កីឡាជាតិ
ជាតិ
មិន​រំពឹង​ជោគជ័យ​ដូច​កីឡាការិនី កែ ឡេង តែ ស្រ៊ាង សុរ៉ា​ឃីម មានការ​ប្តេជ្ញាចិត្ត​ខ្ពស់​
03, Jun 2020 , 8:19 pm        
រូបភាព
កីឡាការិនី ស៊្រាង សុរ៉ាឃីម ផ្តល់បទសម្ភាសដល់សារព័ត៌មានថ្មីៗ
កីឡាការិនី ស៊្រាង សុរ៉ាឃីម ផ្តល់បទសម្ភាសដល់សារព័ត៌មានថ្មីៗ
ដោយ:
​កីឡាការិនី​ប៉េតង់​ជម្រើសជាតិ ស្រ៊ាង សុរ៉ា​ឃីម មិន​រំពឹងថា ខ្លួន​អាច​សាង​ភាពល្បីល្បាញ​ឲ្យ​ដូច​វីរ​កីឡាការិនី កែ ឡេង ម្ចាស់​មេដាយមាស​ពិភពលោក​៤​ជំនាន់​នោះទេ​។ តែ​យ៉ាងណា កីឡាការិនី​មកពី​ខេត្តតាកែវ​រូបនេះ ហាក់​មានការ​ប្តេជ្ញាចិត្ត​ខ្ពស់​ក្នុងការ​អភិវឌ្ឍន៍​សម​ត្ថ​ភាព និង​ស្វែងរក​ជ័យជម្នះ​លើ​ឆាក​អន្តរជាតិ​ជូន​ជាតិ​មាតុភូមិ​។

 
 
​ស្ថិតក្នុង​វ័យ​២១​ឆ្នាំ​កីឡាការិនី ស្រ៊ាង សុរ៉ា​ឃីម ហាក់​ទទួលបាន​ជោគជ័យ​ខ្លាំង​ក្នុង​វិស័យ​កីឡា​ប៉េតង់​។ ក្រោយ​ចូលប្រឡូក​ក្នុង​វិស័យ​កីឡា​នេះ​ជាង​៦​ឆ្នាំ រូបគេ បាន​សាង​ស្នាដៃ​ជាច្រើន​ទាំង​លើ​ថ្នាក់ជាតិ​និង​អន្តរជាតិ​។ នាង​ដណ្តើមបាន​មេដាយប្រាក់ និង​សំរឹទ្ធ​ពិភពលោក​នៅ​ប្រទេស​បែលហ្ស៊ិក​ឆ្នាំ​២០១៧, មេដាយមាស Asian Beach Games ឆ្នាំ​២០១៦ នៅ​វៀតណាម និង​មេដាយមាស​កីឡា​ស៊ី​ហ្គេម​នៅ​ប្រទេស​ហ្វីលីពីន​កាលពី​ឆ្នាំ​២០១៩ រួមជាមួយ​ស្នាដៃ​ជាច្រើន​ទៀត​។​
 
 
 
​តាមរយៈ​សមិទ្ធផល​ទាំងនេះ មិន​ត្រឹមតែ​ជួយ​ឲ្យ​កីឡាការិនី​មកពី​ស្រុក​អង្គរ​បូរី​ខេត្តតាកែវ​រូបនេះ មានឈ្មោះ​បោះ​សម្លេង​លើ​ឆាក​ជាតិ និង​អន្តរជាតិ​ប៉ុណ្ណោះ​ទេ ថែមទាំង​ជួយ​ឲ្យ​រូបគេ​ទទួល​អាហារូបករណ៍​សិក្សា​ថ្នាក់​សាកលវិទ្យាល័យ​១០០​ភាគរយ និង​បាន​ក្របខណ្ឌ​ការងារ​នៅ​ក្រសួងការពារជាតិ​ទៀតផង​។ បច្ចុប្បន្ន សុរ៉ា​ឃីម មាន​ឋាន​ជា​អនុនាវីត្រី​(​ស័ក្តិ​១)​។   
 
​ទោះបី​យ៉ាងនេះ​ក្តី កូនច្បង​ក្នុង​គ្រសារ​មាន​បងប្អូន​ពីរ​នាក់​រូបនេះ មិន​ហ៊ាន​ស្រមៃ​ថា ខ្លួន​អាចមាន​សមត្ថភាព និង​សាង​ភាពល្បីល្បាញ​ដូច​រៀមច្បង​វីរ​កីឡាការិនី កែ ឡេង ម្ចាស់​មេដាយមាស​ពិភពលោក​៤​ជំនាន់ និង​កីឡាការិនី អ៊ុក ស្រីមុំ ម្ចាស់​មេដាយមាស​ពិភពលោក​នៅ​បែលហ្ស៊ិក​កាលពី​ឆ្នាំ​២០១៧​។ ប៉ុន្តែ​កីឡាការិនី​រូបនេះ ហាក់​មានការ​តាំងចិត្ត​ខ្ពស់​ក្នុងការ​អភិវឌ្ឍន៍​សម​ត្ថ​ភាព និង​សាង​ស្នាដៃ​ជូន​ជាតិ​បន្ត​នៅ​ឆាក​អន្តរជាតិ​។​
 
​នៅពេល​សួរថា តើ​ទៅ​ថ្ងៃ​អនាគត សុរ៉ា​ឃីម រំ​ពឺ​ង​ទទួលបាន​ជោគជ័យ​ដូច​វីរ​កីឡាការិនី កែ ឡេង និង អ៊ុក ស្រីមុំ រី​យ៉ាងណា​? រូបគេ​បាន​ឆ្លើយ​ដូច្នេះ​ថា​៖«​សម្រាប់​ខ្ញុំ​មិនទាន់​ដឹង​នោះទេ តែ​នៅក្នុង​ចិត្ត​នៅតែ​តាំងចិត្ត​ខិតខំ​ប្រឹងប្រែង​ហ្វឹកហាត់​ឲ្យ​បានល្អ ឲ្យ​បាន​ខ្លាំង ដើម្បី​យក​ស្នាដៃ ទោះបី​មិនបាន​១០០​ភាគរយ​ដូច​គាត់ តែ​សុំ​តែ​១​ភាគពី​ពួកគាត់​ក៏បាន​»​។ 
 
​ទោះបី មិនទាន់​ដឹង​ច្បាស់​សម្រាប់​វត្តមាន​ក្នុងការ​ប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣២​ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​ក៏ដោយ សុរ៉ា​ឃីម ប្តេជ្ញា​ថា រូបគេ នឹង​ខិតខំ​ប្រឹងប្រែង​ហ្វឹកហាត់​អភិវឌ្ឍន៍​សមត្ថភាព​ឲ្យ​កាន់តែ​ប្រសើរ ដើម្បី​ត្រៀម​ប្រជែង​ដណ្តើម​មេដាយ​ពី​ព្រឹត្តិការណ៍​មួយ​នេះ​។ ប៉េតង់​ត្រូវបាន​គេ​ចាត់ទុកជា​ប្រភេទ​កីឡា​សក្តានុពល​ក្នុងចំណោម​កីឡា​១៧​ប្រភេទ ដែល​រំពឹង​ដណ្តើមបាន​មេដាយ​ពី​ការប្រកួត​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០២៣៕    
 
 
 

Tag:
 ប៉េតង់​
  ស្រ៊ាង សុរ៉ា​ឃីម​
© រក្សាសិទ្ធិដោយ thmeythmey.com