទៅកាន់​ការតវ៉ា​ជុំវិញ​ការស្លាប់​របស់​បុរស​ជ​ន​ជាតិ​ស្បែក​ខ្មៅ​នៅ​ទឹកដី​អាមេរិក​។ កីឡាការិនី​លំដាប់​ទី​១​ពិភពលោក​រូបនេះ មើលឃើញថា​ការឃុំ​ឃាំង​ប៉ូលិស និង​ការរិះគន់​អ្នក​បាតុកម្ម​ចំពោះ​ការ​លួច​ប្លន់ មាន​ទំហំធំធេង​ជាង​ការស្លាប់​របស់ George Floyd ទៅទៀត​។​

 
​រលក​នៃ​ការតវ៉ា​ទាមទារ​រក​យុត្តិធម៌​ឲ្យ George ដែល​បាន​ស្លាប់​ដោយសារ​ប៉ូលិស​ស្បែ​កស​ឈ្មោះ Derek Chauvin ប្រើ​ជង្គង់​សង្កត់ ក ផ្ទប់​ទៅនឹង​ដី​នោះ បាន​រាលដាល​កាន់តែខ្លាំង រហូត​ផ្ទុះ​ជា​អំពើ​ហឹ​ង្សា​នៅតាម​បណ្តា​ក្រុង​នានា​នៅ​អាមេរិក​។ ក្រុមអ្នកតវ៉ា នាំគ្នា​បំផ្លាញ ហាង​ទំនិញ ប៉ុស្តិ៍​ប៉ូលិស និង​ការដុត​បំផ្លាញ​ទីតាំង​មួយចំនួន​ផង​។ 
 
​ចលនា​បាតុកម្ម​ប្រែក្លាយជា​កុបកម្ម​ដោយមាន​ការប៉ះទង្គិច​គ្នា​ខ្លាំង​ឡើង​រវាង​ក្រុមបាតុករ​ទាមទារ​យុ​តិ្ត​ធម៌​ដល់​បុរស​ស្បែក​ខ្មៅ​និង​ប៉ូលិស នៅ​យប់​ថ្ងៃទី​៣០ ខែឧសភា នៅតាម​បណ្តា​ទីក្រុង​ធំៗ​ជាពិសេស​នៅ​ក្រុង Minneapolis នៃ​រដ្ឋ​មី​នី​សូ​តា​ដែលជា​ទីតាំង​ដែល​ករណី​រើសអើង​ពូជសាសន៍​ថ្មី​បំផុត​មួយ​ក្នុង​ប្រវត្តិសាស្ត្រ​អាមេរិក​។​
 
Osaka វ័យ​២២​ឆ្នាំ ដែល​បានកើត​នៅ​ប្រទេស​ជប៉ុន​ដោយមាន​ឪពុក​ជា​ជនជាតិ​ហៃ​ទី និង​ម្ដាយ​ជនជាតិ​ជប៉ុន​បាន​ផ្លាស់ប្តូរ​របៀប​ផុស​លើ​បណ្តាញ​សង្គម​បន្ទាប់ពី​មរណភាព​របស់ George​។  នាង​បាន​បង្ហោះ​លើ twitter ថា​៖« ភាពស្ងប់ស្ងាត់​ជុំវិញ​ការស្លាប់​របស់ George គឺ​មិនអាច​ទៅរួច​ឡើយ​។ វា​មិន​កើតឡើង​ចំពោះ​អ្នក​មែន តែ​វា​ក៏​មិន​មានន័យថា មិនមាន​អ្វី​កើតឡើង​នោះទេ​»​។​
​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​វិញ ម្ចាស់​ជើងឯក Australian Open ឆ្នាំ​២០១៩​នេះ បាន​បង្ហោះ​ផ្ទាំងគំនូរ George លើ​ជញ្ជាំង ក៏ដូចជា​អ្នក​ផ្សេងទៀត​ជុំវិញ​ការតវ៉ា​មួយ​ក្រោម​ប្រធានបទ «​យុត្តិធម៌​សម្រាប់ George Floyd»​។​
 
Osaka បន្ថែមថា រហូតមកទល់​ពេលនេះ​នាង​យល់ឃើញថា ការស្លាប់​របស់ George វ័យ​៤៦​ឆ្នាំ ហាក់​ថមថយ​ទៅវិញ ហើយ​សំឡេង​នៃ​ការរិះគន់​លើ​អ្នក​បាតុកម្ម​ដែល​ឆ្លៀតឱកាស​លួច​ឥ​វាន់​របស់​ប្រជាពលរដ្ឋ​បែរជា​គ្របដណ្តប់​ខ្លាំង​ឡើងៗ​៕

Tag:
 Naomi Osaka
  George Floyd
© រក្សាសិទ្ធិដោយ thmeythmey.com