អន្តរជាតិ
លោក ឌូ​ទើ​តេ ប្ដូរ​ចិត្ត​លែង​លុបចោល​កិច្ចព្រមព្រៀង​យោធា​ជាមួយ​អាមេរិក​វិញ​
03, Jun 2020 , 10:25 am        
រូបភាព
​ប្រធានាធិបតី​ហ្វីលីពីន រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ បានសម្រេច​ចិត្ត​ផ្អាក​ការលុបចោល​កិច្ចព្រមព្រៀង​យោធា​ជាមួយ​អាមេរិក ដោយ​លើក​ហេតុផល​ពី​ការវិវត្ត​ស្ថានការណ៍​នយោបាយ និង​បញ្ហា​ផ្សេងទៀត​ក្នុង​តំបន់​។ អាមេរិក ក៏​ស្វាគមន៍​ការសម្រេចចិត្ត​នេះ​។

 
​រដ្ឋមន្ត្រីការបរទេស​ហ្វីលីពីន Teodoro Locsin ជា​អ្នក​ប្រកាស​ការសម្រេចចិត្ត​រប​ស់​ប្រធានាធិបតី រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ ក្នុង​ការបន្ត​សុពលភាព​កិច្ចព្រមព្រៀង​យោធា Visiting Forces Agreement (VFA) ជាមួយ​អាមេរិក​។ នេះ​ជាការ​សម្រេចចិត្ត​បក​ក្រោយ​៨០​ដឺ​ក្រេ​របស់លោក ឌូ​ទើ​តេ ដែល​តែង​និយាយ​រិះគន់​លោកខាងលិច ពិសេស​អា​មេ​រក​មិន​សំចៃមាត់​។​
 
​កាលពី​ខែកុម្ភៈ លោក ឌូ​ទើ​តេ ប្រាប់​អាមេរិក​ពី​បំណង​បញ្ចប់​កិច្ចព្រមព្រៀង VFA បន្ទាប់ពី​រដ្ឋបាល​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ មិន​ផ្ដល់​ទិដ្ឋាការ​ឲ្យ​សមាជិក​ព្រឹទ្ធសភា​ម្នាក់​ដែលជា​អតីត​មេ​ប៉ូលិស​ដឹកមុខ​ក្នុង​យុទ្ធនាការ​បង្ក្រាប​គ្រឿងញៀន និង​ជា​សម្ព័ន្ធមិត្ត​ម្នាក់​របស់លោក ឌូ​ទើ​តេ ផ្ទាល់​។ សង្គ្រាម​គ្រឿងញៀន​នេះហើយ​ដែល​នាំ​ឲ្យ​ទំនាក់ទំនង​ហ្វីលីពីន និង​អាមេរិក​ល្អក់កករ​រហូត​មានការ​ប្រមាថ​មេដឹកនាំ​អាមេរិក​ដោយ​លោក ឌូ​ទើ​តេ ផងដែរ​។​
 
​ក្រោយ​ការប្រកាស​នេះ ដំណើរការ​បញ្ចប់​កិច្ចព្រមព្រៀង​ដែលមាន​រយៈពេល​៦​ខែ ក៏​ចាប់ផ្ដើម ហើយ​ត្រូវ​បញ្ចប់​នៅ​ខែសីហា​ខាងមុខ​។ ពីរ​ខែ​មុន​កិច្ចព្រមព្រៀង​ចប់ ហ្វីលីពីន ក៏​ដូរ​ចិត្ត​វិញ​។ រដ្ឋមន្ត្រីការបរទេស​ហ្វីលីពីន Teodoro Locsin និយាយថា ផែនការ​បញ្ចប់​កិច្ចព្រមព្រៀង​យោធា​ដែល​អនុញ្ញាត​ឲ្យ​កងទ័ព​អាមេរិក​ចូល​ទឹកដី​ហ្វីលីពីន​ដើម្បី​ធ្វើ​សមយុទ្ធ ឬ​បេសកកម្ម​ខ្លះ នឹងត្រូវ​ផ្អាក​សិន​យ៉ាងហោចណាស់​៦​ខែ​ទៀត​ក្រោម​ការណែនាំ​របស់លោក ឌូ​ទើ​តេ ។​
 
«​ជាមួយនឹង​ការវិវត្ត​ផ្នែក​នយោបាយ និង​ការវិវត្ត​ផ្សេងទៀត​ក្នុង​តំបន់ ការផ្ដាច់​កិច្ចព្រមព្រៀង ត្រូវ​លើកលែង​សិន​។​» លោក Teodoro Locsin សរសេរ​បែបនេះ​លើ Twitter របស់លោក ដោយមាន​ភ្ជាប់​កំណត់​ទូត​ផ្ញើ​ឲ្យ​អាមេរិក​ផងដែរ​។ ប្រមុខ​ការទូត​ហ្វីលីពីន មិន​បញ្ជាក់​ឲ្យ​ច្បាស់​អ្វី​ទៅជា​ការវិវត្ត​នៅក្នុង​តំបន់​ឡើយ​។​
 
​អាមេរិក បាន​ស្វាគមន៍​ការសម្រេចចិត្ត​របស់​ហ្វីលីពីន​ដែល​ខ្លួន​ទទួលបាន​នៅ​ថ្ងៃទី​១ ខែមិថុនា​។ ស្ថានទូត​អាមេរិក​ប្រចាំ​រដ្ឋធានី​ម៉ានីល បញ្ជាក់ថា សម្ព័ន្ធភាព​យូរអង្វែង​ទ្វេភាគី​នេះ ផ្ដល់​ប្រយោជន៍​ឲ្យ​គ្នា​ទៅមក ហើយ​អាមេរិក​រំពឹង​ធ្វើការ​ឲ្យ​ជិតស្និទ្ធ​លើ​កិច្ចសហប្រតិបត្តិការ​ស​ន្តិ​សុខ និង​ការពារ​រ​ជាតិ​ជាមួយ​ហ្វីលីពីន​។​
 
​តាំងពី​ចូលកាន់​តំណែង​មក លោក ឌូ​ទើ​តេ មាន​ជំហរ​មិនត្រូវ​គ្នា​ជាមួយ​រដ្ឋាភិបាល​អាមេរិក​ឡើយ​តាំងពី​សម័យ​ប្រធានាធិបតី បា​រ៉ា​ក់ អូ​បា​ម៉ា មក​។ លោក ឌូ​ទើ​តេ បែរជា​ងាក​រក​ចិន​ខ្លាំង ដោយ​ទុក​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ដោយឡែក​។ យ៉ាងណាមិញ ចិន​នៅតែ​ពង្រីក​ឥទ្ធិពល​ខ្លាំង ដែល​បង្ក​ក្ដីបារម្ភ​សម្រាប់​ហ្វីលីពីន​វិញ ទោះ​ទំនាក់ទំនង​ល្អប្រសើរ​ក្ដី​៕
 

Tag:
 ​ហ្វីលីពីន​
  អាមេរិក​
  រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ
© រក្សាសិទ្ធិដោយ thmeythmey.com