COVID-19
អន្តរជាតិ
អ្នក​សះស្បើយ​ពី COVID-19 ឡើងដល់​ជាង​៣​លាន​នាក់​ក្នុងចំណោម​ជិត​៦.៥​លាន​ករណី​
03, Jun 2020 , 12:17 pm        
រូបភាព
លោកតាប្រេស៊ីលអាយុ៩៩​ឆ្នាំ Ermando Armelino Piveta ចេញពីមន្ទីរពេទ្យនៅ​ក្រុង Brasilia ក្រោយសះស្បើយពីកូវីដ១៩ ។ រូបថត AFP
លោកតាប្រេស៊ីលអាយុ៩៩​ឆ្នាំ Ermando Armelino Piveta ចេញពីមន្ទីរពេទ្យនៅ​ក្រុង Brasilia ក្រោយសះស្បើយពីកូវីដ១៩ ។ រូបថត AFP
ករណី​អ្នកជា​សះស្បើយ​ពី​ជំងឺ​រលាក​សួត ដែល​បង្កដោយ​កូ​រ៉ូ​ណាវី​រុស​នៅលើ​ពិភពលោក (COVID-19) បាន​កើន​ដល់​ជាង ៣​នាក់​ហើយ ខណៈ​ករណី​ឆ្លង​សរុប​មាន​ជិត ៦.៥​លាន​ករណី​។ នេះ​បើតាម​តួលេខ​របស់​វេ​ប​សាយ Worldometer គិត​ត្រឹម​ព្រឹក​ថ្ងៃទី​៣ ខែមិថុនា​។



​បន្ទាប់ពី​ផ្ទុះឡើង ក្នុង​រយៈពេល​ជាង​៦​ខែ​កន្លងមកនេះ ករណី​ឆ្លង​COVID-19 នៅតែ​បន្ត​កើនឡើង និង​រាតត្បាត​នៅក្នុង​ប្រទេស​មួយចំនួន​។ អាមេរិក និង​ប្រេ​ស៊ី​ល នៅតែ​ជា​ប្រទេស​មាន​ករណី​ឆ្លង​ច្រើនជាងគេ​ទាំង​តួលេខ​ឆ្លង​សរុប និង​តួលេខ​ឆ្លង​ក្នុង​មួយថ្ងៃៗ​។ តួលេខ​ឆ្លង​COVID-19 សរុប​របស់​អាមេរិក​មាន​ជាង ១,៨​លាន​ករណី ខណៈ​ប្រ​ស៊ី​ល​មាន​ជាង ៥០​ម៉ឺន​ករណី​។
ចំណែក​រុស្ស៊ី​ឈរ​នៅ​លំដាប់​ទី​៣ មាន​ជាង ៤២​ម៉ឺន​ករណី​។

ដោយឡែក​ប្រទេស​នៅ​អឺរ៉ុប​វិញ អត្រា​ឆ្លង COVID-19 គឺមាន​ការធ្លាក់ចុះ​ហើយ ប្រទេស​អឺរ៉ុប​ខ្លះ​មាន​ករណី​ឆ្លង​មិន​ដល់ ១​ពាន់​ករណី​ឡើយ​។ តួយ៉ាង​ដូចជា អេ​ស្ប៉ា​ញ អ៊ីតាលី​ជាដើម ចំណែក​អង់គ្លេស​មាន​ករណី​ឆ្លង​ជាង ១​ពាន់​ករណី​។ ចំណែក​នៅ​តំបន់​ផ្សេងទៀត​តួលេខ​ឆ្លង នៅតែ​បន្ត​កើនឡើង​ដដែល​។ តួលេខ​អ្នក​ឆ្លង​COVID-19 សរុប​នៅលើ​ពិភពលោក​មាន​ចំនួន​ជាង ៦,៤​លាន​នាក់​។

ក្រៅពី​អត្រា​ឆ្លង ចំនួន​អ្នកជា​សះស្បើយ​ក៏មាន​ការកើនឡើង​គួរ​ឲ្យ​កត់សម្គាល់​ផងដែរ ពោលគឺ​កើនឡើង​រហូតដល់​ជាង ៣​លាន​នាក់​។ អាមេរិក​នៅតែ​ជា​ប្រទេស​មាន​តួលេខ​អ្នកជា​សះស្បើយ​ច្រើនជាង ដោយមាន​ជាង ៦០​ម៉ឺន​នាក់​។ ចំណែក​នៅឯ​ប្រទេស​ចិន ដែលជា​កន្លែង​ផ្ទុះ​កូ​រ៉ូ​ណា​វីរុស​ដំបូង​វិញ អ្នកជំងឺ​COVID-19 គឺជា​សះស្បើយ​ជិត​អស់ហើយ ពោលគឺ​អ្នកជំងឺ​ព្យាបាល​នៅក្នុង​មន្ទីរពេទ្យ​មាន​ត្រឹមតែ ៧២​នាក់​ប៉ុណ្ណោះ​។

ដោយឡែក​នៅក្នុង​តំបន់​អាស៊ាន​វិញ ចំនួន​អ្នកជា​សះស្បើយ​ពី​COVID-19 ក៏មាន​ចំនួន​ច្រើន​ដែរ​។ ក្នុងនោះ សិង្ហ​បុរី​មាន​អ្នកជា​សះស្បើយ​ចំនួន ២៣១៧៥​នាក់ ក្នុងចំណោម ៣៥៨៣៦​ករណី​, ឥណ្ឌូណេស៊ី​មាន​ជាសះស្បើយ ៧៩៣៥​នាក់ ក្នុងចំណោម​ករណី​ឆ្លង ២៧៥៤៩, ហ្វីលីពីន​មាន​អ្នកជា​សះស្បើយ ៤០៦៣​នាក់ ក្នុងចំណោម​ករណី​ឆ្លង ១៨៩៩៧, ម៉ាឡេស៊ី​មាន​អ្នកជា​សះស្បើយ ៦៤៧០​នាក់ ក្នុងចំណោម​ករណី​ឆ្លង ៧៨៧៧, ថៃ​មាន​អ្នកជា​សះស្បើយ ២៩៦៦​នាក់ ក្នុងចំណោម​ករណី​ឆ្លង ៣០៨៣​ករណី​, វៀតណាម​មាន​អ្នកជា​សះស្បើយ ២៩៨​នាក់ ក្នុងចំណោម​ករណី​ឆ្លង ៣២៨, មី​យ៉ាន់​ម៉ា​មាន​អ្នកជា​សះស្បើយ​ចំនួន ១៤៣​នាក់ ក្នុងចំណោម​ករណី​ឆ្លង​២៣២, ព្រុយ​ណេ​មាន​អ្នកជា​សះស្បើយ​ចំនួន ១៣៨​នាក់ ក្នុងចំណោម​ករណី​ឆ្លង ១៤១, កម្ពុ​ជាមាន​អ្នកជា​សះស្បើយ​ចំនួន ១២៣​នាក់ ក្នុងចំណោម​ករណី​ឆ្លង ១២៥, និង​ឡាវ​មាន​អ្នកជា​សះស្បើយ​ចំនួន ១៦​នាក់ ក្នុងចំណោម​ករណី​ឆ្លង ១៩៕


© រក្សាសិទ្ធិដោយ thmeythmey.com