Thani សន្សំ​លុយ​ទៅ​ហាត់​នៅ​អាមេរិក ដើម្បី​សងសឹក Zebaztian Kadestam នៅ​សង្វៀន ONE
COVID-19
ONE Championship
កីឡាអន្តរជាតិ
Thani សន្សំ​លុយ​ទៅ​ហាត់​នៅ​អាមេរិក ដើម្បី​សងសឹក Zebaztian Kadestam នៅ​សង្វៀន ONE
03, Jun 2020 , 10:59 pm        
រូបភាព
ដោយ: ថ្មីៗ
Agilan Thani ឬ ឈ្មោះ​ក្រៅ “Alligator” មិនទាន់បាន​ប្រកួត​នៅឡើយ​ទេ​នៅ​ឆ្នាំ​២០២០ ខណៈដែល​កម្មវិធី​រប​ស់ ONE Championship កំពុងស្ថិត​ក្នុង​ដំណើរ​ត្រឡប់​ទៅកាន់​ការរៀបចំ​ការប្រកួត​ឡើងវិញ​។


 
 
​អ្នកលេង​គុន​ចម្រុះ​ទម្ងន់ welterweight បាន​សំលៀង​ក្បាច់គុន​ដើម្បី​ត្រៀម​ឡើង​សង្វៀន​ជា​យូរ​មកហើយ​បន្ទាប់ពី​ជ័យជម្នះ​ក្នុងការ​ប្រកួត​ចុងក្រោយ​នៅ​ក្រុង គូ​ឡា​ឡាំ​ពួ ប្រទេស​ម៉ាឡេស៊ី ទល់នឹង Dante Schiro នា​ខែធ្នូ​ឆ្នាំ ២០១៩​។ Thani បាន​សន្សំ​លុយ​ធ្វើដំណើរ​ទៅ​រដ្ឋ​ផ្លរីដា សហរដ្ឋអាមេរិក ដើម្បី​ដុសខាត់​ជំនាញ​របស់ខ្លួន​ក្រោម​ការ​បង្វឹក​ពី​សំណាក់​គ្រូ​លំដាប់​អន្តរជាតិ​លោក Henri Hooft នៅ​ក្លិប Sanford MMA​។ 
 
​យ៉ាងណាក្ដី ដោយសារតែ​មេរោគ COVID-19 រាលដាល ក្ដី​សុបិន​ហ្វឹកហាត់​ជាមួយ​ម្ចាស់​ខ្សែក្រវាត់ ONE World Champions កីឡាករ Aung La “The Burmese Python” N Sang និង Martin “The Situ-Asian” Nguyen គឺមាន​រយៈពេល​ខ្លី​ប៉ុណ្ណោះ​។ 
 
Thani រំលឹក​បែបនេះ ៖«​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ​ពិតជា​លំបាក ជាពិសេស​ស្ថានភាព​ដែល​ខ្ញុំ​កំពុង​ពើបប្រទះ​។ កាល​ខែ មីនា COVID-19  ក៏​ចាប់ផ្ដើម​ឆ្លង​ខ្លាំង​ទៅកាន់​អាមេរិក ខណៈដែល​ខ្ញុំ​នៅ​ទីនោះ​។ ហើយពីរ​បី​សប្ដាហ៍​បន្ទាប់ ក្លិប Sanford MMA បានប្រកាស​អំពី​ការបិទទ្វារ​ព្រោះ​មេរោគ​កាន់តែ​ផ្ទុះឡើង​»​។ 
 
​មុនពេល​ប្រទេស​ត្រូវបាន​រឹតត្បិត Thani បាន​ចាក​ចេញពី​អាមេរិក​ត្រឡប់មកផ្ទះ​វិញ​នៅ​ម៉ាឡេស៊ី​។ ប៉ុន្តែ​ប្រទេស​ត្រូវ​បានដាក់​ក្នុង​ភាពអាសន្ន ហើយ​រូបគេ​ក៏​មិនអាច​ហ្វឹកហាត់​នៅ​ក្លិប Monarchy MMA ឬ ធ្វើ​លំ​ហាត់ប្រាណ​នៅ​ក្លិប​បានដែរ​។ 
 
​យ៉ាងណាក្ដី “Alligator” បាន​មើល​ស្ថានភាព​ក្នុង​ផ្លូវ​វិជ្ជមាន​មួយ​ទោះ​ជួប​រឿង​លំបាក​បែបនេះ​។ Thani រៀបរាប់​អំពី​ពេលវេលា​នៅ​អាមេរិក​ភាគ​ខាងជើង​ដូច្នេះ ៖«​ទោះជា​បោះជំរំ​ហ្វឹកហាត់​បាន​ត្រឹម ២ សប្ដាហ៍ តែ​ខ្ញុំ​ច្បាស់​ក្នុង​ចិត្ត​ថា ខ្ញុំ​ទទួលបាន​ផលចំណេញ​ច្រើន​។ ខ្ញុំ​សម្រប​ខ្លួន​ទៅនឹង​ការហ្វឹកហាត់​បានល្អ​»​។ 
 
Thani បានដាក់​គោលដៅ​ធ្វើ​ឲ្យ​ល្អ​បំផុត​ក្នុង​ទម្ងន់ welterweight និង ប៉ង​ជួប​អតីត​ម្ចាស់​ខ្សែក្រវាត់ ONE Welterweight World Champion ជាថ្មី​ម្ដងទៀត​។ បុរស​មកពី​គូ​ឡា​ឡាំ​ពួ ថ្លែងថា ៖«Zebaztian Kadestam ជា​ឈ្មោះ​ដែល​អ្នក​រាល់គ្នា​រំលឹក​ជារឿយៗ ហើយ​ខ្ញុំ​ក៏​គួរ​ប៉ះគ្នា​ម្ដងទៀត​ដែរ​។ ខ្ញុំ​សង្ឃឹមថា​វា​នឹង​កើតឡើង​នៅ​ថ្ងៃ​ណាមួយ​»​។ 
 
​ក្នុងជំនួប​ដំបូង​រវាង Thani និង Kadestam បានកើត​ឡើង​នៅ​ខែកក្កដា ឆ្នាំ ២០១៨ ហើយ​គ្រានោះ​តារា​គុន​ចម្រុះ​មកពី​ស៊ុយអែត ក្លាយជា​កីឡាករ​ដំបូង​ផ្ដួល​បុរស​មកពី​ម៉ាឡេស៊ី​ឲ្យ​សន្លប់​។ ជ័យជម្នះ​ដោយ​សន្លប់​នោះ កើតឡើង​ពេល Kadestam បោះ​ជង្គង់​, ថែម​វ៉ៃ​កែង​មកក្រោម និង បន្ថែម​កែង​ទៀត​ដើម្បី​ផ្ដួល​កីឡាករ​ម៉ាឡេស៊ី​ឲ្យ​សន្លប់​ត្រឹម ១​នាទី​និង ៥៦ វិនាទី​នៅ​ទឹក​ចុងក្រោយ​។ 
 
​អ្នក​ចម្បាំង​មកពី​ម៉ាឡេស៊ី​បានបញ្ជាក់​ដូច្នេះ ៖«​អំឡុងពេល​ប្រកួត​ទល់ Kadestam ខ្ញុំ​មិនបាន​ហ្វឹកហាត់​ល្អ​ផ្នែក​រាងកាយ​។ ខ្ញុំ​មាន​របួស​ដែល​ជះឥទ្ធិពល​ដល់​ការប្រកួត​ច្រើន​។ ដូច្នេះហើយ​ទើប​ខ្ញុំ​ចង់​វ៉ៃ​ម្ដងទៀត និង ដឹងថា​ការប្រកួត​១០០% របស់ខ្ញុំ​វា​ទៅជា​យ៉ាងម៉េច​»​។ 
 
Thani ដែល​បាន​យល់​ច្រើន​អំពី​គូប្រកួត​ចាស់​បាន​បន្តថា ៖«​ការ​វ៉ៃ​ជាមួយ​គូប្រជែង​ដែល​អ្នក​ស្គាល់​នឹង​នាំ​ឲ្យ​ការប្រកួត​កាន់តែ​រំភើប​សម្រាប់​អ្នកទស្សនា​។ អ្នកដឹង​ច្បាស់​ថា​វា​ពិតជា​លំបាក ប៉ុន្តែ បើ​មិន​គិត​អំពី​លទ្ធផល អ្នក​ត្រូវតែ​ផ្ដល់​ការ​ប្រឹង​ឲ្យ​អស់​សមត្ថភាព​។ នេះ​ជា​អ្វីដែល​ខ្ញុំ​បាន​យល់​ពេល​ជួប Kadestam កន្លងមក​»​។ 


 
​អ្នកលេង​គុន​ចម្រុះ​មកពី​ម៉ាឡេស៊ី​លើកឡើង​ទៀតថា ៖«Kadestam មាន​ភាព​អំណត់​។ គេ​ខ្លាំងណាស់ និង មាន​កណ្ដាប់ដៃ​ធ្ងន់​។ រឿង​ធំ​បំផុត​ដែល​ខ្ញុំ​រៀន​អំពី Kadestam គឺ​ភាព​អត់ធ្មត់​។ គេ​នៅ​រង់ចាំ​រហូតដល់​កាលៈទេសៈ​ត្រឹមត្រូវ​ដែល​អាច​វ៉ៃ ឬ ទាត់​ចំ​គោលដៅ​។ គេ​មាន​បម្លាស់​ទី​ល្អ និង គេច​ពី​ការចាប់​ផ្ដួល​ដ៏​មាន​ប្រសិទ្ធភាព​។  ប៉ុន្តែ​អ្វីដែល​គេ​វ៉ៃ ឬ ទាត់ គឺ ធ្ងន់ៗ​ណាស់​»​។ 
 
​ទោះ​ការជួប Kadestam ជាថ្មី​គឺជា​អាទិភាព​ក៏ដោយ ប៉ុន្តែ Thani បាន​ដៅ​អំពី​គូប្រជែង​ខ្លាំងៗ​ដែល​ត្រូវ​ប៉ះ​ក្នុង​ទម្ងន់ welterweight នា​ថ្ងៃ​ខាងមុខ​។  ទោះ​ជួប​អ្នកណា​ក៏ដោយ​នៅពេល​បន្ទា​ប់ ប៉ុន្តែ​គោលដៅ​របស់ Thani គឺ​ទទួល​ជ័យជម្នះ​នៅ​ឆ្នាំនេះ​។ នៅ​ថ្ងៃ​ណាមួយ រូបគេ​ឈានទៅ​ដណ្ដើម​ខ្សែក្រវាត់ ONE Welterweight World Champion ពី Kiamrian “Brazen” Abbasov ក្នុង​ប្រភេទ​ទម្ងន់​របស់ខ្លួន​។ តារា​គុន​ចម្រុះ​កំពុង​រះ​បាន​សង្កត់ធ្ងន់ថា ៖«​ខ្ញុំ​ចង់​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់​។ តែ​ខ្ញុំ​ដឹងថា​មិនទាន់​ដល់ពេល​ទេ​។ ខ្ញុំ​ក៏​មិន​សួរនាំ​រឿងរ៉ាវ​អ្វីៗ​ដែល​មិនគួរ​នឹង​ទទួល​បានដែរ​។ ប៉ុន្តែ​ឥឡូវនេះ ខ្ញុំ​ត្រៀមខ្លួន​និង​គ្រោង​ទទួល​កីឡាករ​ខ្លាំងៗ​នៅ​ថ្ងៃមុខ​»៕

Tag:
 ​អត្ថបទ​៖ ស៊ី​ធី​
© រក្សាសិទ្ធិដោយ thmeythmey.com