ជាតិ
៤​ខែ​ដើមឆ្នាំ បទល្មើស​ធនធានធម្មជាតិ​ជាង​២​ពាន់​ករណី​ត្រូវបាន​បង្ក្រាប ដោយ​ការ​លួច​កាប់​ឈើ​មាន​ច្រើនជាងគេ​
03, Jun 2020 , 9:19 pm        
រូបភាព
ឈើនៅលើគោយន្ត ដែលក្រុមមន្ត្រីឧទ្យានុរក្សបង្ក្រាបបានពីអ្នកលួចកាប់ព្រៃ។ រូបថត៖ លោក នេត្រ ភក្រ្តា អ្នកនាំពាក្យក្រសួងបរិស្ថាន។
ឈើនៅលើគោយន្ត ដែលក្រុមមន្ត្រីឧទ្យានុរក្សបង្ក្រាបបានពីអ្នកលួចកាប់ព្រៃ។ រូបថត៖ លោក នេត្រ ភក្រ្តា អ្នកនាំពាក្យក្រសួងបរិស្ថាន។
​ភ្នំពេញ​៖ រយៈពេល​៤​ខែ​ដើមឆ្នាំ​២០២០  មន្ត្រី​ឧ​ទ្យា​នុ​រក្ស​នៃ​ក្រសួងបរិស្ថាន បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​បាន​ចំនួន​២,៣៣៣​ករណី​។ ក្នុងនោះ មាន​ភាគច្រើន​គឺពាក់ព័ន្ធ​នឹង​ការទន្ទ្រាន​កាន់កាប់​ព្រៃ​ខុសច្បាប់ និង​បទល្មើស​លួច​កាប់​ឈើ​។ នេះ​បើតាម​យោង​សំណេរ​របស់លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន ផ្តល់ឱ្យ​ក្រុមអ្នកកាសែត​តាម​ប្រព័ន្ធ​តេ​លេ​ក្រាម​(Telegram)​កាលពី​ថ្ងៃទី​២​មិថុនា​។​

 
​លោក នេត្រ ភ​ក្រា្ត បាន​បញ្ជាក់ថា ក្នុងចំណោម​បទល្មើស​ធនធានធម្មជាតិ​សរុប​ខាងលើនេះ មាន​១៧៩​ករណី​ដែល​ពាក់ព័ន្ធ​នឹង​មនុស្ស​ជិត​២០០​នាក់ ត្រូវបាន​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ ដើម្បី​ជំនុំ​ជំ​រះ​ក្តី​តាម​នីតិវីធី​។ មាន​៤០៣​ករណី​ត្រូវបាន​អាជ្ញាធរ​ផាកពិន័យ​អន្តរកាល និង​៦១៣​ករណី​ទៀត គឺ​បាន​ពាក់ព័ន្ធ​នឹង​មនុស្ស​៦២៤​នាក់ ត្រូវបាន​អាជ្ញាធរ​អប់រំ និង​ធ្វើ​កិច្ចសន្យា​បញ្ឈប់​ប្រព្រឹត្ត​បទល្មើស ដែល​អនុលោម​តាមច្បាប់​ស្តីពី​តំបន់ការពារធម្មជាតិ​។ 
 
​ពី​ខែមករា​-​មេសា ឆ្នាំ​២០២០​មកនេះ មន្ត្រី​ឧ​ទ្យា​នុ​រក្ស​របស់​ក្រសួងបរិស្ថាន​ទូទាំងប្រទេស​ទាំង​១,២៦០​នាក់ បាន​ចុះ​បេសកកម្ម​ដើរល្បាត​ចំនួន​ជាង​៧​ពាន់​លើក នៅក្នុង​តំបន់ការពារធម្មជាតិ និង​របៀង​អភិរក្ស​ជីវៈចម្រុះ​ទាំង​៦០​កន្លែង ដែលមាន​ផ្ទៃដី​ជាង​៧,២​លាន​ហិកតា​។  នេះ​បើតាម​លោក នេត្រ ភក្ត្រា ដោយបាន​អះអាងថា  ក្នុង​ការចុះ​ទប់ស្កាត់​បទល្មើស​ធនធាន​ធម្មជាតិ​ចំនួន​៤​ខែ​មកនេះ មន្ត្រី​ឧ​ទ្យា​នុ​រក្ស និង​សហគមន៍​តំបន់ការពារធម្មជាតិ​នោះ មាន​រឹប​អុស​រណា​យន្ត​ជិត​១០០​គ្រឿង​, រថយន្ត​កែច្នៃ​ត្រាក់ទ័រ​៥៣​គ្រឿង ម៉ូតូ​១២៦​គ្រឿង និង​គោយន្ត​២០៣​គ្រឿង​។ ក្រៅពីនេះ មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ក៏បាន​ដោះ​អន្ទាក់​សម្លាប់សត្វ​ជិត​៩​ពាន់​អន្ទាក់ ព្រមទាំង​ដកហូត​កាំភ្លើង កាំភ្លើង​កែច្នៃ ស្នា​តេះ ដែល​ប្រើប្រាស់​ពេល​បរបាញ់​សត្វ បាន​២៣៩​ដើម ផងដែរ​។ 
 


ក្រុមមន្ត្រីឧទ្យានុរក្ស។ រូបថត៖ លោក នេត្រ ភក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថាន។





​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​រូបនេះ បាន​និយាយថា​៖«​នេះ​គឺជា​កិច្ចខិតខំ​បំពេញការងារ​ប្រកបដោយ​ទំនួល​ខុសត្រូវ និង​ប្រកបដោយ​វិជ្ជាជីវៈ​របស់​មន្ត្រី​គ្រប់លំដាប់​នៃ​ក្រសួងបរិស្ថាន​។ ជាពិសេស​មន្ត្រី​ឧ​ទ្យា​នុ​រក្ស ដែល​លះបង់​កម្លាំងកាយ​ចិត្ត បញ្ញា​ដើម្បី​បុព្វហេតុ​បរិស្ថាន និង​ធនធានធម្មជាតិ ដើម្បី​ភាព​គង់វង្ស​នៃ​សម្បត្តិ​ធម្មជាតិ​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​ទៀត​»​។  
 
​លោក នេត្រ ភ​ក្រា បាន​បន្ត ទោះបីជា​មានការ​រឹតបន្តឹង​ការអនុវត្ត​ច្បាប់ បង្កើន​សកម្មភាព​អប់រំ​ស្តីពី​ច្បាប់​តំបន់ការពារធម្មជាតិ​ពី​សំណាក់​មន្ត្រី​អនុវត្ត​ច្បាប់​នោះ បទល្មើស​ធនធានធម្មជាតិ​ទ្រង់ទ្រាយ​តូច ដូច​ការ​លួច​កាប់​ព្រៃឈើ ការ​បរបាញ់ និង​ការដាក់​អន្ទាក់​សត្វព្រៃ នៅតែ​កើតមាន​ក្នុង​តំបន់ការពារធម្មជាតិ​ដោយ​ចំ​បាច់ ត្រូវការ​ចូលរួម​ពី​ភាគី​ពាក់ព័ន្ធ ក្នុងការ​ចាត់វិធានកា​រ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ទាំងនោះ​បន្តទៀត​។ ជាមួយគ្នានេះ លោក​បាន​បញ្ជាក់ថា កម្លាំង​មាន​សមត្ថកិច្ច​របស់​រា​ជ​រដ្ឋាភិបាល​កម្ពុជា បាន​តាំងចិត្ត​ខ្ពស់​ក្នុងការ​តប់​ស្កាត់ និង​បង្ក្រាប​នឹង​បទល្មើស​ធនធានធម្មជាតិ​ដែល​កើតឡើង​ស្រម​តាមច្បាប់​នានា  គឺ​មិន​លើកលែង​ឡើយ​។​
 
​កាល​ឆ្នាំ​២០១៩ មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ទាំង​ជាំ​ង​១២០០​នាក់​ដែល​ឈរជើង​នៅក្នុង​តំបន់ការពារធម្មជាតិ​បាន​បង្ក្រាប​បទល្មើស​ធន​ធាន​ធម្មជាតិ​ចំនួន ៤,៧៤៦​ករណី និង​បាន​កសាង​សំណុំរឿង​ទៅ​តុលាការ​៤៨៧​ករណី រឹបអូស​រណា​យន្ត​បាន​២,៥៣១​គ្រឿង​៕ 
 
 

Tag:
 ព្រៃឈើ​
  ធនធានធម្មជាតិ​
© រក្សាសិទ្ធិដោយ thmeythmey.com