ប្រមុខរដ្ឋាភិបាលចក្រភពអង់គ្លេស លោក បូរីស ចនសុន បញ្ជាក់ថា លោកនឹងផ្ដល់ទិដ្ឋាការឲ្យប្រជាជនហុងកុងរាប់លាននាក់ និងឱកាសទទួលសញ្ជាតិអង់គ្លេស ប្រសិនបើចិនបន្តនីតិវិធីជាមួយសេចក្តីស្នើច្បាប់សន្តិសុខជាតិហុងកុងរបស់ខ្លួន។ ដូចគ្នានឹងអង់គ្លេស សហរដ្ឋអាមេរិក ក៏កំពុងពិចារណាស្វាគមន៍ពលរដ្ឋហុងកុងផងដែរ តាមរយៈកែសម្រួកគោលការណ៍អន្តោប្រវេសន៍ផងដែរ។
ក្នុងអត្ថបទវិចារណាកថាផ្សាយលើកាសែត The Times និងកាសែត
South China Morning Post នៅថ្ងៃទី២ ខែមិថុនា នាយករដ្ឋមន្ត្រី បូរីស ចនសុន សរសេរថា៖«មនុស្សច្រើនក្នុងទីក្រុងហុងកុង ភ័យខ្លាចថា សេរីភាពពួកគេ ដែលចិនសន្យាគាំទ្រ កំពុងរងគំរាមកំហែង»។
លោក សរសេរបន្តថា ប្រសិនបើចិនរឹងទទឹង ហើយបញ្ជាក់ការភ័យខ្លាចរបស់ពលរដ្ឋហុងកុងនេះជាការពិតមែននោះ ដូច្នេះរដ្ឋាភិបាលអង់គ្លេស ពុំអាចឱបដៃឈរមើល។ ត្រង់នេះ លោកសង្កត់ធ្ងន់ថា ចក្រភពអង់គ្លេស នឹងគោរពកាតព្វកិច្ចក្នុងនាមជាអតីតម្ចាស់អាណានិគម ហើយផ្ដល់ផ្លូវក្រោយសម្រាប់ពួកគេ។
ក្នុងអត្ថបទដដែល លោកនាយករដ្ឋមន្ត្រី ចនសុន លើកឡើងថា បច្ចុប្បន្ន ពលរដ្ឋហុងកុងប្រមាណ ៣៥ម៉ឺននាក់កាន់លិខិតឆ្លងដែនសម្រាប់ពលរដ្ឋចក្រភពអង់គ្លេស ឬ British National (Overseas) ដែលអនុញ្ញាតឲ្យចូលដែនដីប្រទេសនេះដោយពុំចាំបាច់ស្នើទិដ្ឋាការ ហើយអាចស្នាក់នៅរហូតដល់ ៦ ខែ។ ចំណែក ពលរដ្ឋហុងហុង ២,៥លាននាក់ នឹងមានសិទ្ធិដាក់ស្នើសម្រាប់លិខិតឆ្លងដែននេះ។
«ប្រសិនបើ ចិន ដាក់ប្រើច្បាប់សន្តិសុខជាតិ រដ្ឋាភិបាលចក្រភពអង់គ្លេស នឹងផ្លាស់ប្តូរគោលការណ៍អន្តោប្រវេសន៍ និងបើកផ្លូវឲ្យអ្នកកាន់លិខិតឆ្លងដែនទាំងនេះពីក្រុងហុងកុងមកកាន់ចក្រភពអង់គ្លេស សម្រាប់អំឡុងពេល១២ខែដែលអាចសុំស្នើជាថ្មី ហើយផ្ដល់ឲ្យសិទ្ធិអន្តោប្រវេសន៍ច្រើនទៀត ក្នុងនោះ សិទ្ធិធ្វើការងារ ដែលអាចជាឱកាសទទួលសញ្ជាតិ»។ លោកនាយករដ្ឋមន្ត្រី ចនសុន សង្កត់ធ្ងន់បែបនេះ។
កាលពីចុងខែឧសភា សភាប្រជាជនចិន បានអនុម័តលើដំណោះស្រាយច្បាប់សន្តិសុខជាតិហុងកុងហើយ។ ការអនុម័តនេះ នឹងបើកផ្លូវឲ្យគណៈកម្មការអចិន្ត្រៃយ៍នៃសភាប្រជាជនចិន តាក់តែងច្បាប់សន្តិសុខជាតិហុងកុងឡើង ទោះជាមានការតវ៉ាពីអ្នកនយោបាយនៃហុងកុង និងការព្រមានរបស់អាមេរិកក្ដី។ ការផ្ទុះតវ៉ាប្រឆាំងធ្វើឡើងក្រោមហេតុផលថា ប្រជាជនហុងកុងជឿថាសេចក្តីស្នើច្បាប់សន្តិសុខនេះ នឹងលុបបំបាត់សិទ្ធិសេរីភាពរបស់ពួកគេ និងគោលការណ៍ «ប្រទេសមួយ ប្រព័ន្ធពីរ»។
នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេសវ័យ៥៥ឆ្នាំរូបនេះ គូសបញ្ជាក់ក្នុងអត្ថបទដដែលថា ច្បាប់សន្តិសុខជាតិហុងកុងនេះ នឹងកាត់បន្ថយសេរីភាព និងបំផ្លាញស្វ័យភាពទីក្រុងនេះធំធេង។ លោកព្រមានថា ប្រសិនបើដាក់ចូលជាធរមានមែននោះ រដ្ឋាភិបាលលោក នឹងគ្មានជម្រើសអ្វីផ្សេងក្រៅពីបន្តរក្សាចំណងប្រវត្តិសាស្ត្រនិងមិត្តភាពដ៏ចម្បងរបស់អង់គ្លេសជាមួយប្រជាជនហុងកុង។
ទោះជាបែបនេះក្តី លោក ចនសុន សង្ឃឹមថា រឿងហេតុអកុសលបែបនេះ នឹងពុំកើតឡើយ ហើយលោកបន្តប្រកាសជំហរថា ចក្រភពអង់គ្លេសមិនចង់រារាំងការងើបឡើងរបស់ប្រទេសចិននោះទេ។ ត្រង់ចំណុចនេះ លោកសរសេរដូច្នេះថា៖«យើងស្វាគមន៍ចិនក្លាយជាសមាជិកឈានមុខមួយនៃសហគមន៍ពិភពលោក ដែលយើងរំពឹងថាចិនគោរពតាមកិច្ចព្រមព្រៀងអន្តរជាតិ»។
ការប្រកាសពីជំហររបស់រដ្ឋាភិបាលអង់គ្លេសលើសំណុំរឿងហុងកុងនេះ ធ្វើឡើងក្រោយសហរដ្ឋអាមេរិក កាលពីថ្ងៃទី១ ខែមិថុនា ក៏កំពុងពិចារណាស្វាគមន៍ប្រជាជនហុងកុងមកកាន់ប្រទេសខ្លួនផងដែរ ប្រសិនបើចិនដាក់ប្រើច្បាប់សន្តិសុខដ៏ចម្រូងចម្រាសនេះ។ ក្នុងសេចក្តីថ្លែងការណ៍ លោក ម៉ៃ ប៉ុមប៉េអូ រដ្ឋមន្ត្រីការបរទេសអាមេរិក អះអាងថា លោកកំពុងមើលគោលការណ៍កូតា ឬទិដ្ឋាការអន្តោប្រវេសន៍សម្រាប់ពលរដ្ឋហុងកុង។ យ៉ាងណាមិញលោកពុំបញ្ជាក់ព័ត៌មានលម្អិតឡើយ៕