ពីនេះ ពីនោះ / មិនយល់...!
«សំភារៈ»ឬ«សម្ភារៈ»មិនមានក្នុងវចនានុក្រមឡើយ! 
×![]()
គួរកុំប្រើពាក្យ«សំភារៈ» និង«សម្ភារៈ»នេះឲ្យសោះ គួរតែប្រើជា «សម្ភារ» វិញទើបត្រឹមត្រូវ។ ពាក្យ«សម្ភារ»មានន័យថា គ្រឿងផ្សំ ឬគ្រឿងប្រើប្រាស់។ ឧទាហរណ៍៖ បន្ទប់នេះស្អាត ដោយសារគេលម្អដោយសម្ភារគ្រឿងសង្ហារិមដ៏ប្រណិត។
«សម្ភារ»មិនគ្រាន់តែសំដៅលើ គ្រឿងផ្សំ ឬគ្រឿងប្រើប្រាស់នោះទេ។ ពាក្យនេះក៏អាចប្រើក្នុងន័យ ការសន្សំ ការសាងសន្សំកុសល ការសាងសន្សំបន្ទុំបារមី(របស់ពោធិសត្វ) ឬតេជះ អំណាច សេចក្តីទំនុកបម្រុង ការស្រោចស្រង់ សេចក្តីសង្គ្រោះ ការរួបរួម របស់ផ្សំជាមួយគ្នា។ ឧទាហរណ៍៖ យើងខ្ញុំបានសេចក្តីសុខ ដោយសារសម្ភារព្រះតេជព្រះគុណ។
ពាក្យ«សម្ភារ»មានន័យខុសពីពាក្យ«បរិក្ខារ»ដែលមានន័យថា គ្រឿងប្រដាប់, គ្រឿងប្រដាប់សម្រាប់ប្រើប្រាស់។ ឧទាហរណ៍៖ គប្បីថែទាំសម្អាតគ្រឿងបរិក្ខារផ្សេងៗ មានសំពត់ខោអាវជាដើមឲ្យស្អាតជានិច្ច៕
© រក្សាសិទ្ធិដោយ thmeythmey.com