Onuoha អតីត​ខ្សែការពារ Man City ថា អ្នក​ស្បែក​ខ្មៅ​នៅ​អាមេរិក​លែងមាន​សុវត្ថិភាព​ដូច​មុន​
កីឡាអន្តរជាតិ
អន្តរជាតិ
Onuoha អតីត​ខ្សែការពារ Man City ថា អ្នក​ស្បែក​ខ្មៅ​នៅ​អាមេរិក​លែងមាន​សុវត្ថិភាព​ដូច​មុន​
03, Jun 2020 , 9:39 pm        
រូបភាព
Nedum Onuoha អតីត​ខ្សែការពារ​ក្រុម Manchester City និយាយថា រូបគេ​លែងមាន​អារម្មណ៍​សុវត្ថិភាព​១០០​ភាគរយ​ទៀតហើយ​នៅ​ទឹកដី​អាមេរិក​។ Onuoha លើកឡើង​បែបនេះ ស្របពេល​ការតវ៉ា​បែប​ហិង្សា​រាលដាល​ខ្លាំង​នៅ​អាមេរិក​ក្រោយ​ការស្លាប់​របស់​បុរស​ស្បែក​ខ្មៅ George Floyd​។​


Onuoha សព្វថ្ងៃ​កំពុង​ប្រកប​អាជីព​ក្នុង​ក្រុម Real Salt Lake នៃ​លី​គ​កីឡាបាល់ទាត់​កំពូល​អាមេរិក (MLS) បន្ទាប់ពី​ចាកចេញ​ពី​ក្រុម Queen Park Ranger (QPR) លី​គ​កម្រិត​ទី​២​អង់គ្លេស (Championship) កាលពី​ឆ្នាំ​២០១៨​។​
 
​ខ្សែការពារ​សញ្ជាតិ​នី​ហ្សេ​រី​យ៉ា វ័យ ៣៣ ឆ្នាំ​រូបនេះ បាន​ប្រាប់​ទូរទស្សន៍ BBC ថា រូបគេ​តែងតែ​ប្រយ័ត្ន​ចំពោះ​អាកប្បកិរិយា​របស់ខ្លួន​ពេល​ចេញទៅ​ក្រៅ​ម្តងៗ ពីព្រោះ​មនុស្ស​ដែលមាន​អំណាច​មួយចំនួន​នៅ​អាមេរិក បាន​ប្រើ​ក្រសែភ្នែក​ខុសពី​ធម្មតា​ទៅលើ​រូបគេ​។​
 
Onuoha ដែលជា​ជនជាតិ​ស្បែក​ខ្មៅ​ដែរនោះ​បន្ថែមថា​៖ «​សម្រាប់​ខ្ញុំ​ផ្ទាល់​ជារួម​ខ្ញុំ​មិន​ចង់​និយាយ​ទេ ប៉ុន្តែ​ខ្ញុំ​មានការ​ភ័យខ្លាច​និង​មិន​ទុកចិត្ត​ចំពោះ​ប៉ូលិស​ដូច​មុន​ទៀតឡើយ​»​។​
 
​ការផ្ទុះ​ការតវ៉ា​បានកើត​ឡើង​នៅ​ទូទាំង​ទីក្រុង​ចំនួន​៧៥ របស់​អាមេរិក​ចាប់តាំងពី​បុរស​ស្បែក​ខ្មៅ​វ័យ​៤៦​ឆ្នាំ George Floyd បាន​ស្លាប់ ក្រោម​ស្នាដៃ​ប៉ូលិស​ស្បែ​កស​ឈ្មោះ Derek Chauvin ដែល​ប្រើ​ជង្គង់​សង្កត់ ក ផ្ទប់​នឹង​ដី​អស់​រយៈពេល​ជិត​៩​នាទី​។ ករណី​ខាងលើ កើតឡើង​នៅ​ក្រុង Minneapolis រដ្ឋ​មី​នី​សូ​តា សហរដ្ឋអាមេរិក កាលពី​ថ្ងៃទី​២៥ ខែឧសភា បន្ទាប់ពី​បុគ្គលិក​ហាង​ទំនិញ​ម្នាក់ បាន​ទូរ​សព្ទ​រាយការណ៍​ទៅ​ប៉ូលិស​ថា George បាន​យកលុយ​ក្លែងក្លាយ​២០​ដុល្លារ ទិញ​ទំនិញ​នៅ​ហាង​របស់ខ្លួន​។ 
 
​ក្រោយ​ហេតុការណ៍​នេះ លោក Derek Chauvin ត្រូវបាន​ចោទប្រកាន់​ពីបទ​ឃាតកម្ម ខណៈ​ប៉ូលិស​ប​៣​នាក់​ផ្សេងទៀត​ដែល​ពាក់ព័ន្ធ​ត្រូវបាន​បណ្តេញ​ចេញពី​ការងារ​។ ប៉ុន្តែ​ទោះជា​យ៉ាងនេះ​ក្តី កុបកម្ម​ហិង្សា​ទាមទារ​យុត្តិធម៌​ឲ្យ George នៅតែ​កើតមាន​ខ្លាំង​ឡើង ដោយ​ក្រុមអ្នកតវ៉ា នាំគ្នា​បំផ្លាញ​ហាង​ទំនិញ ប៉ុស្តិ៍​ប៉ូលិស និង​ការដុត​បំផ្លាញ​ទីតាំង​មួយចំនួន​ផង ហើយ​ក្នុងនោះ ក៏មាន​ជន​ឆ្លៀតឱកាស​មួយចំនួន​លួច​ឥ​វ៉ាន់​ពី​ក្នុង​ហាង​ផងដែរ​។​
 
Onuoha ដែល​ធ្លាប់​ប្រកប​អាជីព​ឲ្យ​ក្រុម Man City ៨​រដូវ​កាល​បានបង្ហាញ​ការគាំទ្រ​លើ​ក្រុមអ្នកតវ៉ា​ដោយ​សង្ឃឹមថានឹង​មានកា​រ​ផ្លាស់ប្តូរ​ជុំវិញ​ការរើសអើង​ជាតិ​សាសន៍​បែបនេះ​។ ប៉ុន្តែ​ក្នុងនោះ​អ្វីដែល​រូបគេ​មើលឃើញ​និង​មិនគួរ​ឲ្យ​ជឿ​នោះ គឺ​មនុស្ស​ស្បែក​ខ្មៅ​ជាច្រើន​ភ័យខ្លាច​ក្នុងការ​ធ្វើបាតុកម្ម ជាង​អ្នក​ស្បែក​ស​នៅ​ចំពោះមុខ​ប៉ូលិស​។​
 
Onuoha អះអាងថា​ខ្លួន​លែងមាន​អារម្មណ៍​សុវត្ថិភាព​ដូច​មុន​ទៀតហើយ​ក្នុ​នាម​ជា​ពលរដ្ឋ​ស្បែក​ខ្មៅ ដែល​រស់​នៅលើ​ទឹកដី​អាមេរិក​នេះ​៕
 

Tag:
 Nedum Onuoha
  George Floyd
© រក្សាសិទ្ធិដោយ thmeythmey.com