កីឡាជាតិ
គំនិតមួយ
ជាតិ
ការទូត​កីឡា លើសពី​ការ​ប្រកួត និង​លទ្ធផលនៃការប្រកួត..
28, Dec 2022 , 9:22 am        
រូបភាព
យន្តការ​ជាច្រើន​ត្រូវបាន​ប្រើប្រាស់​ឡើង​ដើម្បី​កាត់បន្ថយ​កម្តៅ​នយោបាយ ឬ​វិបត្តិ​ការទូត​នានា​រវាង​ប្រទេស និង​ប្រទេស​។ ក្នុងចំណោម​យន្តការ​ទាំងនោះ ប្រទេស​មិនតិច​ទេ​នៅលើ​ពិភពលោក​បានជ្រើសរើស​សកម្មភាព​ប្រកួត​កីឡា​ជា​លក្ខណៈ​មិត្តភាព​ដើម្បី​ផ្សារភ្ជាប់​ទំនាក់ទំនង​គ្នា​ទៅវិញទៅមក​។ ប៉ុន្តែ​ស្របពេល​ជាមួយគ្នា​នោះ​ផងដែរ គេ​ក៏​សង្កេតឃើញថា កីឡា​បាន​ក្លាយជា​ចំណាប់ខ្មាំង​នៃ​បញ្ហានយោបាយ​របស់​ប្រទេស​មួយចំនួន​។



​តើ​កីឡា នយោបាយ និង​ទំនាក់ទំនង​ការទូត មាន​ឥទ្ធិពល​លើ​គ្នា​យ៉ាងណាខ្លះ​?


​កីឡា​ផ្សេង នយោបាយ​ផ្សេង យើង​មិនត្រូវ​ឡូកឡំ​គ្នា​នោះឡើយ ប៉ុន្តែ​អ្នក​ស្នេហា​កីឡា ពិតជា​នៅ​ចងចាំ​បានការ​លើកឡើង​របស់​អតីត​ប្រធានាធិបតី​អាហ្វ្រិក​ខាងត្បូង​ដ៏​ល្បីល្បាញ លោក Nelson Mandela នៅក្នុង​ព្រឹត្តិការណ៍​បាល់ទាត់​ពិភពលោក​ក្នុង​ឆ្នាំ​២០១០ ដែល​និយាយថា «​កីឡា​មាន​ឥទ្ធិពល​ក្នុងការ​ផ្លាស់ប្តូរ​ពិភពលោក​»​។ នាពេល​កន្លងមក​ដូចគ្នា លោក បាន គី​មូ​ន អតីត​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​ក៏​ធ្លាប់​អត្ថាធិប្បាយ​ថា «​កីឡា​ជា​ភាសា​រួមមួយ​ដែល​មនុស្ស​អាចទាក់ទង​គ្នា​បាន​»​។


បិតាឯករាជ្យជាតិអាហ្វ្រិកខាងត្បូង Nelson Mandela បាន​លើក​ឡើងពីសារសំខាន់​របស់កីឡាក្នុងការផ្លាស់ប្តូរពិភពលោក

ចេញពី​ទស្សនៈវិស័យ​របស់​មេដឹកនាំ​ទាំងពីរ គេ​អាច​យល់បាន​អំពី​អត្ថន័យ​ដ៏​ទូលំទូលាយ​របស់​កីឡា​។ តាមពិត កីឡា​មិន​ត្រឹមតែ​បានបង្ហាញ​អំពី​ការប្រកួត​ចាញ់ឈ្នះ​យក​ពានរង្វាន់​នោះឡើយ កីឡា គឺជា​និមិត្តរូប​នៃ​សាមគ្គីភាព និង​សន្តិភាព​។ មិនតិច​ដង​ឡើយ នៅក្នុង​ប្រវត្តិសាស្ត្រ​នៃ​ជម្លោះ​នយោបាយ​រវាង​ប្រទេស និង​ប្រទេស កីឡា​ត្រូវបាន​គេ​យកមក​ធ្វើជា​វត្ថុ​ផ្សាភ្ជាប់​នៃ​ទំនាក់ទំនង​ការទូត​ឡើងវិញ​។​

​ជាក់ស្តែង​កាលពី​ឆ្នាំ​១៩៧១ សហរដ្ឋអាមេរិក និង​ចិន បាន​ភ្ជាប់​ទំនាក់ទំនង​ការទូត​ដែល​បាន​ល្អក់កករ​នឹង​គ្នា​ឡើងវិញ តាមរយៈ​ការរៀបចំ​ឲ្យ​មានការ​ប្រកួត​កីឡា​ប៉េង​ប៉ុង​ដែល​ខ្មែរ​ហៅថា កីឡាវាយកូនឃ្លីលើតុ​។ កម្មវិធី​ប្រកួត​ដែល​គេ​ប្រសិទ្ធិ​នាម​ថា « ប៉េង​ប៉ុង​ការទូត​» (Ping Pong diplomacy) នេះ ធ្វើឡើង​នា​ដំណើរ​ទស្សនកិច្ច​របស់​លោក​ប្រធានាធិបតី​អាមេរិក Richard Nixon ទៅកាន់​ប្រទេស​ចិន​។ បន្ទាប់មក ចិន​ក៏បាន​បញ្ជូន​ប្រតិភូ​កីឡា​របស់ខ្លួន​ទៅកាន់​សហរដ្ឋអាមេរិក​វិញ​។​


អតីតកីឡាករ​ប៉េង​ប៉ុង​ចិន Zhuang Zedong ម្ចាស់​ជើងឯក​ពិភពលោក​បី​ជំនាន់ ដើរតួយ៉ាងសំខាន់ក្នុងចលនាប៉េងប៉ុងការទូតជាមួយអាមេរិក

​បើទោះបីជា​វា​មិន​លក្ខណៈ​ទូលំទូលាយ​យ៉ាងណាក៏ដោយ ក្រោយ​ព្រឹត្តិការណ៍ « ប៉េង​ប៉ុង​ការទូត​» ក៏​គេ​សង្កេតឃើញថា រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន និង​ក្រុង​ប៉េកាំង មានការ​បោះដៃ​ឲ្យ​គ្នា​ទៅវិញទៅមក ពោលគឺ​មិន​មានការ​កាត់ផ្តាច់​ដូច​មុន​ឡើយ​។​

​ដូចគ្នា​ដែរ ឥណ្ឌា និង​ប៉ា​គី​ស្ថាន ដែលមាន​ទំនាស់​ជាង​៦០​ឆ្នាំ​ក្នុងការ​ដណ្តើមយក​អធិបតេយ្យភាព​លើ​តំបន់​កា​ស្មៀ​រ តែងតែ​រៀបចំ​ជា​ញឹកញាប់​ព្រឹត្តិការណ៍​ប្រកួត​កីឡា​គ្រី​ឃី​ត​បែប​ការទូត​។ គោលបំណង​នៃ​ការប្រើប្រាស់​ការប្រកួត​កីឡា​គ្រី​ឃី​ត​ដ៏​ពេញនិយម​ប្រចាំ​ប្រទេស​នៅ​តំបន់​អាស៊ី​ខាងត្បូង​ទាំងពីរ​នេះ គឺ​ដើម្បី​លើក​កំពស់​ទំនាក់ទំនង​រវាង​គ្នា និង​អនុញ្ញាត​ឲ្យ​ក្រុម​អ្នកគាំទ្រ​អាច​ឆ្លង​ប្រទេស​ទៅ​មើល​ការប្រកួត​ទៅវិញទៅមក​។​


រូបត្លុកដែលបង្ហាញពី​ការ​ភ្ជាប់ទំនាក់ទំនងគ្នា​រវាងឥណ្ឌា និង​ប៉ាគីស្ថាន តាមរយៈកីឡាគ្រីឃីត

​មាន​គំរូ​ជាច្រើន​ទៀត​ទាក់ទង​នឹង​ការប្រើប្រាស់​កីឡា​ជា​មធ្យោបាយ​ដើម្បី​លើកតម្កើង​ទំនាក់ទំនង​ការទូត​ដែល​គេ​ហៅ​យ៉ាងខ្លី​ថា «​ការទូត​កីឡា​»​។​

​កម្ពុជា​ក៏​ធ្លាប់ប្រើ​ប្រាស់​ពិសោធន៍​នេះ​ដូចគ្នា​ដែរ នៅពេលដែល​ប្រទេស​នេះ មានទំនាស់​ព្រំដែន​ជាមួយ​ប្រទេស​ថៃ​។ ការប្រកួត​កីឡា​ជាច្រើន​ដង ពិសេស​កីឡាបាល់ទះ ត្រូវ​បានរៀបចំ​រួមគ្នា​ដោយ​មេទ័ព​ប្រចាំ​ព្រំដែន​នៃ​ប្រទេស​ទាំងពីរ​។ លើសពីនេះ​ទៀត កាលពី​ខែកញ្ញា​ឆ្នាំ​២០១១ ការប្រកួត​កីឡាបាល់ទាត់​មិត្តភាព មិន​ធ្លាប់មាន​រវាង​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​របស់​រដ្ឋាភិបាល​កម្ពុជា និង​របស់​គណបក្ស​ភឿ​ថៃ ក៏​ធ្លាប់​ត្រូវបាន​រៀបចំឡើង​ដែរ​។ កាលណោះ​ក្នុងចំណោម​អ្នកទស្សនា​ផ្ទាល់​ប្រមាណ​ជា​៥​ម៉ឺន​នាក់ គេ​សង្កេតឃើញថា ប្រជាជន​គាំទ្រ​អាវ​ក្រហម​ដែល​ធ្វើដំណើរ​មកពី​ប្រទេស​ថៃ នាំគ្នា​លើក​បដា ដោយមាន​ការសរសេរ​ថា «​ខ្ញុំ​ស្រឡាញ់​កម្ពុជា ស្រឡាញ់​សម្តេច ហ៊ុន សែន​»​។


ក្រុម​អ្នកគាំទ្រ​គណបក្សភឿថៃ បាន​លើកបដា អបអរសាទរ​ និងបង្ហាញក្តីស្រឡាញ់ចំពោះកម្ពុជា និងសម្តេច ហ៊ុន សែន

​សម្តេច ហ៊ុន សែន នាឱកាស​នោះ​ក៏បាន​និយាយ​ផងដែរ​ថា សុបិន​អាក្រក់​រវាង​ប្រទេស​ទាំងពីរ បាន​ហើរ​រសាត់​ទៅ​ឆ្ងាយ​ហើយ ដែល​នេះ​ជាការ​ចាប់ផ្តើម​ពង្រីក​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំងពីរ​។ តើ​នេះ វា​មិនមែនជា​ការបញ្ចប់​ភាព​តានតឹង​រវាង​ប្រទេស​ពីរ​ដោយសារ កីឡា​ទេ​ឬ​?

​កីឡា​រងគ្រោះ​ព្រោះ​នយោបាយ​

​កីឡា​ជា​មធ្យោបាយ​ភ្ជាប់​ទំនាក់ទំនង​ក៏ពិតមែន ប៉ុន្តែ​ពេលខ្លះ​វា​ក៏​ត្រូវបាន​ប្រើប្រាស់​ឡើង​ដើម្បី​ដាក់​សម្ពាធ​ផ្នែក​នយោបាយ​ផងដែរ​។ សង្គ្រាមស៊ីវិល និង​រ៉ាំរ៉ៃ បានធ្វើ​ឲ្យ​បណ្តា​មួយចំនួន​មិនអាច​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​ការប្រកួត​កីឡា​ដោយ​ខ្លួនឯង​នោះឡើយ ជាក់ស្តែង​ការប្រកួត​បាល់ទាត់​អន្តរជាតិ អា​ហ្វ​ហ្គា​នី​ស្ថាន អ៊ីរ៉ាក់ ស៊ី​រី និង​លី​បង់ ជាដើម តែងតែ​ប្រើប្រាស់​ទឹកដី​កណ្តាល​។​

 នៅក្រោម​របប​អាប៉ាថេត​ពី​ឆ្នាំ​១៩៤៨ ដល់​ឆ្នាំ​១៩៩៤ ប្រទេស​អាហ្វ្រិក​ខាងត្បូង​បាន​ស្ថិតនៅក្នុង​ភាព​ឯកោ​ពី​សកម្មភាព​ប្រកួត​កីឡា​អន្តរជាតិ​។ ភាព​ឯកោ​នេះ​កើតឡើង​ដោយសារតែ​ប្រទេស និង​ស្ថាប័ន​កីឡា​អន្តរជាតិ​នានា ដាក់​សម្ពាធ​លើ​របប​ផ្តាច់ការ និង​ប្រកាន់ពូជសាសន៍ អាប៉ាថេត​។​


ប្រទេស និង​ស្ថាប័ន​កីឡា​អន្តរជាតិ ពហិការមិនចូល​រួមប្រកួតកីឡានៅអាហ្វ្រិកខាងត្បូង ក្រោម​របបអាប៉ាថេត

​អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ កាលពី​ឆ្នាំ​១៩៧៦ ប្រទេស​អាហ្វ្រិក​ចំនួន​២២​បាន​ពហិកា​មិន​ចូលរួម​ក្នុងការ​ប្រកួត​កីឡា​អូឡាំពិក​នៅ​ទីក្រុង​ម៉ុងរ៉េអាល់ ប្រទេស​កាណាដា ដោយសារតែ​ពួកគេ​ខឹងសម្បារ​នឹង​ប្រទេស​នូ​វែ​ល​សេ​ឡង់ ដែល​បាន​បញ្ជូន​កីឡា​បាល់ឱប​របស់ខ្លួន​ទៅលេង​ក្នុងប្រទេស​អាហ្វ្រិក​ខាងត្បូង​ដែល​ស្ថិតក្រោម​របប​អាប៉ាថេត​។​

​ករណី​ដែល​គួរ​ឲ្យ​កត់សម្គាល់​មួយទៀត កាលពី​ឆ្នាំ​១៩៨៤ អតីត​សហភាពសូវៀត និង​ប្រទេស​១៤​ទៀត បានធ្វើ​ពហិកា​មិន​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​នៅ​ទីក្រុង​ឡូ​ស​អែន​ជឺ​ឡែ​ស ដោយ​ពួកគេ​គ្មាន​ជំនឿ​លើ​សហរដ្ឋអាមេរិក ចំពោះ​ការធានា​សុវត្ថិភាព​ដល់​ពួកគេ​។​

​កាលពី​ឆ្នាំ​១៩៧១ កីឡាករ​ប៉េង​ប៉ុង​ចិន Zhuang Zedong ម្ចាស់​ជើងឯក​ពិភពលោក​បី​ជំនាន់ បាន​បដិសេធ​ចាប់​ដៃគូ​លេង​ជាមួយ​កីឡាករ ខូវ ប៊ូ (KhauBou) របស់​កម្ពុជា​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​កីឡា​វាយ​ប៉េង​ប៉ុង​ពិភពលោក​លើក​ទី​១៣ នៅ​ទីក្រុង​ណា​ហ្គោ​យ៉ា ប្រទេស​ជប៉ុន​។ ហេតុផល​គឺថា រដ្ឋាភិបាល​ក្រុង​ប៉េកាំង ដែលមាន​ទំនាក់ទំនង​យ៉ាង​ស្អិតល្មួតជាមួយ​សម្តេច​ព្រះវររាជ​បិតា ព្រះបាទ​នរោត្តម សីហនុ មិន​ទទួលស្គាល់​កីឡាករ​ដែល​តំណាង​ឲ្យ​រដ្ឋាភិបាល​របស់លោក លន់ ណុល នោះឡើយ​។

​កាលពី​ឆ្នាំ​២០១៤ រុស្ស៊ី​បានបង្ហាញ​សាច់ដុំ​ធំ​របស់ខ្លួន​ក្នុងនាម​ជា​ម្ចាស់ផ្ទះ​រៀបចំ​កីឡា​អូឡាំពិក​រដូវរងារ នៅ​ទីក្រុង​មាត់សមុទ្រ​ខ្មៅ Sochi ដែល​នេះ​ជា​ព្រឹត្តិការណ៍​កីឡា​អន្តរជាតិ​ដ៏​ធំ​របស់​រដ្ឋបាល​លោក វ្លា​ឌីមៀ ពូ​ទីន បើ​គិត​ចាប់តាំងពី​ការដួលរលំ​របប​អតីត​សហភាពសូវៀត​នា​ឆ្នាំ​១៩៩១ ។ ប៉ុន្តែ​ពេល​ជាមួយគ្នា​នោះ​ផងដែរ រុស្ស៊ី​នៅតែ​ទទួលរង​នូវ​ការ​រិះ​គន់​ពី​អន្តរជាតិ ជុំវិញ​ការរំលោភ​សិទ្ធិមនុស្ស អំពើពុករលួយ និង​ការរើសអើង​ក្រុម​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា (LGBT) រហូតដល់​មានការ​គម្រាម​ធ្វើពហិកា​មិន​ចូលរួម​ប្រកួត​ទៀតផង​។


​ប្រវត្តិសាស្ត្រ​បាល់ទាត់​កូរ៉េខាងជើង ផ្តើមចេញពី​ទឹកដី​កម្ពុជា​...

​កូរ៉េខាងជើង​ច្បាស់​ជា​មិនអាច​បំភ្លេច​នូវ​ព្រះ​គុណូបការៈ​របស់​សម្តេច​ព្រះវររាជ​បិតា​កម្ពុជា​បានឡើយ​។ កាលពី​ឆ្នាំ​១៩៦៥ រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​របស់លោក គឹម អ៊ី​ល​ស៊ុ​ង ដែលមាន​បញ្ហា​ការទូត​ជាមួយ​បណ្តា​ប្រទេស​ជាច្រើន​នោះ មិនអាច​រៀបចំ​ការប្រកួត​ជម្រុះ World Cup នៅ​ទឹកដី​របស់ខ្លួន​បាន​នោះទេ​។ ដោយសារតែ​ទំនាក់ទំនង​ដ៏​ល្អ​ជាមួយ​កម្ពុជា​ដែលមាន​ព្រះករុណា​សម្តេចឪ ព្រះបាទ នរោត្តម សីហនុ ជា​ព្រះប្រមុខរដ្ឋ ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​បានក្លាយ​ជា​ទឹកដី​កណ្តាល​នៃ​ការប្រកួត​រវាង​ក្រុម​ជម្រើសជាតិ​កូរ៉េខាងជើង និង​ក្រុម​អូស្ត្រាលី​សម្រាប់​វគ្គ​ជម្រុះ​ឆ្ពោះទៅកាន់ World Cup ឆ្នាំ​១៩៦៦ ។​


ការប្រកួតជម្រុះ World Cup រវាងកូរ៉េខាងជើង និងអូស្ត្រាលី ត្រូវបាន​អង្គសម្តេចឪ ចាត់ចែងឲ្យអ្នកគាំទ្រពាក់កណ្តាលគាំទ្រកូរ៉េខាងជើង និងពាក់កណ្តាលទៀតគាំទ្រអូស្ត្រាលី

​នាពេលនោះ កូរ៉េខាងជើង​បាន​យកឈ្នះ​ទាំងពីរ​ជើង​ក្នុង​លទ្ធផល ៦-១ និង​៣-១ ក្រោម​ក្រសែភ្នែក​អ្នកទស្សនា​ប្រមាណ​៤​ម៉ឺន​នាក់ ខណៈ​អង្គ​សម្តេចឪ បានរៀបចំ​ឲ្យ​ក្រុម​អ្នកទស្សនា​ពាក់កណ្តាល​គាំទ្រ​អូស្ត្រាលី និង​ពាក់កណ្តាល​ទៀត​គាំទ្រ​កូរ៉េខាងជើង​។ ដោយសារតែ​ជ័យជម្នះ​ដែល​រៀបចំ​នៅលើ​ទឹកដី​កម្ពុជា​នេះហើយ ដែល​នាំ​ឲ្យ​កូរ៉េខាងជើង​ទទួលបាន​កៅអី​បន្តទៅ​ជុំ​ចុងក្រោយ​នៅ​អង់គ្លេស ថែមទាំង​ឈានដល់​វគ្គ​១/៤​ផ្តាច់ព្រ័ត្រ ដែលជា​ចំណាត់ថ្នាក់​ដ៏​ខ្ពស់បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់​កូរ៉េខាងជើង​នៅ​ព្រឹត្តិការណ៍ World Cup​។​

​ដូច​បានបង្ហាញ​ក្នុង​ឧទាហរណ៍​ខាងលើ វិស័យ​កីឡា នៅពេល​ខ្លះ​ពិតជា​អាច​ប្រើប្រាស់​ជា​ដំណោះស្រាយ និង​អាវុធ​ក្នុង​ការលើក​មុខមាត់​ប្រទេសមួយ​ដោយ​មិនចាំបាច់ ប្រើប្រាស់​វិធានការ​ការទូត ឬ​កម្លាំងយោធា​។ ក្នុងន័យនេះ កម្ពុជា​ក៏​មិនគួរ​មើលរំលង​ការអភិវឌ្ឍន៍​វិស័យ​កីឡា​នោះឡើយ​។​

​ការបញ្ជូន​ត្រឹម​ប្រតិភូ​កីឡា​កម្ពុជា​ទៅ​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​កីឡា​នៅលើ​ឆាក​អន្តរជាតិ​នោះ វា​មិនទាន់​គ្រប់គ្រាន់​ឡើយ​។ ការលើក​ទង់ជាតិ​កម្ពុ​ជា​ក្នុង​ក្របខណ្ឌ​នៃ​ជ័យជម្នះ​លើ​វិញ្ញាសារ​ប្រកួត​ផ្សេងៗ​នោះ នឹង​រឹតតែ​ធ្វើ​ឲ្យ​កិត្តិនាម​របស់​កម្ពុ​ជាកា​ន់​តែ​សុះសាយ នឹងធ្វើ​ឲ្យ​កម្ពុ​ជាមាន​ទម្ងន់ និង​មានតម្លៃ​បន្ថែមទៀត​ក្នុង​វិស័យ​កីឡា នៅ​ចំពោះមុខ​អន្តរជាតិ​។​

​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ នឹង​ផ្តល់ឱកាស​ដល់​កម្ពុ​ជាប​ង្ហា​ញ​ភាព​សាច់ដុំ​របស់ខ្លួន​ម្តងទៀត​ក្នុងការ​រៀបចំ ព្រឹត្តិការណ៍​កីឡា​ថ្នាក់​តំបន់ បន្ទាប់ពី​ការរៀបចំ​ដ៏​ជោគជ័យ​នូវ​ព្រឹត្តិការណ៍​ហ្គា​ណេ​ហ្វូ​អាស៊ី​នា​ឆ្នាំ​១៩៦៦ ដែលមាន​វត្តមាន​អត្ត​ព​លិ​កជាង​២០០០​នាក់ មកពី​១៧​ប្រទេស​៕



Tag:
 ការទូតកីឡា
© រក្សាសិទ្ធិដោយ thmeythmey.com