អ្នកជំនួញ​ថា​អាស៊ាន​មានឱកាស​វិនិយោគទុន​ច្រើន​ក្នុង​គ្រា​មាន​វិបត្តិ​សុខភាព​
ជាតិ
សេដ្ឋកិច្ច
អ្នកជំនួញ​ថា​អាស៊ាន​មានឱកាស​វិនិយោគទុន​ច្រើន​ក្នុង​គ្រា​មាន​វិបត្តិ​សុខភាព​
04, Jun 2020 , 7:59 pm        
រូបភាព
ការដ្ឋាន​សាងសង់​អំឡុង​ពេល​មាន​ជំងឺរាតត្បាត​ក្នុង​ទីក្រុង​ភ្នំពេញ ប្រទេស​កម្ពុជា​កាលពី​ថ្ងៃទី​២៨ ខែឧសភា ឆ្នាំ២០២០។(ទុំ ម្លិះ/VOA)
ការដ្ឋាន​សាងសង់​អំឡុង​ពេល​មាន​ជំងឺរាតត្បាត​ក្នុង​ទីក្រុង​ភ្នំពេញ ប្រទេស​កម្ពុជា​កាលពី​ថ្ងៃទី​២៨ ខែឧសភា ឆ្នាំ២០២០។(ទុំ ម្លិះ/VOA)
ដោយ: VOA
​វ៉ាស៊ីនតោន ៖ អ្នកវិនិយោគទុន​នៅ​អាស៊ាន​មើលឃើញថា​ជំងឺ​កូ​វីដ​១៩​និង​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​ចិន​និង​សហរដ្ឋអាមេរិក​គឺជា​ក្តី​ព្រួយបារម្ភ ប៉ុន្តែ​វា​បានផ្តល់​នូវ​ឱកាស​វិនិយោគ​«​មាស​»​សម្រាប់​តំបន់​នេះ​និង​បាន​អំពាវនាវ​ឱ្យ​អ្នកវិនិយោគទុន​បរទេស​ពិចារណា​ក្តា​ប់យក​ឱកាស​នេះ​។​

 
​នៅក្នុង​ការពិភាក្សា​មួយ​ដែល​រៀបចំ​ដោយ​សមាគម​សភាពាណិជ្ជកម្ម​អាស៊ាន​ដើម្បី​ពន្យល់​ពី​ចំណុច​វិជ្ជមាន​នៃ​ឱកាស​ធ្វើ​ជំនួញ​នៅ​ប្រទេស​កម្ពុជា​និង​បណ្តា​ប្រទេស​នៃ​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​ហៅ​កាត់​ថា​អាស៊ាន ក្រុម​ពាណិជ្ជករ​អះអាងថា ភាព​ទាក់ទាញ​របស់​អាស៊ាន​មាន​កាន់តែច្រើន​បើទោះបីជា​កំពុង​តែមាន​វិបត្តិ​សុខភាព​ពិភពលោក​បង្កឡើង​ដោយ​វីរុស​កូ​រ៉ូ​ណាក៏ដោយ​។​
 
​លោក​តាន់ មុន្នី​វណ្ណ​អគ្គនាយករង​នៃ​ក្រុមហ៊ុន ម៉ុង ឬ​ទ្ធី​គ្រុប បានបញ្ជាក់​នៅក្នុង​វេទិកា​អន​ឡាញ​កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន​ថា ឆ្លង​តាមរយៈ​បទពិសោធន៍​ពី​ជំងឺ​កូ​វីដ​១៩ ដែល​បាន​នាំឱ្យ​ប្រទេសជិតខាង​កម្ពុជា​ក៏ដូចជា​ប្រទេស​មួយចំនួន​លើ​ពិភពលោក​បិទ​ព្រំដែន ដូច្នេះ​ពេលនេះ​គឺជា​វេលា​សមស្រប​ដើម្បី​វិនិយោគទុន​នៅ​កម្ពុជា​ដោយសារតែ​រដ្ឋាភិបាល​កំ​ពុង​ខិតខំ​ប្រឹងប្រែង​ជំរុញ​ផលិតផល​សម្រាប់​បំពេញតម្រូវការ​ក្នុងស្រុក​។​
 
​លោក​តាន់ មុន្នី​វណ្ណ​បាន​បន្ថែមថា​៖
 
«​មនុស្ស​គ្រប់គ្នា​មានការ​ព្រួយបារម្ភ​នៅពេលដែល​យើង​បិទ​ព្រំដែន​បិទ​ជើងយន្តហោះ និង​បិទ​អ្វីៗ​គ្រប់យ៉ាង គឺ​យើង​មិនមាន​សម្ភារៈ​គ្រប់គ្រាន់​ដើម្បី​គាំទ្រ​ដល់​ខាងក្នុង​ប្រទេស​ទេ​។ រដ្ឋាភិបាល​របស់​យើង​ខិតខំ​សម្របសម្រួល​និង​ខិតខំ​ជួយ​គាំទ្រ​ក្រុមហ៊ុន​នៅក្នុង​ប្រទេស​កម្ពុជា​ដើម្បី​ដំណើរការ​ផលិតកម្ម​។ ដូច្នេះ​នេះ​គឺជា​ឱកាស​ដ៏​ល្អ​ហើយ​»​។​
 
​លោក​តាន់ មុន្នី​វណ្ណ ដែលមាន​តួនាទី​ជា​អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា​ផងដែរ​បាន​បន្ថែមថារ​ដ្ឋា​ភិ​បាល​កម្ពុជា​គាំទ្រ​សហគ្រាស​ខ្នាតតូច​និង​មធ្យម​ដោយបាន​រៀបចំ​ផែនការ​ផ្តល់​ហិរញ្ញវត្ថុ​តាមរយៈ​ការផ្តល់​ប្រាក់កម្ចី​ដែលមាន​ការប្រាក់​ទាប​ត្រឹម​កម្រិត​៥​ភាគរយ​ដើម្បី​អាចជួយ​ដល់​វិនិយោគិន​ក៏ដូចជា​ការធានា​ផ្តល់​ឥណទាន​ជាដើម​។​
 
​លោក​បន្ថែមថា​៖
 
«​តាមពិតទៅ​តាំងពី​មុនពេល​មាន​ជំងឺ​កូ​វីដ​១៩​គឺ​រដ្ឋាភិបាល​តែងតែ​គាំទ្រ​សហគ្រាស​ខ្នាតតូច​និង​មធ្យម​ក្នុងប្រទេស​កម្ពុជា ជាពិសេស​គាំទ្រ​ដល់​ឧស្សាហកម្ម​ផលិត​ស្បៀងអាហារ​ពីព្រោះ​ដូច​យើង​ដឹង​ហើយ​ថា​យើង​នាំចូល​ផលិតផល​អាហារ​ពី​៧០​ទៅ​៨០​ភាគរយ​ពី​បរទេស​។ ភាគច្រើន​យើង​នាំ​លុយ​ចេញទៅ​បរទេស គឺ​យើង​នាំចូល​ផលិតផល​និង​នាំ​លុយ​ចេញ​ក្រៅ​»​។​


លោក តាន់ មុន្នីវណ្ណ ជា​អនុប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជានិង​ជា​អគ្គនាយករង​នៃ​ក្រុមហ៊ុន ​ម៉ុង ឬទ្ធីគ្រុប។ (រូបថត​ស្រង់​ពី​ហ្វេសប៊ុក Tan Monivann)
 
​ប្រទេស​កម្ពុ​ជាមាន​អ្នក​ឆ្លង​វីរុស​កូ​រ៉ូ​ណា​ចំនួន​១២៥​នាក់​ដែល​សុទ្ធតែជា​ករណី​ឆ្លង​ពី​ក្រៅប្រទេស​ដោយ​មិនមាន​ការឆ្លង​កម្រិត​សហគមន៍​ទេ​ក្នុងពេលដែល​ប្រទេស​សមាជិក​អាស៊ាន​ដទៃទៀត​ដូចជា​សិង្ហ​បុរី ឥណ្ឌូនេស៊ី និង​ហ្វីលីពីន​បាន​ឆ្លង​និង​ស្លាប់​ជាច្រើន​នាក់​។ រដ្ឋាភិបាល​មិនបាន​បិទ​ច្រកព្រំដែន​ទេ​ដោយសារ​ប្រទេសជិតខាង​និង​ប្រទេស​ជាច្រើន​បាន​បិទ​ព្រំដែន​របស់​ពួកគេ​ស្រាប់​ហើយ​។ ប៉ុន្តែ​កម្ពុជា​បាន​ហាមឃាត់​ពលរដ្ឋ​ខ្លួន​មួយចំនួន​ដែល​ចង់​ធ្វើដំណើរ​ពី​ប្រទេស​ដែលមាន​ការឆ្លង​ច្រើន​មិន​ឲ្យ​ចូល​ក្នុងនោះ​មាន​សហរដ្ឋអាមេរិក​ហើយ​បាន​បិទ​ចរាចរណ៍​ឆ្លងខេត្ត​តែ​ក្នុង​រយៈពេល​ខ្លី​នៅពេល​បុណ្យចូលឆ្នាំ​ខ្មែរ​។​
 
​ធនាគារអភិវឌ្ឍន៍អាស៊ី​បាន​ព្យាករណ៍​ថា​សេដ្ឋកិច្ចកម្ពុជា​នឹង​រីកចម្រើន​បានតែ​២,៣​ភាគរយ​ប៉ុណ្ណោះ​ក្នុង​ឆ្នាំ​២០២០​ដោយ​ធ្លាក់ចុះ​ពី​ចំនួន​៧,១​ភាគរយ​ក្នុង​ឆ្នាំ​២០១៩ ប៉ុន្តែ​នឹង​កើនឡើង​វិញ​ដល់​៥,៧​ភាគរយ​ក្នុង​ឆ្នាំ​២០២១​។​
 
​លោក​ដា​តូ តូ​នី​ឡយ ប្រធាន​ក្រុមហ៊ុន​សំណង់​បាន​លី​ហ៊ី​ន​គ្រុប (Ban Lee Hin Group) នៃ​ប្រទេស​ម៉ាឡេស៊ី​អះអាងថា​ជំងឺ​កូ​វីដ​១៩​នឹងមិន​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​ម៉ាឡេស៊ី​ប៉ះពាល់​ខ្លាំង​ទេ​ហើយ​វា​នឹង​ងើប​ឡើងវិញ​មក​ដូចដើម​វិញ​យ៉ាង​ឆាប់រហ័ស​។ ទន្ទឹមគ្នា​នោះដែរ​ប្រទេស​សមាជិក​ចាស់​របស់​អា​ស៊ាន​មួយ​នេះ​មាន​សក្តានុពល​កាន់តែ​ប្រសើរ​សម្រាប់​វិនិយោគិន​។​
 
​លោក​ដា​តូ តូ​នី​ឡយ​បាន​បន្ថែមថា​៖
 
«​ក្នុងអំឡុងពេល​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​ចិន​និង​សហរដ្ឋអាមេរិក គឺមាន​ជនជាតិ​ចិន​ជាច្រើន​បានមក​បង្កើត​ក្រុមហ៊ុន​និង​រោងចក្រ​នៅ​ម៉ាឡេស៊ី​ពីព្រោះ​ពួកគេ​អាច​នាំចេញ​ដោយផ្ទាល់​មិនបាច់​ឆ្លងកាត់​ប្រទេស​ចិន​ទេ​។ ឥឡូវនេះ​យើង​ក៏​ឃើញ​ក្រុមហ៊ុន​សំណង់​ជាច្រើន​មក​ប្រទេស​ម៉ាឡេស៊ី​។ ដោយហេតុ​នេះហើយ​ខ្ញុំ​គិតថា​វា​ជា​ឱកាស​មាស​សម្រាប់​មនុស្ស​គ្រប់គ្នា​មក​ពិនិត្យមើល​។ រដ្ឋាភិបាល​ក៏បាន​បង្កើត​កម្មវិធី​ជួយ​ទំនុកបំរុង​ឧបត្ថម្ភ​ទុន​ដល់​វិនិយោគិន​ផងដែរ​»​។​
 
​ឱកាស​វិនិយោគ​ដែល​ម៉ាឡេស៊ី​ផ្តល់​ឲ្យ​គឺមាន​លើ​វិស័យ​សំណង់ អចលនទ្រព្យ វិស័យ​កម្មន្តសាល​និង​ជាពិសេស ផលិតកម្ម​ស្បៀងអាហារ​ដែល​អាច​ផ្តល់​ម្ហូបបួស​ដល់​ពលរដ្ឋ​ឥស្លាម​ទូទាំង​ពិភពលោក​ចំនួន​ជាង​១,៦​ពាន់​លាន​នាក់​។ នេះ​បើតាម​ការលើកឡើង​រប​ស់លោក​ដា​តូ តូ​នី​ឡយ​។​
 
​ប្រទេស​ម៉ាឡេស៊ី​មាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩​ចំនួន​ជិត​៨.០០០​នាក់​ដោយមាន​អ្នកស្លាប់​ចំនួន​១១៥​នាក់​បើ​ប្រៀបធៀប​នឹង​ប្រទេស​ហ្វីលីពីន​ដែលមាន​អ្នក​ឆ្លង​ជិត​២០.០០០​នាក់​និង​ស្លាប់​ជិត​១.០០០​នាក់​និង​ឥណ្ឌូនេស៊ី​មាន​អ្នក​ឆ្លង​ជាង​២៨.០០០​នាក់​និង​អ្នកស្លាប់​ជាង​១.៧០០​នាក់​។​ធនាគារជាតិ​បាន​វាយតម្លៃថា​សេដ្ឋកិច្ច​ម៉ាឡេស៊ី​នឹង​ធ្លាក់ចុះ​ប្រហែល​២​ភាគរយ​ក្នុង​ឆ្នាំ​២០២០​នេះ​ដែលជា​ផលប៉ះពាល់​ដ៏​ធំ​ក្នុង​រយៈពេល​ជាង​១​ទសវត្សរ៍​នេះ​។​


មន្ត្រី​ម្នាក់​ពាក់​ឧបករណ៍​ការពារ​ខ្លួន​ដើម្បី​ត្រួតពិនិត្យ​សីតុណ្ហភាព​ក្នុង​ខ្លួន​របស់​ពលករ​ចំណាកស្រុក​មក​ពី​ឥណ្ឌូណេស៊ី​ម្នាក់​ដែល​មក​ដល់​ប្រទេស​ម៉ាឡេស៊ី ក្នុង​អំឡុងពេល​ដែល​មាន​ការ​ផ្ទុះ​រាតត្បាត​ជំងឺ​កូវីដ១៩៕
 
​វាគ្មិន​បានបង្ហាញ​ថា​វិស័យ​សំណង់ និង​ដីធ្លី ក៏មាន​លក្ខណៈ​ទាក់ទាញ​វិនិយោគទុន​បរទេស​ឲ្យ​ទៅ​តំបន់​អាស៊ាន​ផងដែរ​។​
 
​លោក​ឧកញ៉ា​កុយ លី​សាន ប្រធាន​សមាគម​សភាពាណិជ្ជកម្ម​អាស៊ាន​បាន​បញ្ជាក់ថា​តម្លៃ​អចលនទ្រព្យ​នៅ​កម្ពុជា​នៅមាន​ឱកាស​រក​ចំណេញ​បាន​ច្រើន​ដោយ​តម្លៃ​ដីធ្លី​នៅ​តំបន់​ដែល​ល្អ​បំផុត​នៅក្រោម​៧.០០០​ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​ហើយ ក៏​កំពុងតែ​ឡើង​តាម​បណ្តា​ប្រទេស​ដទៃទៀត​នៅ​អាស៊ាន​ផងដែរ​។ នេះ​ជា​តម្លៃថោក​បើ​ប្រៀបធៀប​នឹង​ប្រទេស​ម៉ាឡេស៊ី​ដែលមាន​កន្លែង​ខ្លះ​តម្លៃ​ខ្ពស់ជាង​កម្ពុជា​ដល់​ទៅ​ប្រាំ​ដង​។​
 
​បើទោះបីជា​មើលឃើញ​ឱកាស​វិនិយោគ​ដែលជា​លទ្ធផល​នៃ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​មហាអំណាច​សេដ្ឋកិច្ច​ទី​១​និង​ទី​២​លើ​ពិភពលោក ក៏​អ្នកវិនិយោគទុន​ទាំងនោះ​សម្តែង​ការព្រួយបារម្ភ​ខ្លាច​ទំនាស់​នេះ​រីក​រាលដាល​កាន់តែ​ធំ​។​
 
​លោក​តាន់ មុន្នី​វណ្ណ​បាន​បន្ថែមថា​៖
 
«​អ្វីដែល​យើង​ព្រួយបារម្ភ​ក្រោយពី​មាន​ជំងឺ​កូ​វីដ​១៩​គឺ​ប្រហែលជា​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​ចិន​និង​សហរដ្ឋអាមេរិក​ក៏ដូចជា​នៅ​សហភាព​អឺរ៉ុប​។ យើង​មិនដឹងថា​នឹងមាន​អ្វី​កើតមានឡើង​នៅពេលនោះ​ទេពី​ព្រោះ​ឥឡូវនេះ​ពួកគេ​ព្យាយាម​ប្រើពាក្យ​សម្តី​ដាក់គ្នា​រវាង​ចិន​និង​សហរដ្ឋអាមេរិក​។ ខ្ញុំ​គិតថា​វា​ហួស​ពីអ្វី​ដែល​យើង​អាច​គ្រប់គ្រង​បាន​។ វា​ហួស​ពី​សមត្ថភាព​ដែល​យើង​អាច​គ្រប់គ្រង​បាន​ប៉ុន្តែ​វា​ក៏​ប្រហែលជា​នឹងមាន​ផលប៉ះពាល់​ដល់​បណ្តា​ប្រទេស​អាស៊ាន​ផងដែរ​»​។​
 
​លោក​នី​កូ​ឡាស តាង ប្រធាន​ក្រុមហ៊ុន​ស្រាវជ្រាវ​ការវិនិយោគ​និង​គ្រប់គ្រង​អចលនទ្រព្យ​មកពី​ហុងកុង​បាន​ពន្យល់ថា​ផលប៉ះពាល់​សេដ្ឋកិច្ច​គឺ​មិនអាច​ស្តារឡើងវិញ​ភ្លាមៗ​ទេ​បើទោះបីជា​ស្ថានភាព​វីរុស​កូ​រ៉ូ​ណា​នឹង​ត្រឡប់​ទៅ​ស្ថានភាព​ធម្មតា​វិញ​ដោយសារតែ​វា​អាស្រ័យ​លើ​ជម្លោះ​សេដ្ឋកិច្ច​រវាង​ចិន​និង​សហរដ្ឋអាមេរិក​។​
 
​លោក​នី​កូ​ឡាស​បន្ថែមថា​វីរុស​កូ​រ៉ូ​ណា​បានធ្វើ​ឲ្យ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​កាន់តែ​ដុនដាប​។ ជាពិសេស​នៅមុន​ការបោះឆ្នោត​ប្រធានាធិបតី​នៅ​ខែវិច្ឆិកា ដោយ​លោក​ប្រធានាធិបតី​ដូ​ណា​ល់ ត្រាំ​បាន​ស្តីបន្ទោស​ចិន​ថា​មិនបាន​ផ្តល់ព័ត៌មាន​ឲ្យ​ពិភពលោក​បានដឹង​គ្រប់គ្រាន់​ពី​គ្រោះថ្នាក់​នៃ​វីរុស​ដ៏​សាហាវ​នេះ​។​


ទេសចរ​ថតរូប​ទុក​ជា​អនុស្សាវរីយ៍​នៅ​មុខ​អគារ​ភ្លោះ Petronas ក្នុង​ទីក្រុង​កូឡាឡាំពួរ ប្រទេស​ម៉ាឡេស៊ី កាល​ពី​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០១៦។
 
​ក៏ប៉ុន្តែ​លោក​នី​កូ​ឡាស យល់ថា​ការវិនិយោគទុន​ដោយផ្ទាល់​នឹង​កើនឡើង​នៅ​តំបន់​អាស៊ីអាគ្នេយ៍​ដោយសារ​មហាអំណាច​ទាំងពីរ​នឹង​ខិតខំ​ស្វែងរក​សម្ព័ន្ធមិត្ត​នៅ​ថ្នាក់​តំបន់​ហើយ អ្វី​ដែលជា​គោលដៅ​ដែល​គួរ​យកចិត្តទុកដាក់​វិនិយោគ​គឺ​លើ​វិស័យ​អចលនទ្រព្យ និង​គម្រោង​អភិវឌ្ឍន៍​នានា​។​
 
«​នៅពេលដែល​បញ្ចប់​ការបិទ​ប្រទេស​ពួកគេ​នឹង​បង្កើន​ប្រាក់​លើ​ការវិនិយោគ​នៅ​តំបន់​អាស៊ីអាគ្នេយ៍​និង​ប្រទេស​របស់​ពួកគេ​ដើម្បី បង្កើន​អំណាច​ដល់​ថ្នាក់​តំបន់​។ ដូច្នេះហើយ​ការវិនិយោគទុន​ដោយផ្ទាល់​ប្រហែលជា​នឹង​កើនឡើង​ក្នុងអំឡុង​ពេលនោះ​»​។​
 
​ប្លុក​អាស៊ាន​មាន​កម្ពុជា ឡាវ វៀតណាម ថៃ ភូមា ម៉ាឡេស៊ី ហ្វីលីពីន ឥណ្ឌូនេស៊ី សិង្ហ​បុរី និង​ប្រ៊ុយណេ​និង​មាន​ពលរដ្ឋ​៦៧០​លាន​នាក់​។ បណ្តា​ប្រទេស​ទាំងនេះ​មាន​សក្តានុពល​និង​ទំហំ​សេដ្ឋកិច្ច​មិន​ដូចគ្នា​ទេ​ហើយ​ធនធានមនុស្ស​ក៏​មិន​ដូចគ្នា​ដែរ​។ សិង្ហ​បុរី ម៉ាឡេស៊ី​និង​ថៃ​គឺជា​ប្រទេស​ដែលមាន​សេដ្ឋកិច្ច​លូតលាស់​ជាងគេ​។​
 
​លោក ឆេង គឹម​ឡុង ប្រធាន​ផ្នែក​អភិបាលកិច្ច​នវានុវត្តន៍​និង​ប្រជាធិបតេយ្យ​នៃ​វិទ្យាស្ថាន​ចក្ខុវិស័យ​អាស៊ី​បានបញ្ជាក់​ប្រាប់​វី​អូ​អេ​ថា​៖
 
«​ក្នុង​តំបន់​អាស៊ាន​ទាំងមូល​មាន​លក្ខណៈ​ខ្លាំង​គឺ​ការទាក់ទាញ​ការវិនិយោគ​ពី​ក្រៅ​ស្រុក​តាមរយៈ​កម្លាំង​ពលកម្ម​របស់ខ្លួន​។ ទន្ទឹមគ្នា​នេះដែរ​យើង​មើល​លើ​វិស័យ​កសិកម្ម តំបន់​អាស៊ាន​ទាំងមូល​ជា​រោងចក្រ​ផ្គត់ផ្គង់​ស្បៀងអាហារ​ទាំង​ក្នុង​តំបន់​និង​ពិភពលោក​។ និយាយ​រួមមាន​វៀតណាម ថៃ​និង​វៀតណាម​ជា​ប្រទេស​បី​ធំជាងគេ​ក្នុង​ការផលិត​ស្រូវ​អង្ករ​រួមទាំង​ផលិតផល​កសិកម្ម​មួយចំនួនទៀត​ដែល​បើ​យើង​បូក​ទៅ​រួមទាំង​ស្វាយចន្ទី​ទៀត​គឺ​ច្រើនណាស់​»​។​
 
​អ្នកជំនាញ​មើលឃើញថា​អាស៊ាន​ក៏​កំពុង​ស្រូប​ទាញ​ការផលិត​គ្រឿង​អេ​ឡិ​ក​ត្រូ​និក​និង​កំពុង​ពង្រីក​ខ្លួន​បើទោះបីជា​មិនទាន់​ធំ​ដូចជា​នៅ​ប្រទេស​ចិន​ក៏ដោយ​។ រីឯ​ក្រុមហ៊ុន​អន​ឡាញ​កំពុង​ផុស​ឡើង​ច្រើន​ផងដែរ​។​
 
​អ្នកវិភាគ​នានា​បាន​វាយតម្លៃថា​ផលប៉ះពាល់​ពី​ជំងឺ​កូ​វីដ​១៩​លើ​អាស៊ាន​គឺមាន​ទំហំ​ធំ​ជាង​វិបត្តិ​សេដ្ឋកិច្ច​អាស៊ី​ក្នុង​ឆ្នាំ​១៩៩៧​និង​១៩៩៨ ហើយ​ដរាបណា​សេដ្ឋកិច្ចពិភពលោក​មិនទាន់​ងើបឡើង​វិញ​ទេ លទ្ធភាព​នៃ​ការរីកចម្រើន​របស់​អា​ស៊ាន​ក៏​ពិបាក​ផងដែរ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com