សង្គមអន្តរជាតិ​
អន្តរជាតិ
HRW៖ ការរើសអើង និង​ការសម្លាប់​ជនជាតិ​ស្បែក​ខ្មៅ​នៅ​អាមេរិក ត្រូវតែ​បញ្ឈប់​
03, Jun 2020 , 11:03 am        
រូបភាព
បុរសម្នាក់កាន់បដា ដែលសរសេរថា យុត្តិធម៌សម្រាប់ George Floyd។ រូបភាព៖ CNN
បុរសម្នាក់កាន់បដា ដែលសរសេរថា យុត្តិធម៌សម្រាប់ George Floyd។ រូបភាព៖ CNN
​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ (HRW) បង្ហាញ​ជំហរ​យ៉ាងរឹងមាំ ដើម្បី​ប្រយុទ្ធប្រឆាំង​ជា​អំពើ​អយុត្តិធម៌ ជាពិសេស​ប្រព័ន្ធយុត្តិធម៌​របស់​ប្រទេស​នីមួយៗ គួរតែ​យកចិត្តទុកដាក់​មនុស្ស​គ្រប់រូប គ្រប់​ពណ៌​សម្បុរ​ស្មើៗ​គ្នា​។ នេះ​បើតាម​សេចក្តីថ្លែងការណ៍​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ នៅ​ថ្ងៃទី​១ ខែមិថុនា ជុំវិញ​ករណី​ស្លាប់​របស់ លោក George Floyd​។


​ករណី​ស្លាប់​របស់លោក George Floyd នាទី​ក្រុង​Minneapolis បាន​បង្ក​ឲ្យ​មាន​បាតុកម្ម​ទ្រង់ទ្រាយ​ធំ​ជាច្រើន​កន្លែង នៅ​ទូទាំង​អាមេរិក ដើម្បី​ទាមទារ​ឲ្យ​រដ្ឋបាល​ប្រទេស​មហាអំណាច​មួយ​នេះ ស្វែងរក​យុត្តិធម៌​សម្រាប់​លោក Floyd និង​បញ្ឈប់​ការរើសអើង​ពូជសាសន៍ និង​ពណ៌​សម្បុរ​។ បញ្ហា​នេះ បានទាមទារ​ឲ្យ​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បញ្ជូន​ទ័ព​ទៅក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន ដើម្បី​គ្រប់គ្រង​ស្ថានការណ៍ និង​ព្រមាន​ប្រើប្រាស់​កម្លាំងយោធា​នៅ​ទូទាំងប្រទេស​។ 
 
​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស បាន​លើកឡើងថា គ្មាន​នរណាម្នាក់ គួរតែ​ជា​ប្រធានបទ​នៃ​ការរំលោភបំពាន​នោះឡើយ ហើយ​ការប្រកាន់​ពូជសាសន៍ និង​ការសម្លាប់​ជនជាតិ​អាមេរិក​ស្បែក​ខ្មៅ នៅលើ​ទឹកដី​អាមេរិក​ត្រូវតែ​បញ្ឈប់​។ តាម​សេចក្តីថ្លែងការណ៍​របស់​ខ្លួន អង្គការ HRW បាន​លើកឡើងថា ប៉ូលិស​អាមេរិក បានសម្លាប់​ប្រជាជន​ស្បែក​ខ្មៅ​ក្នុង​អត្រា​ពីរដង​ច្រើនជាង​ប្រជាជន​ស្បែ​កស និង​សម្លាប់​ប្រជាជន​ស្បែក​ខ្មៅ​ចំនួន​៣​ដង នៃ​ប្រជាជន​ស៊ីវិល​។​
 
​ទន្ទឹមនេះ អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ​មួយ​នេះ បាន​ប្តេជ្ញា​ប្រយុទ្ធ​ប្រឆាំងនឹង​អំពើ​អយុត្តិធម៌ និង​ជំរុញ​ឲ្យ​ប្រជាជន​ទាំងអស់ មិនត្រូវ​ខ្លាច​ប៉ូលិស​ឡើយ បើទោះបីជា​ខ្លួន​មាន​ពណ៌​សម្បុរ​បែបណាក៏ដោយ​។ មិនតែប៉ុណ្ណោះ អង្គការ HRW បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​គ្រប់លំដាប់​ទាំងអស់ និង​ប្រព័ន្ធយុត្តិធម៌ គួរតែ​យកចិត្តទុកដាក់​លើ​ប្រជាជន​គ្រប់ៗ​រូប​ស្មើៗ​គ្នា ជាពិសេស​លើ​ជន​ងាយ​រងគ្រោះ ដោយ​ឲ្យ​អ្នក​ទាំងអស់នោះ ទទួលបាន​ការអប់រំ ការថែទាំ​សុខភាព និង​កម្មវិធី​សង្គម ដើម្បី​ធានាថា​ពួកគេ​ទាំងនោះ ទទួលបាន​ឱកាស​ស្មើៗ​គ្នា​។ 
 
​យ៉ាងណាក៏ដោយ អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ បាន​ទទួលស្គាល់ថា មន្ត្រី​អាមេរិក​ខ្លះ នៅតែ​ពេញចិត្ត​លើ​ច្បាប់​មួយចំនួន ដែល​បង្ក​ឲ្យ​មាន​វិសមភាព​សម្រាប់​ប្រជាជន​រស់នៅ​អាមេរិក​។ ជាក់ស្តែង ក្នុងអំឡុងពេល COVID-19 ប្រជាជន​ស្បែក​ខ្មៅ​ជាច្រើន​នាក់ ស្ទាក់ស្ទើរ​ទៅ​មជ្ឈមណ្ឌល​ថែទាំ​សុខភាព ដោយសារតែ​មិនដឹង​តម្លៃ​ច្បាស់លាស់ និង​ខ្វះខាត​ថវិកា​។ 
 
​ក្រៅពីនេះ អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ បាន​ប្តេជ្ញា​ព្យាយាម​ស្វែងរក​វិធីសាស្ត្រ​ផ្សេងៗ ក្នុងការ​បញ្ឈប់​អំពើហិង្សា​របស់​ប៉ូលិស​អាមេរិក និង​ការប្រកាន់​ពូជសាសន៍​នៅក្នុង​ទឹកដី​អាមេរិក​ផងដែរ​៕ 

Tag:
 HRW
  អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com