ជាតិ
រដ្ឋាភិបាល ផ្ទេរ​មន្ទីរ​សុខាភិបាល ទៅ​ក្រោម​ការគ្រប់គ្រង​រដ្ឋបាល​រាជធានី​-​ខេត្ត ជាមួយ​ទឹកប្រាក់​ជាង​១៦៥​លាន​ដុល្លារ​
03, Jun 2020 , 10:39 pm        
រូបភាព
​ភ្នំពេញ​៖ រដ្ឋាភិបាល សម្រេច​ផ្ទេរ​រចនាសម្ព័ន្ធ​នៃ​មន្ទីរ​សុខាភិបាល ​ឱ្យ​ស្ថិតក្រោម​រចនាសម្ព័ន្ធ​គ្រប់គ្រង​របស់​រដ្ឋបាល​រាជធានី​-​ខេត្ត​វិញ ដើម្បី​ផ្ដល់​គុណភាព​សេវា​សុខាភិបាល ​ឱ្យ​កាន់តែ​កៀក​ប្រជាពលរដ្ឋ។​




​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បាន​បញ្ជក់​ថា ការផ្ទេរ​នេះគឺដើម្បី​​ធ្វើឱ្យ​ប្រសើរឡើង នូវ​ការផ្ដល់សេវា​សុខាភិបាល​ប្រកបដោយ​គុណភាព សុវត្ថិភាព ប្រសិទ្ធភាព និង​សមធម៌ តាមរយៈ​ការ​បង្ខិត​សេចក្ដីសម្រេចចិត្ត និង​ការទទួលខុសត្រូវ​លើ​ផ្នែក​សុខាភិបាល​ ឱ្យ​កាន់តែ​កៀក​ប្រជាពលរដ្ឋ ។​
 
​ថ្លែង​ក្នុង​ពិធី​ប្រកាស​ផ្សព្វផ្សាយ និង​ដាក់ឱ្យ​ដំណើរការ​មន្ទីរ​សុខាភិបាល​រាជធានី-​ខេត្ត ប្រារព្ធ​នៅ​ក្រសួងមហាផ្ទៃ នៅ​ព្រឹក​ថ្ងៃទី​៣ មិថុនា លោក ម៉ម ប៊ុនហេង បានបញ្ជាក់​ដូច្នេះ​ថា​៖«​ក្រសួង​នៅតែមាន​តួនាទី​ចំ​បាច់​មួយចំនួន​ដដែល ដូចជា​ការកសាង​ច្បាប់ កំណត់​របៀបវារៈ​គោល​នយោបាយ​សុខាភិបាល​ជាតិ កំណត់​ស្តង់ដារ​បច្ចេកទេស ផ្ដល់​គោលការណ៍​ណែនាំ​នានា ពិនិត្យ និង​តាមដាន​វាយតម្លៃ ​ស្នាដៃ​ប្រព័ន្ធ​សុខាភិបាល​ជាដើម ។ រដ្ឋបាល​រាជធានី​ខេត្ត(​ត្រូវ​)​ខិតខំ​កៀងគរ​ការគាំទ្រ​ថវិកា សម្ភារ និង​បច្ចេកទេស និង​ប្រើប្រាស់​ធនធាន ដើម្បី​ផ្ដល់​សេវា​សុខាភិបាល ​ក្នុង​ដែន​សមត្ថកិច្ច​របស់ខ្លួន ប្រកបដោយ​ប្រសិទ្ធភាព តម្លាភាព និង​គណនេយ្យភាព »​។​
 
​រចនាសម្ព័ន្ធ​នៃ​មន្ទីរ​សុខាភិបាល​បច្ចុប្បន្ន ដែល​ត្រូវ​ផ្ទេរ​ឱ្យ​ស្ថិតក្រោម​រចនាសម្ព័ន្ធ​គ្រប់គ្រង​របស់​រដ្ឋបាល​រាជធានី​-​ខេត្ត​រួមមាន មន្ទីរ​សុខាភិបាល​ចំនួន​២៥, មន្ទីរពេទ្យបង្អែក​រាជ​ធានី​ខេត្ត​ចំនួន​២៥, ការិយាល័យ​ស្រុក​ប្រតិបត្តិ​ចំនួន​១០៣, មន្ទីរពេទ្យបង្អែក​ក្រុង​-​ស្រុក ចំនួន​៩២ ,​មណ្ឌល​សុខភាព​ចំនួន​១២២១ និង​ប៉ុ​ស្តិ៍សុខភាព​ចំនួន​១២៧។​
 
​ក្រៅពីនេះ ក្រសួងសុខាភិបាល ក៏បាន​ផ្ទេរ​ធនធានមនុស្ស ដែល​កំពុង​បំពេញការងារ​តាម​មន្ទីរ​សុខាភិបាល និង​អង្គភាព​ក្រោម​ឱវាទ​ទៅឱ្យ​រដ្ឋបាល​រាជធានី​-​ខេត្ត ចំនួន​២០,១២៤​នាក់ ក្នុងនោះ​គ្រូពេទ្យ​កំពុង​បំពេញការងារ​នៅតាម​មន្ទីរពេទ្យបង្អែក និង​មណ្ឌល​សុខភាព​ចំនួន ១៧,២៣៨​នាក់ ,​បុគ្គលិក​បម្រើកា​រងារ​រដ្ឋបាល​នៅ​មន្ទីរ និង​ការិយាល័យ​សុខាភិបាល​ចំនួន ២៨៨៦​នាក់ ព្រមទាំង​បុគ្គលិក​កិច្ចសន្យា​ជិត​៣​ពាន់​នាក់​ផ្សេងទៀត ។​
 
​មិនតែប៉ុណ្ណោះ​រដ្ឋាភិបាល ក៏​នឹង​ផ្ទេរ​ថវិកា​ប្រមាណ ១៦៦,៥​លាន​ដុល្លារ ទៅឱ្យ​រដ្ឋបាល​រាជធានី​-​ខេត្ត ព្រមទាំង​ទ្រព្យសម្បត្តិ​កំពុង​ប្រើប្រាស់​ដោយ​មន្ទីរ​សុខាភិបាល និង​អង្គភាព​ក្រោម​ឱវាទ​ទៀតផង ។ នេះ​បើតាម​សេចក្តីប្រកាស​អន្តរក្រសួង រវាង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក្រសួងសុខាភិបាល និង​ក្រសួងមហាផ្ទៃ ស្ដី​ការផ្ទេរ​ធនធាន​ថវិកា​ដោយមាន​ភ្ជាប់​លក្ខខណ្ឌ​ទៅឱ្យ​រដ្ឋបាល​រាជធានី​-​ខេត្ត សម្រាប់​អនុវត្ត​មុខងារ​នេះ ដោយ​ផ្អែក​តាមច្បាប់​ថវិកាជាតិ​ឆ្នាំ​២០២០​។​
 
​សម្ដេច ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​បញ្ជាក់ថា ការប្រគល់​មុខងារ​គ្រប់គ្រង​ផ្ដល់​សេវា​សុខាភិបាល ទៅឱ្យ​រដ្ឋបាល​រាជធានី​-​ខេត្ត គឺជា​សមិទ្ធផល​ប្រវត្តិសាស្ត្រ​ នៃ​កំណែទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ​នៅ​កម្ពុជា បន្ទាប់ពី​បាន​ដំណើរការ​ជាង​១០​ឆ្នាំ​មកនេះ។ សម្ដេច ស ខេង ក៏​ណែ​នាំឱ្យ​រដ្ឋបាល​រាជធានី​-​ខេត្ត គ្រប់គ្រង និង​ប្រើប្រាស់​ថវិកា​សម្រាប់​វិស័យ​សុខាភិបាល​នេះ ឱ្យបាន​ត្រឹមត្រូវ​។​
 
«​ថវិកា​ដែល​បាន​ផ្ទេរ​មក ​គឺមាន​ភ្ជាប់​លក្ខខណ្ឌ ដែល​ទាមទារ​ឱ្យ​ក្រុមប្រឹក្សា និង​គណៈ​អភិបាល ​ត្រូវមាន​ការយល់ដឹង​ឱ្យបាន​ច្បាស់​អំពី​គោលការណ៍ បែបបទ និង​នីតិវិធី​នៃ​ការគ្រប់គ្រង និង​ប្រើប្រាស់​ថវិកា​នេះ និង​មិនអាច​យក​ថវិកា​នេះ ​ទៅប្រើ​ប្រាស់​ក្នុង​មុខងារ​ផ្សេង​ ក្រៅពី​វិស័យ​សុខាភិបាល​បានឡើយ​»​។ នេះ​ជាការ​បញ្ជាក់​របស់​រដ្ឋ​មន្ត្រី​ក្រសួងមហាផ្ទៃ​។​
 
​ផ្អែក​តាម​ប្រព័ន្ធគ្រប់គ្រង​សុខាភិបាល​ថ្មី​នេះ ក្រុមប្រឹក្សា និង​គណៈ​អភិបាល​រាជធានី​ខេត្ត នឹង​ក្លាយជា​អ្នកទទួលខុសត្រូវ​ចំពោះ​រាជរដ្ឋាភិបាល និង​ប្រជាពលរដ្ឋ​ក្នុង​ដែន​សមត្ថកិច្ច​របស់ខ្លួន អំពី​លទ្ធផល​នៃ​ការបំពេញ​ការងារ​ ពាក់​ព័ន្ធ​នឹង​ការផ្ដល់សេវា​សុខាភិបាល​។ មិនតែប៉ុណ្ណោះ ​រដ្ឋបាល​រាជធានី​-​ខេត្ត ត្រូវ​ទទួលខុស​ត្រូវចំ​ពោះ​រាជរដ្ឋាភិបាល ក្នុងការ​បំពេញការងា​រ​ដោយ​ផ្អែកលើ​គោលនយោបាយ ផែនការ​យុទ្ធសាស្ត្រ​វិស័យ​សុខាភិបាល និង​ស្តង់ដារ​នានា​ ដែល​បាន​កំណត់ដោយ​ក្រសួងសុខាភិបាល ។ សម្ដេច ស ខេង បាន​សង្កត់ធ្ងន់​បែបនេះ​៕
 
 

Tag:
 ស ខេង​
  រដ្ឋបាល​រាជធានី​-​ខេត្ត
© រក្សាសិទ្ធិដោយ thmeythmey.com