ជាតិ
សង្គមជាតិ
រដ្ឋាភិបាល គ្រោង​រៀបចំ​រដ្ឋបាល​ភ្នំពេញ ទៅជា​«​រដ្ឋបាល​ពិសេស​» ហើយ​តាម​ខេត្ត​ក្លាយជា​«​រដ្ឋបាល​ស្វយ័ត​»
03, Jun 2020 , 3:52 pm        
រូបភាព
​ភ្នំពេញ​៖ រដ្ឋាភិបាល គ្រោង​រៀបចំ​រដ្ឋបាល​រាជធានី​ភ្នំពេញ ទៅជា​«​រដ្ឋបាល​ពិសេស​»​មួយ ខណៈ​រដ្ឋបាលខេត្ត នឹង​ក្លាយជា​«​រដ្ឋបាល​ស្វយ័ត​»​។ សម្ដេច ស ខេង បាន​បង្ហើប​បែបនេះ នៅក្នុង​ពិធី​ប្រកាស​ផ្សព្វផ្សាយ និង​ដាក់ឱ្យ​ដំណើរការ​មន្ទីរ​សុខាភិបាល​រាជធានី​-​ខេត្ត នា​ព្រឹក​ថ្ងៃទី​៣ មិថុនា​នេះ​។​



សម្ដេច ស ខេង បាន​បញ្ជាក់ថា ក្រសួង​កំពុង​សិក្សា​កែសម្រួល​រចនាសម្ព័ន្ធរ​ដ្ឋ​បាល​រាជធានី -​ខេត្ត ដើម្បី​បែងចែក​មុខងារ និង​តួនាទី​ឱ្យបាន​ច្បាស់លាស់ ជាពិសេស​ការទទួលខុសត្រូវ​របស់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ តាម​ប្រភេទ​នីមួយៗ ។ ត្រង់ចំណុច​នេះ សម្ដេច ស ខេង បាន​បញ្ជាក់ថា រដ្ឋាភិបាល​គ្រោង​រៀបចំ​រដ្ឋបាល​រាជធានី​ភ្នំពេញ ឱ្យមាន​រចនាសម្ព័ន្ធ និង​របៀប​គ្រប់គ្រង​ដោយឡែក ដើម្បី​ជួយ​ដោះស្រាយ​បញ្ហា​ពលរដ្ឋ​ឱ្យទាន់​ពេលវេលា​។ 



 
​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បានបញ្ជាក់​ដូច្នេះ​ថា​៖«​ក្រសួង​នឹង​បន្ត​សិក្សា និង​អភិវឌ្ឍន៍​ឱ្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ ក្លាយជា​រដ្ឋបាល​ពិសេស​មួយ ដែល​តម្រូវឱ្យមាន​រចនា​សម្ព័ន្ធ​ដោយឡែក និង​មាន​ប្រព័ន្ធគ្រប់គ្រង​តាម​បច្ចេកទេស​ព័ត៌មានវិទ្យា​ទំនើប ដើម្បី​ធានា​ដល់​ការគ្រប់គ្រង ការចាត់ចែង និង​ការផ្ដល់​សេវាសាធារណៈ និង​ការអភិវឌ្ឍ​សេដ្ឋកិច្ច ឆ្លើយតប​តម្រូវការ​ប្រជាពលរដ្ឋ ដែល​កំពុងមាន​ការកើនឡើង​យ៉ាងខ្លាំង​»​។​
 
​ក្រៅពី​រៀបចំ​រដ្ឋា​បាល​រាជធានី​ភ្នំពេញ​ហើយ ក្រសួងមហាផ្ទៃ ក៏​នឹង​រៀបចំ​រដ្ឋបាល​ស្វយ័ត​នៅតាម​បណ្ដា​ខេត្ត ដើម្បី​ពង្រឹង​ភាពជា​ម្ចាស់ការ​នៅ​ថ្នាក់ក្រោម​ជាតិ​ទៀតផង​។​«​ក្រសួង​នឹងសិក្សា​ដើម្បីឱ្យ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ប្រើប្រាស់​បច្ចេកវិទ្យា​វៃឆ្លាត​ក្នុង​ការផ្ដល់សេវា​មានគុណ​ភាព ប្រសិទ្ធភាព តម្លាភាព និង​បរិ​យា​ប័ន្ន និង​អាច​រក​ប្រភព​ចំណូល​នានា​ដើម្បី​ពង្រឹង​ភាព​ម្ចាស់​នៃ​ការប្រើប្រាស់​ធនធាន ហើយ​ក្រសួង​ក៏​នឹងសិក្សា​ពី​ជម្រើស​នានា​ដើម្បី​កំណត់​សក្ដានុពល​នៃ​ខេត្ត ឬ​ក្រុង​មួយចំនួន ដើម្បី​អាច​រៀបចំ​ជា​រដ្ឋបាល​ស្វយ័ត​នាពេល​អនាគត​»​។ នេះ​ជាការ​បញ្ជាក់​របស់​សម្ដេច ស ខេង​។​
 
​គម្រោង​ទាំងនេះ ស្ថិតនៅក្នុង​កម្មវិធី​ជាតិ​រយៈពេល​វែង​របស់​រដ្ឋាភិបាល ដែល​ត្រូវ​ចាប់ផ្ដើម​នៅ​ឆ្នាំ​២០២១​។ កម្មវិធី​នេះ ដើម្បី​ធានា​ការអនុវត្ត​កំណែទម្រង់​នេះ ឱ្យ​កាន់តែ​ស៊ីជម្រៅ​លើ​កិច្ចការ​សំខាន់ៗ ដូចជា​ការបន្ត​ពង្រឹង​រដ្ឋបាល​ក្រុង ស្រុក ខណ្ឌ ដែល​កំពុងមាន​បញ្ហា​កង្វះខាត​ថវិកា សម្រាប់​អនុវត្ត​មុខងារ​, បញ្ហា​សមត្ថភាព​បុគ្គលិក ,​ប្រព័ន្ធ​កសាង​ផែនការ​បែបបទ​នីតិវិធី និង​ទីកន្លែង​ផ្ដល់​សេវា​ជូន​ពលរដ្ឋ​ជាដើម​។ ជាពិសេស​ជំរុញ​ឱ្យ​រដ្ឋបាល​ទាំងអស់ ដើរតួនាទី​ជា​រដ្ឋបាល​ថ្នាក់​តំបន់​មានមុខ​ងារ និង​ការទទួលខុសត្រូវ​ក្នុងនាម​ជា​តំណាង​រាជរដ្ឋាភិបាល​, ក្រសួង​ស្ថាប័ន​ថ្នាក់ជាតិ សម្រាប់​ការសម្របសម្រួល និង​គាំទ្រ​ដល់​រដ្ឋបាល​មូលដ្ឋាន , មុខងារ​សន្តិសុខ​សណ្ដាប់ធ្នាប់ សេវា​សង្គម និង​មុខងារ​ពាក់ព័ន្ធ​ការវិនិយោគ​។​
 
​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​សង្កត់ធ្ងន់​ដូច្នេះ​ថា​៖«​កម្មវិធី​ថ្នាក់ជាតិ​ថ្មី​នេះ នឹង​ផ្ដល់​អាទិភាព​ដល់​ការពង្រឹង​ស្ថាប័ន​រដ្ឋបាល​ក្រុង ស្រុក ខណ្ឌ ដើម្បី​ធានា​ការរួម​សហការ​ជាមួយ​រដ្ឋបាល​ឃុំ​សង្កាត់ ឱ្យ​ក្លាយជា​រដ្ឋបាល​មូលដ្ឋាន​មាន​សមត្ថភាព និង​ធនធាន​សម​សម្រប សម្រាប់​ផ្ដល់​សេវាសាធារណៈ និង​ការអភិវឌ្ឍ​មូលដ្ឋាន ស្របតាម​តម្រូវការ​របស់​ប្រជាពលរដ្ឋ​»៕

Tag:
 ស ខេង​
  រដ្ឋបាល​រាជធានី​-​ខេត្ត
© រក្សាសិទ្ធិដោយ thmeythmey.com