ជាតិ
សង្គមជាតិ
រដ្ឋាភិបាល គ្រោងរៀបចំរដ្ឋបាលភ្នំពេញ ទៅជា«រដ្ឋបាលពិសេស» ហើយតាមខេត្តក្លាយជា«រដ្ឋបាលស្វយ័ត»
× ភ្នំពេញ៖ រដ្ឋាភិបាល គ្រោងរៀបចំរដ្ឋបាលរាជធានីភ្នំពេញ ទៅជា«រដ្ឋបាលពិសេស»មួយ ខណៈរដ្ឋបាលខេត្ត នឹងក្លាយជា«រដ្ឋបាលស្វយ័ត»។ សម្ដេច ស ខេង បានបង្ហើបបែបនេះ នៅក្នុងពិធីប្រកាសផ្សព្វផ្សាយ និងដាក់ឱ្យដំណើរការមន្ទីរសុខាភិបាលរាជធានី-ខេត្ត នាព្រឹកថ្ងៃទី៣ មិថុនានេះ។
សម្ដេច ស ខេង បានបញ្ជាក់ថា ក្រសួងកំពុងសិក្សាកែសម្រួលរចនាសម្ព័ន្ធរដ្ឋបាលរាជធានី -ខេត្ត ដើម្បីបែងចែកមុខងារ និងតួនាទីឱ្យបានច្បាស់លាស់ ជាពិសេសការទទួលខុសត្រូវរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ តាមប្រភេទនីមួយៗ ។ ត្រង់ចំណុចនេះ សម្ដេច ស ខេង បានបញ្ជាក់ថា រដ្ឋាភិបាលគ្រោងរៀបចំរដ្ឋបាលរាជធានីភ្នំពេញ ឱ្យមានរចនាសម្ព័ន្ធ និងរបៀបគ្រប់គ្រងដោយឡែក ដើម្បីជួយដោះស្រាយបញ្ហាពលរដ្ឋឱ្យទាន់ពេលវេលា។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាក់ដូច្នេះថា៖«ក្រសួងនឹងបន្តសិក្សា និងអភិវឌ្ឍន៍ឱ្យរដ្ឋបាលរាជធានីភ្នំពេញ ក្លាយជារដ្ឋបាលពិសេសមួយ ដែលតម្រូវឱ្យមានរចនាសម្ព័ន្ធដោយឡែក និងមានប្រព័ន្ធគ្រប់គ្រងតាមបច្ចេកទេសព័ត៌មានវិទ្យាទំនើប ដើម្បីធានាដល់ការគ្រប់គ្រង ការចាត់ចែង និងការផ្ដល់សេវាសាធារណៈ និងការអភិវឌ្ឍសេដ្ឋកិច្ច ឆ្លើយតបតម្រូវការប្រជាពលរដ្ឋ ដែលកំពុងមានការកើនឡើងយ៉ាងខ្លាំង»។
ក្រៅពីរៀបចំរដ្ឋាបាលរាជធានីភ្នំពេញហើយ ក្រសួងមហាផ្ទៃ ក៏នឹងរៀបចំរដ្ឋបាលស្វយ័តនៅតាមបណ្ដាខេត្ត ដើម្បីពង្រឹងភាពជាម្ចាស់ការនៅថ្នាក់ក្រោមជាតិទៀតផង។«ក្រសួងនឹងសិក្សាដើម្បីឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិប្រើប្រាស់បច្ចេកវិទ្យាវៃឆ្លាតក្នុងការផ្ដល់សេវាមានគុណភាព ប្រសិទ្ធភាព តម្លាភាព និងបរិយាប័ន្ន និងអាចរកប្រភពចំណូលនានាដើម្បីពង្រឹងភាពម្ចាស់នៃការប្រើប្រាស់ធនធាន ហើយក្រសួងក៏នឹងសិក្សាពីជម្រើសនានាដើម្បីកំណត់សក្ដានុពលនៃខេត្ត ឬក្រុងមួយចំនួន ដើម្បីអាចរៀបចំជារដ្ឋបាលស្វយ័តនាពេលអនាគត»។ នេះជាការបញ្ជាក់របស់សម្ដេច ស ខេង។
គម្រោងទាំងនេះ ស្ថិតនៅក្នុងកម្មវិធីជាតិរយៈពេលវែងរបស់រដ្ឋាភិបាល ដែលត្រូវចាប់ផ្ដើមនៅឆ្នាំ២០២១។ កម្មវិធីនេះ ដើម្បីធានាការអនុវត្តកំណែទម្រង់នេះ ឱ្យកាន់តែស៊ីជម្រៅលើកិច្ចការសំខាន់ៗ ដូចជាការបន្តពង្រឹងរដ្ឋបាលក្រុង ស្រុក ខណ្ឌ ដែលកំពុងមានបញ្ហាកង្វះខាតថវិកា សម្រាប់អនុវត្តមុខងារ, បញ្ហាសមត្ថភាពបុគ្គលិក ,ប្រព័ន្ធកសាងផែនការបែបបទនីតិវិធី និងទីកន្លែងផ្ដល់សេវាជូនពលរដ្ឋជាដើម។ ជាពិសេសជំរុញឱ្យរដ្ឋបាលទាំងអស់ ដើរតួនាទីជារដ្ឋបាលថ្នាក់តំបន់មានមុខងារ និងការទទួលខុសត្រូវក្នុងនាមជាតំណាងរាជរដ្ឋាភិបាល, ក្រសួងស្ថាប័នថ្នាក់ជាតិ សម្រាប់ការសម្របសម្រួល និងគាំទ្រដល់រដ្ឋបាលមូលដ្ឋាន , មុខងារសន្តិសុខសណ្ដាប់ធ្នាប់ សេវាសង្គម និងមុខងារពាក់ព័ន្ធការវិនិយោគ។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសង្កត់ធ្ងន់ដូច្នេះថា៖«កម្មវិធីថ្នាក់ជាតិថ្មីនេះ នឹងផ្ដល់អាទិភាពដល់ការពង្រឹងស្ថាប័នរដ្ឋបាលក្រុង ស្រុក ខណ្ឌ ដើម្បីធានាការរួមសហការជាមួយរដ្ឋបាលឃុំសង្កាត់ ឱ្យក្លាយជារដ្ឋបាលមូលដ្ឋានមានសមត្ថភាព និងធនធានសមសម្រប សម្រាប់ផ្ដល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋាន ស្របតាមតម្រូវការរបស់ប្រជាពលរដ្ឋ»៕
Tag:
ស ខេង
រដ្ឋបាលរាជធានី-ខេត្ត
© រក្សាសិទ្ធិដោយ thmeythmey.com