ជាតិ
សេដ្ឋកិច្ច
វិស័យឯកជន វាយតម្លៃថា វិស័យកាត់ដេរកម្ពុជា ប្រឈមការដួលរលំ បើអឺរ៉ុប ចាប់ផ្តើមយកពន្ធ
03, Jun 2020 , 2:11 pm        
រូបភាព
វិស័យឯកជន៣ បានសរសេរលិខិតរួមគ្នា ដាក់ទៅភាគីអឺរ៉ុប ដើម្បីបង្ហាញលទ្ធផលកាន់តែអាក្រក់ ដែលនឹងកើតមានឡើង លើវិស័យកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និង ផលិតផលធ្វើដំណើរ បើសេចក្តីសម្រេចស្តីពីការដក២០ភាគរយនៃប្រព័ន្ធអនុគ្រោះពន្ធ EBA ចេញពីកម្ពុជា ចូលជាធរមាន នៅខែសីហា ឆ្នាំ២០២០ ស្របពេលវិស័យទាំងនេះ ស្ទើរតែផុតដង្ហើម ដោយសារការរាលដាលជំងឺកូវីដ១៩ទៅហើយនោះ។



លិខិតនោះ ធ្វើឡើងនៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២០ ដោយសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) សមាគមស្បែកជើងកម្ពុជា (CFA) និង សភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា (EuroCham) ហើយផ្ញើជូនទៅបុគ្គលសំខាន់៣នាក់ គឺ អ្នកស្រី Ursula von der Leyen ប្រធានគណៈកម្មការអឺរ៉ុប លោក David Maria Sassoli ប្រធានសភាសហភាពអឺរ៉ុប និង លោក Josep Borrell Fontelles តំណាងជាន់ខ្ពស់ទទួលបន្ទុកកិច្ចការគោលនយោបាយសន្តិសុខនិងកិច្ចការបរទេសនៃសហភាពអឺរ៉ុប។

តាមរយៈលិខិតរបស់ខ្លួន វិស័យឯកជនខាងលើ បានបង្ហាញក្តីបារម្ភខ្លាំង ទៅកាន់បុគ្គលទាំង៣នាក់នោះយ៉ាងដូច្នេះថា៖«បើគណៈកម្មការអឺរ៉ុប អនុញ្ញាតឲ្យសេចក្តីសម្រេចស្តីពីការដក EBA ចូលជាធរមាន នៅខែសីហានេះ ឧស្សហកម្មផលិតសម្លៀកបំពាក់ ស្បែកជើង និង ផលិតផលសម្រាប់ធ្វើដំណើរ នៅកម្ពុជា នឹងឈានដល់ចំណុចមួយ គឺក្បែរនឹងការដួលរលំ ខណៈវិស័យទាំងនេះ បានហិនហោច ដោយសារជំងឺកូវីដ១៩ស្រាប់ទៅហើយ»។

វិស័យឯកជនទាំង៣ រៀបរាប់ពីលទ្ធផលអវិជ្ជមានទៀតថា៖«[ពេលនោះ] ការបញ្ជាទិញ នឹងកាន់តែបាត់បង់ ហើយនឹងមិនវិលត្រឡប់មកវិញទេ ព្រោះតម្រូវការ ដែលថយចុះ នៅឆ្នាំ២០២០នេះ នឹងជំរុញឲ្យអ្នកបញ្ជាទិញ ទៅកាន់ប្រទេសដទៃ នៅក្នុងតំបន់ ដែលនៅមាន EBA ពេញលេញ»។

ស្ថាប័នឯកជនទាំងនេះ ប្រាប់ទៅថ្នាក់ដឹកនាំសហភាពអឺរ៉ុបថា ឥទ្ធិពលនៃជំងឺកូវីដ១៩ ធ្វើឲ្យរោងចក្រ-សហគ្រាសប្រមាណ២៥០ហើយ នៅកម្ពុជា បានផ្អាកដំណើរការ និងធ្វើឲ្យកម្មករនិយោជិតជាង១៣ម៉ឺនាក់ ដែលភាគច្រើនជាស្ត្រី បាត់បង់ការងារ ហើយចំនួននៃការបាត់បង់ការងារនេះ អាចបន្តកើនឡើងទៀត នៅសប្តាហ៍និងខែបន្ទាប់។ 

ដោយក្តីបារម្ភនេះ GMAC CFA និង EuroCham ស្នើឲ្យគណៈកម្មការអឺរ៉ុប កុំអាលអនុវត្តការយកពន្ធលើទំនិញកម្ពុជា នៅខែសីហា ឆ្នាំ២០២០ ដោយសុំឲ្យពន្យារពេលអនុវត្តនៅខែសីហា ឆ្នាំ២០២១វិញ។ ការសុំឲ្យទុករយៈពេល១ឆ្នាំនេះ គឺដើម្បីឲ្យកម្ពុជា អាចស្តារ​វិស័យទាំងនេះឡើងវិញ។

កាលពីដើមខែកុម្ភៈ ឆ្នាំ​២០២០ គណៈកម្មការ​អឺរ៉ុប បានសម្រេច​ដក EBA ២០​ភាគរយ ពី​កម្ពុជា ​។ បើ​គ្មានអ្វីប្រែប្រួល​ សេចក្តីសម្រេច​នេះ នឹង​ចូល​ជា​ធរមាន​ នៅ​ខែសីហា ឆ្នាំ​២០២០ ហើយកម្ពុជា នឹងចាប់ផ្តើម​បង់ពន្ធ លើ​មុខទំនិញ​២០​ភាគរយ ពេល​នាំ​ចូលទៅ​ទីផ្សារ​អឺរ៉ុប​។

​ការផ្តាច់ EBA ដោយ​ផ្នែក​ខ្លះ ឬ​ចំនួន​២០​ភាគរយ​នេះ នឹងធ្វើ​ឲ្យ​កម្ពុជា ប៉ះពាល់​លើ​វិស័យ​កាត់ដេរ​សម្លៀកបំពាក់ និង ស្បែកជើង រួមទាំង​ប៉ះពាល់​ដល់​ការនាំចេញ​ផលិតផល​ធ្វើដំណើរ (​ដូចជា​វ៉ា​លី និង កាបូប ជាដើម​) ព្រមទាំង​ស្ករស​ផងដែរ​៕

Tag:
 EU
  EBA
© រក្សាសិទ្ធិដោយ thmeythmey.com