ស្ថាប័ន​ក្រៅ​រដ្ឋាភិបាល សុំ​អឺរ៉ុប «១​ឆ្នាំ​ទៀត ចាំ​ដក EBA ២០​ភាគរយ​» ពី​កម្ពុជា​ ​
ជាតិ
សេដ្ឋកិច្ច
ស្ថាប័ន​ក្រៅ​រដ្ឋាភិបាល សុំ​អឺរ៉ុប «១​ឆ្នាំ​ទៀត ចាំ​ដក EBA ២០​ភាគរយ​» ពី​កម្ពុជា​ ​
03, Jun 2020 , 11:40 am        
រូបភាព
រូបពីសម្ព័ន្ធសហជីពចលនាកម្មករ
រូបពីសម្ព័ន្ធសហជីពចលនាកម្មករ
​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា (GMAC) សមាគម​ស្បែកជើង​កម្ពុជា (CFA) និង សភាពាណិជ្ជកម្ម​អឺរ៉ុប​នៅ​កម្ពុជា (EuroCham) រួមគ្នា​ស្នើ​ឲ្យ​គណៈកម្មការ​អឺរ៉ុប ពន្យារពេល​១២​ខែ លើ​ការដក​២០​ភាគរយ នៃ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​សព្វ​មុខទំនិញ (EBA) ពី​កម្ពុជា​។ ស្ថាប័ន​ទាំង​៣​នេះ ប្រាប់​ផលលំបាកទៅ​គណៈកម្មការ​អឺរ៉ុប​ថា កម្ពុជា​ កំពុង​រង​ការប៉ះពាល់​ខ្លាំង ​ក្នុង​វិស័យ​កាត់ដេរ ដោយសារ​អ្នកបញ្ជា​ទិញ​លុប​ការបញ្ជាទិញ​ជា​បន្តបន្ទាប់ ហើយ​ការ​លុប​ការបញ្ជាទិញ​នេះ គឺដោយសារ​រង​ការប៉ះពាល់​ពី​ការរាលដាល​​ជំងឺ​កូ​វី​១៩​។ 

 
​តាមរយៈ​សេចក្តីថ្លែងការណ៍​រួម ធ្វើឡើង​នៅ​ថ្ងៃទី​២ ខែមិថុនា ឆ្នាំ​២០២០ ស្ថាប័ន​ទាំង​៣ លើកឡើងថា កន្លងមក គណៈកម្មការ​អឺរ៉ុប តែងបង្ហាញពីការបន្តគាំទ្រ​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ចកម្ពុជា​និង​ការធ្វើ​ពិពិធ​កម្ម​នៃ​ការនាំចេញ ប៉ុន្តែ​អ្វីដែល គួរ​ឲ្យ​បារម្ភ​គឺ គណៈកម្មការ​អឺរ៉ុប មិន​ទទួលស្គាល់​ផលប៉ះពាល់​របស់​កម្ពុជា ពី​ការដកផ្នែកខ្លះនៃ EBA នាពេល​ខាងមុខនេះ រួមទាំង​ផលប៉ះពាល់​ពី​ការរីក​រាលដាល​កូ​វីដ​១៩ ដែល​នឹង​នាំ​ឲ្យ​មានការ​ប៉ះពាល់​កាន់​ធ្ងន់​ដល់​វិស័យ​កាត់ដេរ​នៅ​កម្ពុជា​។ 
 
​សេចក្តីថ្លែងការណ៍ សរសេរ​ដូច្នេះ​ថា​«[​យើង​] ស្នើ​ឲ្យ​គណៈកម្មការ​អឺរ៉ុប ពន្យារពេល​ដក EBA យ៉ាងហោចណាស់​១២​ខែ​ទៀត រហូតដល់​ខែសីហា ឆ្នាំ​២០២១ ដើម្បី​ឲ្យ​វិស័យនេះ​ងើបឡើង​វិញ​ពី​ការ​ខូ​ច​ខាត​ដែល​បណ្ដាលមកពី​ជំងឺ​រាតត្បាត​កូ​វីដ​១៩»​។​
 
​សូម​រម្លឹកថា គណៈកម្មការ​អឺរ៉ុប បានសម្រេច​ដក EBA ២០​ភាគរយ ពី​កម្ពុជា កាលពីដើមខែកុម្ភៈ ឆ្នាំ​២០២០​។ បើ​គ្មាន​ការប្រែប្រួល​នោះទេ សល់​តែ​ជាង២​ខែ​ទៀត​ប៉ុណ្ណោះ គឺ​នៅ​ខែសីហា ឆ្នាំ​២០២០ សេចក្តីសម្រេច​នេះ នឹង​ចូល​ជា​ធរមាន​។ វា មានន័យថា ចាប់ពី​ខែសីហា ឆ្នាំ​២០២០​ទៅ កម្ពុជា ត្រូវ​បង់ពន្ធ លើ​មុខទំនិញ​២០​ភាគរយ ពេល​នាំ​ចូលទៅ​ទីផ្សារ​អឺរ៉ុប​។ 
 
​យ៉ាងណា​ក៏ដោយចុះ រដ្ឋាភិបាល​កម្ពុជា ប្រកាស​រួចហើយ​ថា មិន​ដាក់ខ្លួន​អង្វរករ​ភាគី​អឺរ៉ុប ឲ្យ​ផ្តល់ EBA ២០​ភាគរយ​នោះ មកវិញ​ទេ​។ រដ្ឋាភិបាល​កម្ពុជា បង្ហាញ​ជំហរ​រឹងប៉ឹង​ថា ទោះ​បាត់ EBA ២០​ភាគរយ ក៏​កម្ពុជា អាច​រស់​បានដែរ​។  
 
​ការផ្តាច់ EBA ដោយ​ផ្នែក​ខ្លះ ឬ​ចំនួន​២០​ភាគរយ​នេះ នឹងធ្វើ​ឲ្យ​កម្ពុជា ប៉ះពាល់​លើ​វិស័យ​កាត់ដេរ​សម្លៀកបំពាក់ និង ស្បែកជើង រួមទាំង​ប៉ះពាល់​ដល់​ការនាំចេញ​ផលិតផល​ធ្វើដំណើរ (​ដូចជា​វ៉ា​លី និង កាបូប ជាដើម​) ព្រមទាំង​ស្ករស​ផងដែរ​។​
 
​បច្ចុប្បន្ន នៅ​កម្ពុជា មាន​រោងចក្រ​ជាង​២៥០​ហើយ ដែល​បាន​ព្យួរការងារ ហើយ​បណ្ដាល​ឲ្យ​កម្មករ​ជាង​១៣​ម៉ឺន​នាក់ បាន​បាត់បង​ការងារ​។ ប៉ុន្តែ រដ្ឋាភិបាល អះអាងថា មូលហេតុ​ចម្បង​ដែល​ធ្វើ​ឲ្យ​រោងចក្រ​ទាំងនេះ ព្យួរការងារ គឺ​ដោយសារតែ​ឥទ្ធិពល​នៃ​ជំងឺ​កូ​វីដ​១៩​។ 
 
​តាម​ការប៉ាន់ស្មាន​រប​ស់​ស្ថាប័ន​ក្រៅ​រដ្ឋាភិបាល​ទាំង​៣​ខាងលើ ការលក់​ផលិតផល​នៃ​វិស័យ​កាត់ដេរ​នៅ​ត្រីមាស​ទី​២​និង​ត្រីមាស​ទី​៣ របស់​កម្ពុជា ក្នុង​ឆ្នាំ​២០២០ នឹង​ធ្លាក់ចុះ​៥០​ទៅ​៦០​ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​២០១៩​៕

អត្ថបទទាក់ទង
 
 

Tag:
 សេដ្ឋកិច្ច​
  EBA
© រក្សាសិទ្ធិដោយ thmeythmey.com