ដល់ពេល​ដែល​លោក ត្រាំ ត្រូវបញ្ជូន​ទ័ព​ទៅ​ទប់ទល់​ចលនា​បាតុកម្ម​តាម​បណ្តា​រដ្ឋ​?
អន្តរជាតិ
ដល់ពេល​ដែល​លោក ត្រាំ ត្រូវបញ្ជូន​ទ័ព​ទៅ​ទប់ទល់​ចលនា​បាតុកម្ម​តាម​បណ្តា​រដ្ឋ​?
03, Jun 2020 , 4:32 pm        
រូបភាព
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ អមដំណើរដោយនាយសេនាធិការចម្រុះកងទ័ព ឧត្តមសេនីយ៍ Mike Milley (ស្ដាំ) និងរដ្ឋមន្រ្តីការពារជាតិ ម៉ាក អេស្ពើ (កណ្ដាល)។ រូបភាព AFP
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ អមដំណើរដោយនាយសេនាធិការចម្រុះកងទ័ព ឧត្តមសេនីយ៍ Mike Milley (ស្ដាំ) និងរដ្ឋមន្រ្តីការពារជាតិ ម៉ាក អេស្ពើ (កណ្ដាល)។ រូបភាព AFP
ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ នៅ​ថ្ងៃទី​១ ខែមិថុនា បាន​គំរាម​ពង្រាយ​កងទ័ព​ដើម្បី​គ្រប់គ្រង​ដងផ្លូវ​ឡើងវិញ ស្របគ្នា​នឹង​ការ​រាលដាល​បាតុកម្ម​ប្រឆាំង​ការ​រើស​អើ​សព​ណ៌​សម្បុរ​នៅតាម​រដ្ឋ​ជាច្រើន​ក្រោយ​ការស្លាប់​របស់​ជនជាតិ​ស្បែក​ខ្មៅ ច​ច ហ្វ្ល​យ ដោយសារ​ប៉ូលិស​នៅ​ទីក្រុង Minneapolis រដ្ឋ Minnesota ។ ខណៈ​បាតុកម្ម​កាន់តែ​រីក​ធំ កាន់តែ​ហិង្សា កាន់តែ​បំផ្លិចបំផ្លាញ លោក ត្រាំ ប្រហែល​មិនអាច​ខាំមាត់សង្កត់ចិត្ត​ទៀតឡើយ​។ ដល់ពេល​ដែល​លោក ត្រាំ ត្រូវបញ្ជូន​ទ័ព​ទៅ​ទប់ទល់​ចលនា​បាតុកម្ម​តាម​បណ្តា​រដ្ឋ​?

 
​ពី​សេត​វិមាន​នៅ​ថ្ងៃទី​១ ខែមិថុនា លោក ដូ​ណា​ល់ ត្រាំ ប្រកាសថា ប្រសិនបើ​រដ្ឋ ឬ​ទីក្រុង​ណាមួយ មិន​ព្រម​ចាត់វិធានការ​ដើម្បី​ការពារ​ជីវិត និង​ទ្រព្យសម្បត្តិ​ប្រជាជន​ពួកគេ លោក​នឹង​ពង្រាយ​កងទ័ព​ដើម្បី​ដោះស្រាយ​បញ្ហា​ឲ្យ​បាន​លឿន​ជំនួស​ពួកគេ​។ លោក ត្រាំ និយាយ​បែបនេះ ដោយ​ទំនង​សម្អាងថា លោក​ជា​ប្រធានាធិបតី​អាមេរិក ប៉ុន្តែ​លោក​ទំនងជា​ភ្លេច​ថា អាមេរិក​ជា​ប្រទេស​ក្រោម​ការគ្រប់គ្រង​បែប​សហព័ន្ធ ដែល​អភិបាលរដ្ឋ​សហព័ន្ធ​នីមួយៗ​មាន​សិទ្ធិ​ចាត់ចែង​កិច្ចការ​ផ្ទៃក្នុង​របស់​ពួកគេ​។​
 
​និយាយ​បែបនេះ ពុំមែន​មានន័យថា លោក ត្រាំ មិនអាច​ដោះស្រាយ​បញ្ហា​បាតុកម្ម​នេះឡើយ​។ ប៉ុន្តែ​រដ្ឋធម្មនុញ្ញ និង​ច្បាប់​អាមេរិក​មានចែង​ពី​លក្ខខណ្ឌ​ដែល​ហាមឃាត់ និង​បើកផ្លូវ​ឲ្យ​លោក ត្រាំ ប្រើប្រាស់​ជម្រើស​ដែល​ចម្រូងចម្រាស​នេះ​។ ដើម្បី​បញ្ចេញ​ទ័ព​បាន លោក ត្រាំ ត្រូវ​ប្រើ​ច្បាប់​ឆ្លើយតប​ការបះបោរ (Insurrection Act) ។ 
 
​អ្វី​ទៅជា​ច្បាប់​ឆ្លើយតប​ការបះបោរ (Insurrection Act) ?
 
​ច្បាប់​ឆ្លើយតប​ការបះបោរ ឆ្នាំ​១៨០៧ ជា​ច្បាប់​ដែល​អនុញ្ញាត​ឲ្យ​ប្រធានាធិបតី​អាមេរិក​បញ្ជូន​កងទ័ព​ទៅកាន់​រដ្ឋ​ណាមួយ​ដើម្បី​បង្ក្រាប​ចលាចល​សាធារណៈ និង​ដើម្បី​គាំទ្រ​ការអនុវត្ត​ច្បាប់ បើ​ប៉ូលិស​ក្នុង​រដ្ឋ​មិនអាច​ធ្វើ​បែប​នោះបាន​។ យ៉ាងណាមិញ ស្ថានភាព​បច្ចុប្បន្ន នៅ​មិនទាន់​ទៅ​ឆ្ងាយ​រហូតដល់​មន្ត្រី​អនុវត្ត​ច្បាប់​លែង​អាចបំពេញ​ការងារ​បាន​ឡើយ​។ 
 
​ច្បាប់​ឆ្លើយតប​ការបះបោរ នេះ ជាការ​បំពេញ​ឲ្យ​ច្បាប់​មួយទៀត គឺ Posse Comitatus Act ដែល​កំណត់​ទំនាក់ទំនង​រវាង​រដ្ឋា​ភិ​បាល​សហព័ន្ធ និង​រដ្ឋាភិបាល​នៃ​រដ្ឋ​នីមួយៗ​។ ក្រោម​រដ្ឋធម្មនុញ្ញ​អាមេរិក អភិបាលរដ្ឋ​នីមួយៗ មានអំណាច​ចាត់ចែង​ការងារ​សណ្ដាប់ធ្នាប់​ក្នុង​ដែន​សមត្ថកិច្ច​របស់ខ្លួន​។ ដូចនេះ លោក ត្រាំ ទំនង​ត្រូវ​រង់ចាំ​មើល​ស្ថានការណ៍​សិន មុននឹង​ប្រើ​ច្បាប់​ឆ្លើយតប​ការបះបោរ ដើម្បី​បញ្ចេញ​យោធា​ទៅ​ដោះស្រាយ​។ 
 
​ត្រង់នេះ តើ​លោក ត្រាំ អាច​បញ្ជូន​ទ័ព​ទៅកាន់​រដ្ឋ​នីមួយៗ​បាន​ដោយ​គ្មាន​ការឯកភាព​ពី​អភិបាលរដ្ឋ​ជាមុន​ឬទេ​? ក្នុង​ច្បាប់​ឆ្លើយតប​ការបះបោរ ការបញ្ជូន​ទ័ព​អាចធ្វើ​ឡើង នៅពេល​មាន​សំណើ​ពី​អភិបាលរដ្ឋ​។ ច្បាប់​ដដែល​នេះ​ក៏​ចែង​ដែរ​ថា ប្រធានាធិបតី​អាមេរិក មាន​សិទ្ធិ​ពង្រាយ​ទ័ព​ក្នុង​លក្ខខណ្ឌ​ដែល​ចលាចល​បង្អាក់​ការអនុវត្ត​ច្បាប់ ឬ​សិទ្ធិ​ប្រជាជន​ត្រូវបាន​បំពាន​ដែល​ក្នុងករណីនេះ ការឯកភាព​ជាមុនរ​បស់​អភិបាលរដ្ឋ មិនមែនជា​រឿង​ចាំបាច់​ឡើយ​។ 
 
​ស្ថានការណ៍​ដើរ​ដល់​ចំណុច​ដែល​ត្រូវ​បញ្ចេញ​ទ័ព​?
 
​ច្បាប់​ឆ្លើយតប​ការបះបោរ បាន​ប្រើប្រាស់​ជាច្រើនលើក​ក្នុង​ប្រវត្តិសាស្ត្រ​អាមេរិក​។ យ៉ាងណាមិញ ការប្រើ​ច្បាប់​នេះ ក្លាយជា​រឿង​កម្រ​នៅក្រោយ​ចលនា​ទាមទារ​សិទ្ធិ​ស៊ីវិល​ក្នុង​ទសវត្សរ៍​ឆ្នាំ​១៩៦០ ។ ប្រធានាធិបតី ដ្វា​យ អៃ​សិន​ហូ​វើ​, ច​ន អេ​ហ្វ កេ​ណ្ណឺ​ឌី និង លីន​ដុន ច​ន​សុន សុទ្ធតែ​ធ្លាប់ប្រើ​ច្បាប់​ដើម្បី​បោសសម្អាត​ហិង្សា​តាមផ្លូវ​។ ច្បាប់​នេះ ត្រូវបាន​ប្រើប្រាស់​លើកចុងក្រោយ​នៅ​ឆ្នាំ​១៩៩២ ដើម្បី​ទប់ទល់​បាតុកម្ម​នៅ Los Angeles ។ 
 
​ខណៈ ច្បាប់​ឆ្លើយតប​ការបះបោរ ទុក​ផ្លូវ​ឲ្យ​លោក ត្រាំ បញ្ជូន​យោធា​កាន់កាប់​ដងផ្លូវ​នោះ ស្ថានការណ៍​បច្ចុប្បន្ន ហាក់​មិនទាន់​ទៅ​ហួស​នៅឡើយ​ទេ​។ គេ​អាច​ចាំបាន​ថា បាតុកម្ម​ទ្រង់ទ្រាយ​ធំ និង​ហិង្សា​នៅ​ទីក្រុង Ferguson រដ្ឋ Missouri ឆ្នាំ​២០១៤ ដែល​កើតឡើង​ក្រោយ​ការបាញ់សម្លាប់​ជនជាតិ​ស្បែក​ខ្មៅ​ឈ្មោះ Michael Brown ដោយ​ប៉ូលិស​ស្បែ​កស ក៏​មិន​ត្រូវបាន​ប្រើប្រាស់​ច្បាប់​នេះ​ដើម្បី​ដោះស្រាយ​បញ្ហា​ដែរ​។​
 
​ដ្បិត​បាតុកម្ម​សន្តិភាព ប្រែ​ទៅជា​ហិង្សា​នៅ​ទីតាំង​ខ្លះ​រហូតដល់​មានការ​ប៉ះទង្គិច​រវាង​ប៉ូលិស និង​បាតុករ ហើយនឹង​ការ​លួច​ប្លន់​ទ្រព្យសម្បត្តិ​ក្ដី ស្ថានការណ៍​នៅ​មិនទាន់​អាក្រក់​ជ្រុល​ដែល​ត្រូវការ​កងទ័ព​ជួយ​ដោះស្រាយ​ឡើយ​។ អភិបាលរដ្ឋ​ខ្លះ​ក៏បាន​ចេញ​ជំទាស់​គម្រោង​របស់លោក ត្រាំ ជាស្រេច​ដែរ​។ អភិបាលរដ្ឋ Illinois លោក J.B. Pritzker ប្រាប់​ទូរទស្សន៍ CNN ថា លោក​មិន​យល់ព្រម​ឲ្យ​រដ្ឋាភិបាល​សហព័ន្ធ​ពង្រាយ​ទ័ព​ក្នុង​រដ្ឋ​របស់លោក​ឡើយ​៕ 
 
 

Tag:
 អាមេរិក​
  ដូ​ណា​ល់ ត្រាំ
© រក្សាសិទ្ធិដោយ thmeythmey.com